អេម៉ុស 2

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ដោយអ្នកស្រុកម៉ូអាប់បាន

ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង

យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ

ព្រោះពួកគេបានដុតធាតុរបស់ស្ដេច

ស្រុកអេដុមឲ្យទៅជាផេះ។

2 ហេតុនេះ យើងនឹងឲ្យភ្លើងឆាប‌ឆេះ

ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ

របស់ក្រុងកេរី‌យ៉ុតផង។

ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួល‌ច្របល់

សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។

3 យើងនឹងដកស្ដេចចេញពីពួកគេ

ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ»

នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកយូដា

4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ដោយអ្នកស្រុកយូដាបាន

ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា

យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ

ព្រោះពួកគេបានបោះបង់ចោល

ក្រឹត្យ‌វិន័យរបស់យើងជាព្រះ‌អម្ចាស់

ហើយមិនកាន់តាមច្បាប់របស់យើងទេ។

ពួកគេវង្វេងទៅតាមព្រះក្លែង‌ក្លាយ

ដូចដូនតារបស់ពួកគេដែរ។

5 ហេតុនេះ យើងនឹងឲ្យភ្លើងឆាប‌ឆេះ

ស្រុកយូដា ព្រមទាំងឆេះកម្ទេចប្រាសាទ

របស់ក្រុងយេរូ‌សាឡឹមផង»។

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអ៊ីស្រា‌អែល

6 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖

«ដោយអ្នកស្រុកអ៊ីស្រា‌អែលបាន

ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង

យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ

ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់

និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។

7 ពួកគេជិះ‌ជាន់សង្កត់‌សង្កិនជនទុគ៌ត

ហើយរំលោភសិទ្ធិប្រជា‌ជនតូច‌តាច។

កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់

ពួកគេធ្វើដូច្នេះ

ប្រមាថនាមដ៏‌វិសុទ្ធរបស់យើង។

8 នៅក្បែរអាសនៈរបស់ពួកគេ

ពួកគេដេកលើសម្លៀក‌បំពាក់ដែលអ្នកក្រ

យកមកបញ្ចាំ។

ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ

ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។

9 រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី

ដែលមានកំពស់ដូចដើមគគីរ

និងមានកម្លាំងដូចដើមម៉ៃ‌សាក់

ឲ្យវិនាសសាប‌សូន្យនៅមុខពួកគេ

គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។

10 យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប

និងដឹកនាំអ្នករាល់គ្នានៅវាលរហោ‌ស្ថាន

អស់រយៈពេលសែ‌សិបឆ្នាំ

ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។

11 យើងបានធ្វើឲ្យពួកព្យាការីងើបឡើង

ពីចំណោមកូនចៅរបស់អ្នករាល់គ្នា

និងឲ្យពួកណាសា‌រីត*ងើបឡើង

ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា

តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រា‌អែល?

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

12 ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសា‌រីត*

អ្នករាល់គ្នាហាមពួកព្យាការីមិនឲ្យ

ថ្លែងពាក្យក្នុងនាមយើង

13 ហេតុនេះ យើងនឹងកិនកម្ទេចអ្នករាល់គ្នា

ឲ្យខ្ទេច‌ខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់

ដែលនៅក្រោមកង់។

14 អ្នករហ័ស‌រហួនពុំអាចគេចខ្លួនបានឡើយ

អ្នកមានកម្លាំងខ្លាំង‌ក្លាមិនអាចបញ្ចេញកម្លាំង

អ្នកចំបាំងដ៏អង់‌អាចក៏ពុំអាចសង្គ្រោះជីវិត

របស់ខ្លួនបានដែរ។

15 អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន

អ្នកពូកែរត់ក៏រត់មិនរួច

អ្នកជិះសេះពុំអាចសង្គ្រោះជីវិត

របស់ខ្លួនបានដែរ។

16 នៅថ្ងៃនោះ អ្នកចំបាំងដ៏ក្លា‌ហានជាងគេ

នឹងរត់ទៅទាំងខ្លួនទទេ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។