អេសាយ 15

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់

1 សេចក្ដីប្រកាសស្ដីអំពីស្រុកម៉ូអាប់:

ក្រុងអើរ-‌ម៉ូអាប់មុខជាត្រូវហិន‌ហោច

និងវិនាសសូន្យក្នុងពេលតែមួយយប់ប៉ុណ្ណោះ!

ហើយក្រុងគៀរ-‌ម៉ូអាប់ក៏ត្រូវហិន‌ហោច

និងវិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!

2 ប្រជា‌ជននាំគ្នាឡើងទៅវិហារនៅឌីបូន

គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ

ជន‌ជាតិម៉ូអាប់នាំគ្នាសោកសង្រេង

ស្រណោះក្រុងនេបូ និងក្រុងមេឌី‌បា

គេកោរសក់ទាំងអស់គ្នា

ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។

3 នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ

ហើយគ្រប់ៗគ្នាយំសោកសង្រេង

នៅលើផ្ទះ និងនៅតាមទីផ្សារ។

4 នៅក្រុងហេស‌បូន និងអេឡា‌លេ

ប្រជា‌ជនស្រែកយំលាន់ឮ

រហូតដល់ក្រុងយ៉ាហាស់។

សូម្បីតែពួកទាហានរបស់ជន‌ជាតិម៉ូអាប់

ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។

5 ខ្ញុំយំអាណិតស្រុកម៉ូអាប់

ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ

ក្រុងអេក្លាត-‌សេលី‌ស្យ៉ា

ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគិត

ពួកគេស្រែកទ្រហោយំយ៉ាងអស់សង្ឃឹម

តាមផ្លូវទៅហូរ៉ូ‌ណែម

6 ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបឲ្យរីង

តិណ‌ជាតិក្រៀមស្វិតអស់

ស្មៅដ៏ខៀវខ្ចីក៏ងាប់អស់

ហើយរុក្ខ‌ជាតិក៏លែងមានទៀតដែរ។

7 ហេតុនេះហើយបានជាពួកគេប្រមែ‌ប្រមូល

អ្វីៗដែលនៅសល់នាំយកទៅទុក

នៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។

8 សម្រែករបស់ប្រជា‌ជនលាន់ឮជុំ‌វិញ

ព្រំ‌ដែនស្រុកម៉ូអាប់ទាំងមូល

ទំនួញរបស់ពួកគេឮទៅដល់អេក‌ឡែម

ទំនួញរបស់ពួកគេឮទៅដល់បៀរ-‌អេលីម។

9 ទឹកអូរដែលហូរកាត់ភូមិឌីម៉ូន

មានសុទ្ធតែឈាម

ហើយយើងនឹងធ្វើឲ្យទុក្ខវេទនា

កើតមានដល់ភូមិឌីម៉ូននេះថែមទៀត

គឺសត្វសិង្ហនឹងមកខាំជន‌ជាតិម៉ូអាប់

ដែលនៅសល់លើទឹកដីរបស់គេ។