ហេប្រឺ 3

ព្រះ‌យេស៊ូមានឋានៈធំជាងលោកម៉ូសេ

1 បង‌ប្អូនដ៏‌វិសុទ្ធ*អើយ ព្រះ‌ជាម្ចាស់ក៏បានត្រាស់ហៅបង‌ប្អូនដែរ! ចូរគិតពិចារណាមើល អំពីព្រះ‌យេស៊ូ ជាទូតដែលព្រះ‌ជាម្ចាស់បានចាត់ឲ្យមក និងជាមហាបូជា‌ចារ្យ*ដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាស នោះទៅ។

2 ព្រះ‌យេស៊ូមានព្រះ‌ហឫទ័យស្មោះត្រង់ចំពោះព្រះ‌ជាម្ចាស់ ដែលបានតែង‌តាំងព្រះ‌អង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះ‌ដំណាក់ដែរ។

3 អ្នកសង់ផ្ទះមានកិត្តិយស ប្រសើរលើសផ្ទះយ៉ាងណា ព្រះ‌យេស៊ូក៏គួរនឹងទទួលសិរី‌រុងរឿងប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ

4 ដ្បិតផ្ទះទាំង‌ឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះ‌ជាម្ចាស់វិញ ព្រះ‌អង្គបានសង់គ្រប់អ្វីៗទាំងអស់។

5 ចំពោះលោកម៉ូសេ លោកមានចិត្តស្មោះត្រង់នឹងកិច្ចការក្នុងព្រះ‌ដំណាក់ទាំងមូល ក្នុងឋានៈលោកជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីព្រះ‌បន្ទូលដែលព្រះ‌ជាម្ចាស់នឹងថ្លែង។

6 រីឯព្រះ‌គ្រិស្ដវិញ ព្រះ‌អង្គមានព្រះ‌ហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះ‌បុត្រា ដែលគ្រប់‌គ្រងលើព្រះ‌ដំណាក់ផ្ទាល់របស់ព្រះ‌អង្គ គឺយើងទាំងអស់គ្នាហ្នឹងហើយជាព្រះ‌ដំណាក់របស់ព្រះ‌អង្គ ប្រសិនបើយើងនៅកាន់ចិត្តរឹង‌ប៉ឹង និងពឹងផ្អែក លើសេចក្ដីសង្ឃឹមរបស់យើង ជាប់ជា‌និច្ចមែននោះ។

7 ហេតុនេះ ដូចព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*មានព្រះ‌បន្ទូលថា៖

«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះ‌សូរសៀង

របស់ព្រះ‌អង្គ

8 មិនត្រូវមានចិត្តរឹង‌រូសដូចនៅគ្រាបះ‌បោរ

ក្នុងថ្ងៃដែលគេល្បង‌លព្រះ‌អង្គ

នៅវាលរហោស្ថាននោះឡើយ

9 បុព្វបុរសរបស់អ្នករាល់គ្នាបានល្បង‌លយើង

ដើម្បីសាកមើលយើង

ហើយគេឃើញកិច្ចការដែលយើងបានធ្វើ

ក្នុងអំឡុងពេលសែ‌សិបឆ្នាំ។

10 ហេតុនេះហើយបានជាយើងទាស់ចិត្តនឹង

មនុស្សនៅជំនាន់នោះណាស់

ហើយយើងបានពោលថា:

ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ

គេពុំស្គាល់មាគ៌ារបស់យើងឡើយ

11 យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា

មិនឲ្យពួកគេចូលមកសម្រាក

ជាមួយយើងជាដាច់ខាត»។

12 ដូច្នេះ បង‌ប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបង‌ប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះ‌ជាម្ចាស់ដ៏មានព្រះ‌ជន្មរស់។

13 ផ្ទុយទៅវិញ ចូរដាស់‌តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំឲ្យបង‌ប្អូនណាម្នាក់ប្រកាន់ចិត្តរឹង‌រូស ដោយចាញ់បោកបាប*។

14 ប្រសិនបើយើងរក្សាជំហររឹង‌ប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះ‌គ្រិស្ដហើយ

15 ព្រោះក្នុងគម្ពីរមានចែងថា

«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះ‌សូរសៀង

របស់ព្រះ‌អង្គ

មិនត្រូវមានចិត្តរឹង‌រូសដូចនៅគ្រាបះ‌បោរ

នោះឡើយ»។

16 តើនរណាខ្លះបានឮព្រះ‌សូរសៀងរបស់ព្រះ‌ជាម្ចាស់ ហើយបែរជានាំគ្នាបះ‌បោរ? អស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីបមកនោះឬ?

17 ក្នុងអំឡុងពេលសែ‌សិបឆ្នាំនោះ តើព្រះ‌ជាម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងនរណាខ្លះ? ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោ‌ស្ថាននោះឬ?

18 តើព្រះ‌អង្គបានប្ដេជ្ញាថាមិនឲ្យនរណាខ្លះចូលមកសម្រាកជាមួយព្រះ‌អង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះ‌អង្គនោះឬ?

19 ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសម្រាកមកពីពួកគេគ្មានជំនឿ។

—https://d1b84921e69nmq.cloudfront.net/364/32k/HEB/3-67aedecb254db4595923916317fd5d63.mp3?version_id=85—