ហូសេ 9

ប្រជា‌ជនរបស់ព្រះ‌ជាម្ចាស់នឹងបាត់បង់អ្វីៗទាំងអស់

1 អ៊ីស្រា‌អែលអើយ កុំត្រេក‌អរ

និងសប្បាយរីក‌រាយ

ដូចជាតិសាសន៍ឯទៀតៗឡើយ

ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យា‌ចារ

ដោយបោះបង់ចោលព្រះរបស់ខ្លួន

អ្នកចូលចិត្តទទួលកំរៃមិនបរិសុទ្ធ

ដោយធ្វើពិធីសែន‌ព្រេននៅតាម

លានបោកស្រូវ។

2 ប៉ុន្តែ ពួកគេនឹងមិនស្គាល់រស‌ជាតិស្រូវ

ដែលគេបោកបែន ឬប្រេងដែលគេគាប

ហើយស្រាទំពាំង‌បាយជូរថ្មី ក៏គ្មានទៀតដែរ។

3 ពួកគេនឹងលែងរស់នៅលើទឹកដីរបស់ព្រះ‌អម្ចាស់

អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញ

ហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធ

នៅស្រុកអាស្ស៊ីរី។

4 ពួកគេនឹងលែងធ្វើពិធីច្រួច‌ស្រាថ្វាយព្រះ‌អម្ចាស់

យញ្ញ‌បូជារបស់ពួកគេមិនគាប់ព្រះ‌ហឫទ័យ

របស់ព្រះ‌អង្គឡើយ។

សាច់នៃយញ្ញ‌បូជាដែលពួកគេបរិភោគ

ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ

អស់អ្នកដែលបរិភោគអាហារនោះ

នឹងក្លាយទៅជាជនមិនបរិសុទ្ធ។

អាហាររបស់គេបានត្រឹមតែ

ចំអែតក្រពះប៉ុណ្ណោះ

គេមិនអាចយកចូលមកក្នុងដំណាក់របស់

ព្រះ‌អម្ចាស់បានឡើយ។

5 តើអ្នករាល់គ្នាធ្វើយ៉ាងណានៅថ្ងៃបុណ្យ

សំខាន់ៗ និងថ្ងៃបុណ្យរបស់ព្រះ‌អម្ចាស់?

6 មើលចុះ! ពួកគេចាកចេញទៅ

ព្រោះតែទឹកដីរបស់ពួកគេត្រូវអន្តរាយ។

ស្រុកអេស៊ីបទទួលពួកគេ

ពួកគេនឹងស្លាប់ចោលឆ្អឹងនៅក្រុងណូប

ចោលទ្រព្យ‌សម្បត្តិធ្វើពីប្រាក់ នៅក្នុងគុម្ពខ្ញែ

ហើយបន្លាដុះនៅពេញទីលំ‌នៅរបស់ពួកគេ។

7 អ៊ីស្រា‌អែលត្រូវតែដឹងថា

គ្រាដែលព្រះ‌ជាម្ចាស់ដាក់ទោស មកដល់ហើយ

គឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើ

ដែលខ្លួនបានប្រព្រឹត្ត។

ព្យាការីក្លាយទៅជាមនុស្សឡប់‌សតិ

ហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាង

ក្លាយទៅជាមនុស្សវង្វេងស្មារតី

ព្រោះតែកំហុសដ៏ធ្ងន់

និងអំពើឃោរ‌ឃៅដ៏ច្រើនរបស់អ្នក។

8 អ្នកយាម‌ល្បាតឲ្យអេប្រាអ៊ីម គឺព្យាការី

ស្ថិតនៅជាមួយព្រះរបស់ខ្ញុំ។

គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិស‌ទី

ហើយគេប្រឆាំងនឹងគាត់

នៅក្នុងដំណាក់នៃព្រះរបស់គាត់។

9 ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយ

កាន់តែខ្លាំងឡើងៗ ដូចគ្រានៅគីបៀរដែរ

ព្រះ‌អម្ចាស់នឹកឃើញអំពើអាក្រក់របស់ពួកគេ

ហើយព្រះ‌អង្គនឹងដាក់ទោសពួកគេ

តាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។

10 «ពីដើម យើងឃើញអ៊ីស្រា‌អែល

ដូចជាផ្លែទំពាំង‌បាយជូរនៅវាលរហោ‌ស្ថាន

យើងបានឃើញដូនតារបស់អ្នករាល់គ្នា

ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។

ពួកគេទៅដល់បាល-‌ពេអ៊រ

ហើយនាំគ្នាគោរពបម្រើព្រះដ៏គំរក់

ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម

ដូចព្រះក្លែង‌ក្លាយជាទីស្រឡាញ់របស់ខ្លួន។

11 កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ

ដូចសត្វស្លាបដែលហើរបាត់ទៅ

គឺគ្មានទារកកើតទៀតទេ

ហើយគ្មានទារកនៅក្នុងផ្ទៃ

ឬទារកមកចាប់ផ្ទៃទៀតដែរ។

12 ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗ

យើងនឹងដកកូនទាំងនោះចេញពីពួកគេ

មុនពេលវាធំពេញវ័យ។

កាលណាយើងចាកចេញពីពួកគេ

ពួកគេពិតជាត្រូវវេទនាមិនខាន!

13 យើងឃើញថា អេប្រាអ៊ីមប្រៀបបាននឹង

ក្រុងទីរ៉ុសដែលស្ថិតនៅកន្លែងសុខស្រួល

តែអេប្រាអ៊ីមត្រូវបញ្ជូនកូនរបស់ខ្លួន

ទៅឲ្យគេសម្លាប់ ដូចសត្វម្រឹគ»។

14 ព្រះ‌អម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះ

តើត្រូវធ្វើទោសពួកគេរបៀបណា?

គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេ

មិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។

15 «អំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ

លេចចេញមកយ៉ាងច្បាស់នៅគីល‌កាល់

គឺនៅទីនោះហើយដែលយើងចាប់ផ្ដើម

ស្អប់ខ្ពើមពួកគេ។

ដោយពួកគេប្រព្រឹត្តអំពើអាក្រក់

យើងនឹងដេញពួកគេចេញពី

ដំណាក់របស់យើង។

យើងលែងស្រឡាញ់ពួកគេទៀតហើយ

មេដឹកនាំទាំងប៉ុន្មានរបស់ពួកគេ

សុទ្ធតែជាជនបះ‌បោរ។

16 អេប្រាអ៊ីមត្រូវបណ្ដាសាហើយ

ឫសរបស់ពួកគេក្រៀមស្ងួតអស់

ពួកគេពុំអាចបង្កើតផលបានឡើយ។

ប្រសិនបើពួកគេបង្កើតកូន

នោះយើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់

របស់ពួកគេបាត់បង់ជីវិត»។

17 ព្រះរបស់ខ្ញុំនឹងបោះបង់ចោលពួកគេ

ព្រោះពួកគេមិនបានស្ដាប់តាមព្រះ‌អង្គទេ។

ដូច្នេះ ពួកគេនឹងខ្ចាត់ព្រាត់ទៅនៅ

ក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ។