អេម៉ុស 3

ពេលព្រះ‌អម្ចាស់មានព្រះ‌បន្ទូល ព្យាការីត្រូវតែថ្លែងប្រាប់ប្រជា‌ជន

1 ជន‌ជាតិអ៊ីស្រា‌អែលអើយ!

ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះ‌អម្ចាស់

មានព្រះ‌បន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។

«យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ

ដែលយើងបាននាំចេញពីស្រុកអេស៊ីប។

2 ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី

យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា

ប៉ុណ្ណោះទេ

ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា

ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន

ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។

3 បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា

ជាមុនសិនទេ

តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត?

4 បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ

តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ?

បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ

តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន?

5 បើគ្មាននុយទាក់‌ទាញទេ

តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ?

បើគ្មានសត្វជាប់ទេ

តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន?

6 បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ

តើប្រជា‌ជនមិនជ្រួល‌ច្របល់ឬ?

បើព្រះ‌អម្ចាស់មិនដាក់ទោសទេ

តើមហន្ត‌រាយអាចកើតមានដល់

ក្រុងណាមួយបានឬ?

7 យ៉ាងណា‌មិញ ពេលព្រះ‌ជា‌អម្ចាស់ធ្វើការអ្វីមួយ

ព្រះ‌អង្គតែងសម្តែងការលាក់កំបាំងប្រាប់

ពួកព្យាការីជាអ្នកបម្រើរបស់ព្រះ‌អង្គជា‌និច្ច។

8 ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច?

ពេលព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូល

តើនរណាមិនថ្លែងព្រះ‌បន្ទូលនេះ?

ការដាក់ទោសក្រុងសាម៉ារី

9 ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាស‌ដូឌ

និងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា:

ចូរទៅជួប‌ជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារី

ដើម្បីសង្កេតមើលអនា‌ធិបតេយ្យ

និងអយុត្តិ‌ធម៌ នៅទីនោះ។

10 ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ

ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស

ទៅដាក់ពេញប្រាសាទរបស់ខ្លួន

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

11 ហេតុនេះហើយបានជាព្រះ‌ជា‌អម្ចាស់

មានព្រះ‌បន្ទូលថា៖

«ខ្មាំងសត្រូវមកដល់ហើយ!

គេឡោម‌ព័ទ្ធស្រុកគេនឹងរំលំកំពែងដ៏រឹង‌មាំ

ហើយកម្ទេចប្រាសាទរបស់អ្នកទៀតផង»។

12 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ជន‌ជាតិអ៊ីស្រា‌អែលនៅក្រុងសាម៉ារី

ដែលដេកនៅលើគ្រែ និងលើកំរាលព្រំ

ដ៏មានតម្លៃពីស្រុកស៊ីរី

ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម

យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ

និងត្រចៀកមួយដុំតែប៉ុណ្ណោះ។

13 ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះ

ទៅប្រាប់កូនចៅលោកយ៉ាកុបផង

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់

ជាព្រះនៃពិភពទាំងមូល។

14 នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រា‌អែល

ព្រោះតែបទល្មើស

យើងក៏នឹងដាក់ទោសពួកគេ

ព្រោះតែអាសនៈនៅបេត‌អែលដែរ។

ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ

នឹងត្រូវបាក់បែកធ្លាក់ដល់ដី។

15 យើងនឹងធ្វើឲ្យដំណាក់រដូវរងា

និងដំណាក់រដូវក្ដៅរលំលើគ្នា

វិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែក

រីឯផ្ទះដ៏ស្កឹម‌ស្កៃនឹងត្រូវរលំអស់ដែរ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។