អេសាយ 12

ទំនុក‌តម្កើងអរព្រះ‌គុណព្រះ‌អម្ចាស់

1 នៅគ្រានោះ ប្រជា‌ជននឹងពោលឡើងថា៖

«ឱព្រះ‌អម្ចាស់អើយ!

ទូលបង្គំនឹងលើកតម្កើងព្រះ‌អង្គ។

ពីមុន ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធនឹងទូលបង្គំ

ឥឡូវនេះ ព្រះ‌អង្គលែងព្រះ‌ពិរោធទៀតហើយ

គឺព្រះ‌អង្គសម្រាលទុក្ខទូលបង្គំ។

2 ព្រះ‌ជាម្ចាស់ជាព្រះ‌សង្គ្រោះរបស់ខ្ញុំ

ខ្ញុំផ្ញើជីវិតលើព្រះ‌អង្គ

ខ្ញុំលែងភ័យខ្លាចទៀតហើយ

ដ្បិតព្រះ‌អម្ចាស់ជាកម្លាំងរបស់ខ្ញុំ

ខ្ញុំនឹងច្រៀងថ្វាយព្រះ‌អង្គ

ព្រោះព្រះ‌អង្គបានសង្គ្រោះខ្ញុំ»។

3 ព្រះ‌ជាម្ចាស់ជាព្រះ‌សង្គ្រោះរបស់អ្នករាល់គ្នា

ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ

ដោយអំណរសប្បាយដ៏លើស‌លប់។

4 នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា:

ចូរអរព្រះ‌គុណព្រះ‌អម្ចាស់

ចូរប្រកាសព្រះ‌នាមរបស់ព្រះ‌អង្គ

ចូរថ្លែងពីស្នាព្រះ‌ហស្ដដ៏អស្ចារ្យរបស់ព្រះ‌អង្គ

ប្រាប់ប្រជា‌ជនទាំង‌ឡាយ។

ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា

ព្រះ‌នាមរបស់ព្រះ‌អង្គឧត្ដុង្គ‌ឧត្ដមណាស់។

5 ចូរស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អម្ចាស់

ដ្បិតព្រះ‌អង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត

ចូរប្រកាសពីការអស្ចារ្យទាំងនេះ

ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!

6 អ្នកក្រុងស៊ីយ៉ូនអើយ

ចូរនាំគ្នាបន្លឺសំឡេងជយ‌ឃោសដោយអំណរ!

ដ្បិតព្រះដ៏‌វិសុទ្ធរបស់ជន‌ជាតិអ៊ីស្រា‌អែល

ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា

ទ្រង់ឧត្ដុង្គ‌ឧត្ដម!