អេម៉ុស 4

1 ពួកជំទាវនៅក្រុងសាម៉ារីដែលប្រៀប

ដូចជាគោញីនៅស្រុកបាសានអើយ

ចូរនាំគ្នាស្ដាប់ពាក្យនេះ:

អ្នករាល់គ្នាជិះ‌ជាន់ជនទុគ៌ត

សង្កត់‌សង្កិនជនក្រីក្រ

ហើយពោលទៅប្ដីរបស់ខ្លួនថា

“ចូរយកស្រាមកផឹក!”។

2 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលយ៉ាងម៉ឺង‌ម៉ាត់

ក្នុងនាមព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធថា៖

«នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា

ដូចដោតត្រី។

3 អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង

តាមប្រឡោះកំពែងក្រុង

ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

អ៊ីស្រា‌អែលលែងញញើតនឹងប្រព្រឹត្តអំពើបាប

4 «ចូរទៅបេត‌អែល

ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ!

ចូរទៅគីលកាល

ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ!

ចូរធ្វើពិធីយញ្ញ‌បូជានៅពេលព្រឹក!

ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី!

5 កូនចៅអ៊ីស្រា‌អែលអើយ

ចូរធ្វើយញ្ញ‌បូជាអរព្រះ‌គុណជាមួយមេម្សៅ

ចូរស្រែកប្រកាសក្ដែងៗថា

អ្នករាល់គ្នាបានថ្វាយតង្វាយស្ម័គ្រចិត្ត

ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។

6 យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង

របស់អ្នករាល់គ្នា

ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។

ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រម

វិលមករកយើងវិញដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

7 យើងបានធ្វើឲ្យអ្នករាល់គ្នាខ្វះទឹកភ្លៀង

រហូតដល់បីខែមុនរដូវចម្រូត។

យើងបានឲ្យភ្លៀងធ្លាក់លើក្រុងមួយ

តែក្រុងមួយទៀតគ្មានភ្លៀងទេ

ចម្ការមួយទទួលទឹកភ្លៀង

រីឯចម្ការមួយទៀតត្រូវស្ងួតហួត‌ហែង

ព្រោះតែគ្មានទឹកភ្លៀង។

8 ក្រុងពីរ ឬក្រុងបីនាំគ្នាទៅរកទឹកផឹក

នៅក្រុងមួយទៀត

តែគេគ្មានទឹកល្មម ដើម្បីសំរន់ការស្រេកទេ។

ទោះបីយ៉ាងនេះក្ដី

ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

9 យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា

ស្កក និងមានក្រាស៊ី

ហើយចម្ការដំណាំ ចម្ការទំពាំង‌បាយជូរ

ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា

ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។

ទោះបីយ៉ាងនេះក្ដី

ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

10 យើងបានធ្វើឲ្យជំងឺអាសន្ន‌រោគ

រាត‌ត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។

យើងបានឲ្យខ្មាំងប្រហារយុវជន

របស់អ្នករាល់គ្នាដោយមុខដាវ

ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។

យើងបានធ្វើឲ្យមានក្លិនអសោច

សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។

ទោះបីយ៉ាងនេះក្ដី

ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

11 យើងបានបំផ្លាញអ្នករាល់គ្នា

ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូ‌រ៉ា

ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស

ដែលគេយកចេញពីភ្លើង។

ទោះបីយ៉ាងនេះក្ដី

ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

12 ហេតុនេះ អ៊ីស្រា‌អែលអើយ

យើងនឹងដាក់ទោសអ្នករាល់គ្នា។

អ៊ីស្រា‌អែលអើយ

ដោយយើងសម្រេចដាក់ទោសអ្នករាល់គ្នាដូច្នេះ

ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នក!»។

13 មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់

ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់

ព្រះ‌ហឫទ័យរបស់ព្រះ‌អង្គ

ព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត

ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី

ព្រះ‌អង្គមាននាមថាព្រះ‌អម្ចាស់

ជាព្រះនៃពិភពទាំងមូល។