អេម៉ុស 7

និមិត្តហេតុអស្ចារ្យអំពីការវិនាសរបស់អ៊ីស្រា‌អែល

1 ព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅថ្វាយស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។

2 កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំទូលថា៖ «ព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមអត់‌ទោសឲ្យយើងខ្ញុំផង នគរអ៊ីស្រា‌អែលតូចណាស់ ធ្វើម្ដេចឲ្យយើងខ្ញុំនៅគង់‌វង្សបាន?»។

3 ព្រះ‌អម្ចាស់ដូរព្រះ‌ហឫទ័យ ហើយមានព្រះ‌បន្ទូលថា៖ «ហេតុ‌ការណ៍នេះនឹងមិនកើតមានទេ!»។

4 ព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យមួយទៀតដូចតទៅ: ព្រះ‌អង្គបានប្រើភ្លើងដើម្បីវិនិច្ឆ័យទោស។ ភ្លើងនោះធ្វើឲ្យទឹកនៅទីជម្រៅរីងស្ងួត ព្រមទាំងធ្វើឲ្យស្រុកអ៊ីស្រា‌អែលហួត‌ហែង។

5 ខ្ញុំទូលព្រះ‌អង្គថា៖ «ព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ ឈប់ធ្វើដូច្នេះទៅ នគរអ៊ីស្រា‌អែលតូចណាស់ធ្វើម្ដេចនឹងឲ្យយើងខ្ញុំនៅគង់‌វង្សបាន?»។

6 ព្រះ‌អម្ចាស់ដូរព្រះ‌ហឫទ័យ ហើយមានព្រះ‌បន្ទូលថា៖ «ហេតុ‌ការណ៍នេះ ក៏នឹងមិនកើតមានដែរ»។

7 ព្រះ‌អង្គបង្ហាញឲ្យខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺព្រះ‌អម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ព្រះ‌អង្គកាន់ខ្សែកូនតឹងមួយ។

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំទូលថា «ទូលបង្គំឃើញខ្សែកូនតឹង»។ ព្រះ‌អម្ចាស់របស់ខ្ញុំមានព្រះ‌បន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រា‌អែលជាប្រជា‌រាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។

9 កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ

នឹងត្រូវខ្ទេច‌ខ្ទី

ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រា‌អែល

ក៏នឹងត្រូវវិនាសដែរ។

យើងនឹងប្រហារក្រុមគ្រួសារ

របស់ស្ដេចយេរ៉ូ‌បោម ដោយមុខដាវ»។

លោកអេម៉ុសត្រូវគេដេញចេញពីទី‌សក្ការៈបេត‌អែល

10 ពេលនោះ លោកអម៉ា‌ស៊ា ជាបូជា‌ចារ្យនៅបេត‌អែល ចាត់គេឲ្យទៅទូលព្រះ‌បាទយេរ៉ូ‌បោម ជាស្ដេចស្រុកអ៊ីស្រា‌អែលថា៖ «លោកអេម៉ុសកំពុងញុះ‌ញង់ប្រជា‌ជនអ៊ីស្រា‌អែល ឲ្យបះ‌បោរប្រឆាំងនឹងព្រះ‌ករុណា។ ស្រុកយើងមិនអាចស៊ូ‌ទ្រាំនឹងពាក្យឃោស‌នារបស់គាត់ តទៅមុខទៀតបានឡើយ

11 ដ្បិតគាត់ពោលថា “ព្រះ‌បាទយេរ៉ូ‌បោមនឹងត្រូវសុគត ដោយមុខដាវ ហើយជន‌ជាតិអ៊ីស្រា‌អែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន”»។

12 លោកអម៉ា‌ស៊ាពោលមកកាន់ព្យាការីអេម៉ុសថា៖ «នែ៎! គ្រូទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។

13 កុំទាយនៅបេត‌អែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទី‌សក្ការៈរបស់ស្ដេច និងជាវិហារហ្លួង»។

14 ព្យាការីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាព្យាការី* ឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។

15 ប៉ុន្តែព្រះ‌អម្ចាស់យកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើងក្នុងនាមយើង”។

16 រីឯលោកវិញ លោកហាមខ្ញុំមិនឲ្យថ្លែងព្រះ‌បន្ទូលប្រឆាំងនឹងជន‌ជាតិអ៊ីស្រា‌អែល ហើយមិនឲ្យខ្ញុំស្ដីបន្ទោសពូជ‌ពង្សលោកអ៊ីសាក។ សូមលោកស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដូចតទៅ:

17 ព្រះ‌អង្គមានព្រះ‌បន្ទូលថា: ប្រពន្ធរបស់លោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់លោកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជា‌ជនអ៊ីស្រា‌អែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។