អេភេសូ 2

គ្រិស្ដបរិស័ទឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិត

1 ចំពោះបង‌ប្អូន បង‌ប្អូនបានស្លាប់ ព្រោះតែកំហុស និងអំពើបាបរបស់បង‌ប្អូនរួចផុតទៅហើយ។

2 ពីដើម បង‌ប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះ គឺតាមវត្ថុស័ក្តិ‌សិទ្ធិដែលគ្រប់‌គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិ‌ពលនៅក្នុងអស់អ្នកប្រឆាំងនឹងព្រះ‌ជាម្ចាស់នៅបច្ចុប្បន្ន‌កាលនេះ។

3 រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភ‌លន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្តអំពើផ្សេងៗតាមបំណងចិត្តគំនិតរបស់លោកីយ៍។ ពីកំណើតមក យើងជាមនុស្សដែលត្រូវតែទទួលទោស ពីព្រះ‌ជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ

4 ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់ដែលតែងតែមានព្រះ‌ហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះ‌អង្គមានព្រះ‌ហឫទ័យស្រឡាញ់យើងខ្លាំងបំផុត

5 គឺទោះបីយើងស្លាប់ដោយ‌សារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះ‌អង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយព្រះ‌គ្រិស្ដវិញដែរ។ ព្រះ‌ជាម្ចាស់បានសង្គ្រោះបង‌ប្អូន ដោយ‌សារព្រះ‌គុណ។

6 ព្រះ‌អង្គបានប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ និងឲ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរម‌សុខ រួមជាមួយព្រះ‌អង្គដែរ។

7 ព្រះ‌អង្គបង្ហាញព្រះ‌ហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះ‌គុណដ៏ប្រសើរលើស‌លប់បំផុតរបស់ព្រះ‌អង្គ

8 ព្រះ‌អង្គសង្គ្រោះបង‌ប្អូនដោយ‌សារព្រះ‌គុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបង‌ប្អូនទេ គឺជាព្រះ‌អំណោយទានរបស់ព្រះ‌ជាម្ចាស់

9 ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។

10 យើងជាស្នាព្រះ‌ហស្ដដែលព្រះ‌ជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អដែលព្រះ‌អង្គបានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្តតាម។

ការរួប‌រួមគ្នាក្នុងអង្គព្រះ‌គ្រិស្ដ

11 ដូច្នេះ សូមបង‌ប្អូនចងចាំថា: ពីដើម បង‌ប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកកាត់ស្បែក» ហៅបង‌ប្អូនថា «ពួកមិនកាត់ស្បែក» ព្រោះគេសម្គាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។

12 កាលណោះ បង‌ប្អូននៅឆ្ងាយពីព្រះ‌គ្រិស្ដ គ្មានសិទ្ធិចូលជាតិអ៊ីស្រា‌អែល គ្មានទំនាក់‌ទំនងអ្វីនឹងសម្ពន្ធ‌មេត្រី* ដែលចងឡើងដោយព្រះ‌បន្ទូលសន្យារបស់ព្រះ‌ជាម្ចាស់ទេ បង‌ប្អូនរស់នៅក្នុងលោកនេះ ដោយគ្មានទីសង្ឃឹម ហើយក៏គ្មានព្រះ‌ជាម្ចាស់ដែរ។

13 កាលពីដើម បង‌ប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបង‌ប្អូនរួមក្នុងអង្គព្រះ‌យេស៊ូគ្រិស្ដ បង‌ប្អូនបានមកនៅជិតដោយ‌សារព្រះ‌លោហិតរបស់ព្រះ‌គ្រិស្ដ។

14 គឺព្រះ‌គ្រិស្ដហើយដែលជាសន្តិ‌ភាពរបស់យើង ព្រះ‌អង្គបានប្រមូលសាសន៍ទាំងពីរ ឲ្យរួមគ្នាមកជាប្រជា‌រាស្ត្រតែមួយ។ ក្នុងព្រះ‌កាយរបស់ព្រះ‌អង្គ ព្រះ‌អង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្តនឹងគ្នា។

15 ព្រះ‌អង្គបានលុបបំបាត់ក្រឹត្យ‌វិន័យ*ដែលមានបទ‌បញ្ជា និងក្បួនតម្រាផ្សេងៗចោល ដើម្បីបង្រួប‌បង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះ‌អង្គផ្ទាល់ ព្រមទាំងនាំសន្តិ‌ភាពមកផង។

16 ដោយព្រះ‌អង្គសោយទិវង្គតនៅលើឈើឆ្កាង ទ្រង់បានសម្រុះ‌សម្រួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះ‌ស្រួលជាមួយព្រះ‌ជាម្ចាស់វិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។

17 ព្រះ‌អង្គបានយាងមក«ទាំងនាំដំណឹង‌ល្អ*អំពីសន្តិ‌ភាពមកឲ្យបង‌ប្អូនដែលនៅឆ្ងាយ និងនាំសន្តិ‌ភាពមកឲ្យអស់អ្នកដែលនៅជិតដែរ»។

18 ដោយ‌សារព្រះ‌គ្រិស្ដនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះ‌បិតា ដោយរួមក្នុងព្រះ‌វិញ្ញាណតែមួយ។

19 ហេតុនេះ បង‌ប្អូនលែងជាជនបរទេស ឬជាអាណិក‌ជនទៀតហើយ គឺបង‌ប្អូនជាជនរួមជាតិជាមួយប្រជា‌ជនដ៏‌វិសុទ្ធ* និងជាក្រុមគ្រួសាររបស់ព្រះ‌ជាម្ចាស់។

20 ព្រះ‌អង្គបានកសាងបង‌ប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក* និងព្យាការី* ជាគ្រឹះ និងមានព្រះ‌គ្រិស្ដ‌យេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។

21 គឺព្រះ‌គ្រិស្ដហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចម្រើនឡើង ទៅជាព្រះ‌វិហារ*ដ៏‌វិសុទ្ធមួយ រួមជាមួយព្រះ‌អម្ចាស់។

22 រីឯបង‌ប្អូនក៏ដូច្នោះដែរ ដោយបង‌ប្អូនរួមជាមួយព្រះ‌អង្គ បង‌ប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ក្នុងព្រះ‌វិញ្ញាណ។

—https://d1b84921e69nmq.cloudfront.net/364/32k/EPH/2-f5e5065d3e4c20a874ed835f6b7b858d.mp3?version_id=85—