អេសាយ 16

ស្រុកម៉ូអាប់ស្រែកហៅក្រុងយេរូ‌សាឡឹមឲ្យជួយ

1 ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោ‌ស្ថាន

យកទៅថ្វាយព្រះ‌មហា‌ក្សត្រយូដា

ដែលគង់នៅភ្នំស៊ីយ៉ូន!

2 ស្ត្រីជន‌ជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូន

ជាកន្លែងទឹករាក់

ដូចបក្សីដែលគេដេញចេញពីសំបុក។

3 ស្ត្រីទាំងនោះអង្វរជន‌ជាតិយូដាថា៖

«សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ

សូមចាត់វិធាន‌ការជួយយើងខ្ញុំផង។

ក្នុងពេលថ្ងៃពេញកម្ដៅនេះ

សូមធ្វើជាម្លប់ដល់យើងខ្ញុំ

ដូចនៅពេលយប់ដែរ

សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ

ជ្រកកោនជាមួយបង‌ប្អូន

សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។

4 សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់

ជ្រកកោនជាមួយបង‌ប្អូនផង!

សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ!

ពេលណាចប់ការសង្កត់‌សង្កិន

និងការសម្លាប់រង្គាល

ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក

5 ពេលនោះ ព្រះ‌ជាម្ចាស់នឹងប្រទានឲ្យ

ព្រះ‌រាជ‌វង្សព្រះ‌បាទដាវីឌឡើងគ្រងរាជ្យ

ប្រកបដោយមេត្តាករុណា។

ព្រះ‌រាជានឹងគ្រប់‌គ្រងលើប្រជា‌ជន

ដោយស្មោះ‌ស្ម័គ្រ

ស្ដេចយកព្រះ‌ហឫទ័យទុកដាក់នឹងសេចក្ដីសុចរិត

ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជា‌ជន»។

ក្រុងយេរូ‌សាឡឹមពុំអាចជួយស្រុកម៉ូអាប់ឡើយ

6 ពេលនោះ ជន‌ជាតិយូដាតបវិញថា៖

«យើងបានឮគេនិយាយថាពួកម៉ូអាប់

ពូកែអួត‌អាងខ្លាំងណាស់

ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់

ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។

7 ប៉ុន្តែ ឥឡូវនេះ ជន‌ជាតិម៉ូអាប់បែរជា

សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។

ពួកគេយំសោកស្ដាយអាហារដែល

ធ្លាប់បរិភោគនៅគារ-‌ហារ៉ា‌សែត

ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។

8 ចម្ការដំណាំនៅហេស‌បូនត្រូវខូចខាតអស់

រីឯចម្ការទំពាំង‌បាយជូរនៅស៊ីបម៉ាក៏វិនាស

ហិន‌ហោចអស់ដែរ។

ចម្ការនេះធ្លាប់តែផ្ដល់ស្រាទំពាំង‌បាយជូរ

ឲ្យមេដឹកនាំប្រជា‌ជាតិនានា។

ចម្ការទំពាំង‌បាយជូរនេះធ្លាប់លាតសន្ធឹង

រហូតដល់យ៉ា‌ស៊ើរ

និងវាររហូតដល់វាលរហោ‌ស្ថាន

ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។

9 ហេតុនេះហើយបានជាយើងយំ

ជាមួយអ្នកស្រុកយ៉ា‌ស៊ើរ

ស្រណោះចម្ការទំពាំង‌បាយជូរនៅស៊ីបម៉ា។

យើងបង្ហូរទឹកភ្នែកស្រោចស្រព

ហេស‌បូន និងអេឡា‌លេ

ដ្បិតសង្គ្រាមបានធ្វើឲ្យភោគ‌ផលដំណាំ

របស់អ្នករាល់គ្នាវិនាសហិន‌ហោចអស់។

10 នៅតាមចម្ការដំណាំនោះ

លែងមានឮសម្រែកអរសប្បាយទៀតហើយ

រីឯក្នុងចម្ការទំពាំង‌បាយជូរ

ក៏គ្មាននរណាច្រៀងដោយអំណរ

ហើយក៏គ្មាននរណាគាបទំពាំង‌បាយជូរ

ដាក់ក្នុងធុងទៀតដែរ

គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។

11 ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង

អន្លង់‌អន្លោច ដូចសំឡេងពិណ

ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់

ខ្ញុំស្រណោះក្រុងគារ-‌ហារ៉ា‌សែត។

12 គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ

កន្លែងសក្ការៈតាមទួលខ្ពស់ៗ

យ៉ាងត្រដាប‌ត្រដួស

គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ

តែឥតបានផលអ្វីសោះ។

13 នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជន‌ជាតិម៉ូអាប់។

14 ឥឡូវនេះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជា‌ជនដ៏ច្រើនលើស‌លប់របស់ខ្លួន។ រីឯអ្នកដែលនៅសេស‌សល់មួយចំនួនតូចនឹងត្រូវអាប់អោន»។