ហេប្រឺ 8

ព្រះ‌យេស៊ូជាមហាបូជា‌ចារ្យនៃសម្ពន្ធ‌មេត្រីថ្មី

1 គោលដ៏សំខាន់បំផុតក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជា‌ចារ្យ*មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះ‌ជាម្ចាស់ដ៏ឧត្ដុង្គ‌ឧត្ដមនៅស្ថានបរម‌សុខ។

2 ព្រះ‌អង្គនៅបម្រើក្នុងទី‌សក្ការៈ* និងក្នុងព្រះ‌ពន្លា*ដ៏ពិតប្រាកដ ដែលព្រះ‌អម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។

3 ចំពោះមហាបូជា‌ចារ្យគ្រប់ៗរូប គេតែង‌តាំងឲ្យថ្វាយតង្វាយ និងថ្វាយយញ្ញ‌បូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំ‌បាច់។

4 ប្រសិនបើព្រះ‌គ្រិស្ដគង់នៅផែន‌ដីនេះ ព្រះ‌អង្គមិនមែនជាបូជា‌ចារ្យទេ ព្រោះមានបូជា‌ចារ្យឯទៀតៗសម្រាប់យកតង្វាយទៅថ្វាយ ស្របតាមក្រឹត្យ‌វិន័យរួចស្រេចទៅហើយ។

5 អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរម‌សុខ ដូចព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះ‌ពន្លាថា:«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។

6 ឥឡូវនេះ ព្រះ‌គ្រិស្ដបានទទួលមុខ‌ងារប្រសើរជាងបូជា‌ចារ្យទាំងនោះទៅទៀត ព្រោះព្រះ‌អង្គជាស្ពាននៃសម្ពន្ធ‌មេត្រី*មួយប្រសើរជាង ជាសម្ពន្ធ‌មេត្រីដែលចងឡើង ដោយ‌សារព្រះ‌បន្ទូលសន្យាដ៏ប្រសើរជាង។

7 ប្រសិនបើសម្ពន្ធ‌មេត្រីមុនល្អឥតខ្ចោះហើយ មិនបាច់រកសម្ពន្ធ‌មេត្រីទីពីរមកជំនួសឡើយ។

8 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលស្ដីបន្ទោសប្រជា‌រាស្ត្ររបស់ព្រះ‌អង្គដូចតទៅ៖

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា

«បន្តិចទៀត យើងនឹងចងសម្ពន្ធ‌មេត្រីមួយថ្មី

ជាមួយពូជ‌ពង្សរបស់អ៊ីស្រា‌អែល

និងពូជ‌ពង្សរបស់យូដា។

9 សម្ពន្ធ‌មេត្រីថ្មីនេះមិនដូចសម្ពន្ធ‌មេត្រីដែល

យើងបានចងជាមួយបុព្វបុរសរបស់គេ

នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ

ចេញពីស្រុកអេស៊ីបឡើយ។

ពួកគេពុំបានគោរពតាមសម្ពន្ធ‌មេត្រី

ដែលយើងបានចងជាមួយគេនោះ

ឲ្យបានខ្ជាប់ខ្ជួនទេ

យើងក៏លែងរវី‌រវល់នឹងពួកគេដែរ»

នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

10 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា

«លុះគ្រានេះកន្លងផុតទៅ

យើងនឹងចងសម្ពន្ធ‌មេត្រីជាមួយពូជ‌ពង្ស

អ៊ីស្រា‌អែលដូចតទៅ:

យើងនឹងដាក់ក្រឹត្យ‌វិន័យរបស់យើងទាំងប៉ុន្មាន

ក្នុងប្រាជ្ញារបស់ពួកគេ

យើងនឹងចារក្រឹត្យ‌វិន័យទាំងនោះទុក

នៅក្នុងចិត្តរបស់ពួកគេ

យើងនឹងបានទៅជាព្រះរបស់ពួកគេ

ហើយគេជាប្រជា‌រាស្ត្ររបស់យើង។

11 ពេលនោះនឹងលែងមាននរណា

បង្រៀនជនរួមជាតិរបស់ខ្លួន

ហើយក៏លែងមាននរណានិយាយប្រាប់

បង‌ប្អូនរបស់ខ្លួនថា

“ត្រូវតែស្គាល់ព្រះ‌អម្ចាស់” ទៀតហើយ

ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ

គេនឹងស្គាល់យើងគ្រប់ៗគ្នា

12 ដ្បិតយើងនឹងអត់ឱនឲ្យគេ

ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត

ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេ

ទៀតដែរ»។

13 ដោយព្រះ‌អង្គហៅសម្ពន្ធ‌មេត្រីនេះ ថាជាសម្ពន្ធ‌មេត្រីថ្មីដូច្នេះ ព្រះ‌អង្គចាត់ទុកសម្ពន្ធ‌មេត្រីមុនថាជាសម្ពន្ធ‌មេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗ នោះមុខជាត្រូវសាប‌សូន្យបាត់ទៅមិនខាន។

—https://d1b84921e69nmq.cloudfront.net/364/32k/HEB/8-a8a1a21bb8a66401ab0b1bb4ae129855.mp3?version_id=85—