អេម៉ុស 9

និមិត្ត‌ហេតុអស្ចារ្យចុងក្រោយ

1 ខ្ញុំឃើញព្រះ‌អម្ចាស់របស់ខ្ញុំឈរលើ

អាសនៈ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖

«ចូរវាយក្បាលសសរឲ្យកក្រើក

រហូតដល់ជើងសសរ!

ចូរកិនកម្ទេចមេដឹកនាំរបស់

ពួកគេទាំងអស់គ្នា!

យើងនឹងប្រហារបរិវាររបស់ពួកគេ

ឲ្យវិនាសដោយមុខដាវ

គ្មាននរណាម្នាក់អាចរត់គេចខ្លួន

គ្មាននរណាម្នាក់រួចជីវិតបានឡើយ។

2 ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្ដី

ក៏យើងទៅអូសយកមកវិញ

ទោះបីពួកគេឡើងទៅដល់ស្ថាន‌សួគ៌ក្ដី

ក៏យើងទាញទម្លាក់ចុះមកវិញដែរ។

3 ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដី

ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ

ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ

ដើម្បីកុំឲ្យយើងឃើញក្ដី

ក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។

4 ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្ដី

ក៏យើងប្រើដាវឲ្យទៅតាមប្រហារពួកគេ

យើងនឹងតាមមើលពួកគេជា‌និច្ច

ដើម្បីធ្វើឲ្យពួកគេវេទនា

គឺមិនមែនផ្ដល់សេចក្ដីសុខទេ»។

5 ព្រះ‌ជា‌អម្ចាស់នៃពិភពទាំងមូលពាល់ផែនដី

នោះផែនដីរញ្ជួយញាប់‌ញ័រ

ប្រជា‌ជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។

ផែនដីកក្រើកឡើង ស្ងប់ទៅវិញ

ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង

រួចស្រកទៅវិញដែរ។

6 ព្រះ‌អង្គសង់ព្រះ‌ដំណាក់នៅលើមេឃ

ព្រះ‌អង្គដាក់លំហអាកាសនៅលើផែនដី

ព្រះ‌អង្គហៅទឹកសមុទ្រ

ឲ្យមកស្រោចស្រពផែនដី

ព្រះ‌អង្គមានព្រះ‌នាមថាព្រះ‌អម្ចាស់។

7 «កូនចៅអ៊ីស្រា‌អែលអើយ

យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង

ជន‌ជាតិអេត្យូ‌ពីទេ។

យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប

ហើយយើងក៏បាននាំជន‌ជាតិភីលីស្ទីន

ចេញពីស្រុកកាប់‌ថោរ

ព្រមទាំងនាំជន‌ជាតិស៊ីរីចេញពីស្រុកគៀរ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

8 យើងជាព្រះ‌ជា‌អម្ចាស់

យើងតាមមើលនគរដែលមានទោស

យើងនឹងកម្ទេចនគរនេះ

ឲ្យវិនាសបាត់ពីផែនដី។

ប៉ុន្តែ យើងនឹងមិនកម្ទេចកូនចៅលោកយ៉ាកុប

ឲ្យវិនាសសូន្យទាំងស្រុងទេ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

9 យើងបញ្ជាឲ្យគេរែងពូជ‌ពង្សអ៊ីស្រា‌អែល

ក្នុងចំណោមប្រជា‌ជាតិទាំងអស់

ដូចគេរែងយកថ្មចេញពីអង្ករ។

សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។

10 មនុស្សបាបក្នុងចំណោមប្រជា‌រាស្ត្ររបស់យើង

នឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នា

អ្នកទាំងនោះពោលថា:

“ព្រះ‌អង្គមិនធ្វើឲ្យទុក្ខវេទនាចូលមកជិត

ឬកើតមានដល់ពួកយើងឡើយ”។

ព្រះ‌បន្ទូលសន្យាស្ដារស្រុកអ៊ីស្រា‌អែលឡើងវិញ

11 «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌ

ដែលជិតរលំទៅហើយនោះឡើងវិញ

យើងនឹងជួស‌ជុលកន្លែងធ្លុះ‌ធ្លាយ

យើងនឹងលើកកន្លែងដែលរលំបាក់បែក

ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ

12 ដើម្បីឲ្យជន‌ជាតិអ៊ីស្រា‌អែលចាប់យក

ស្រុកអេដុមដែលនៅសេស‌សល់

ព្រមទាំងស្រុករបស់ប្រជា‌ជាតិទាំងអស់

ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

ដែលនឹងសម្រេចការទាំងនោះ។

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅគ្រាខាងមុខ

កាលណាគេច្រូតស្រូវរួចរាល់ហើយ

អ្នកភ្ជួរក៏មកភ្ជួរភ្លាម។

ក្រោយពេលសាបព្រោះស្រូវរួចហើយ

អ្នកជាន់ផ្លែទំពាំង‌បាយជូរ

ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។

ទឹកទំពាំង‌បាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ

យ៉ាងសម្បូណ៌ហូរ‌ហៀរ។

14 ពេលនោះ យើងនឹងនាំអ៊ីស្រា‌អែល

ជាប្រជា‌រាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ

ឲ្យត្រឡប់មកវិញ។

ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត

ដើម្បីស្នាក់នៅ។

ពួកគេនឹងដាំទំពាំង‌បាយជូរ

ហើយផឹកស្រាពីចម្ការទំពាំង‌បាយជូរនោះ។

ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ

ផលផ្លែពីចម្ការនោះដែរ។

15 យើងនឹងឲ្យពួកគេរស់នៅយ៉ាងស្ថិត‌ស្ថេរ

លើទឹកដីរបស់ខ្លួន

គ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុក

ដែលយើងបានប្រគល់ឲ្យពួកគេ

នេះទៀតឡើយ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

ជាព្រះរបស់អ្នក។