ហូសេ 6

ប្រជា‌ជនពិតជាវិលមករកព្រះ‌អម្ចាស់មែនឬ?

1 អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក!

ពួកយើងវិលទៅរកព្រះ‌អម្ចាស់វិញ។

ព្រះ‌អង្គបានធ្វើឲ្យពួកយើងរបួស

ព្រះ‌អង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ

ព្រះ‌អង្គបានប្រហារពួកយើង

ព្រះ‌អង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។

2 ពីរថ្ងៃទៀត ព្រះ‌អង្គនឹងប្រទានជីវិត

មកពួកយើងវិញ។

នៅថ្ងៃទីបី ព្រះ‌អង្គនឹងលើកពួកយើងឡើងវិញ

ហើយពួកយើងនឹងរស់នៅជាមួយព្រះ‌អង្គ។

3 យើងត្រូវយកចិត្តទុកដាក់ស្គាល់ព្រះ‌អម្ចាស់

ឲ្យបានច្បាស់

ព្រះ‌អង្គប្រាកដជាយាងមកជួយពួកយើង

គឺពិតដូចថ្ងៃរះ។

ព្រះ‌អង្គនឹងយាងមកប្រោសពួកយើង

ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដី

តាមរដូវកាល”។

4 «អេប្រាអ៊ីមអើយ!

តើឲ្យយើងជួយអ្នកដូចម្ដេចបាន?

យូដាអើយ!

តើឲ្យយើងជួយអ្នកដូចម្ដេចបាន

បើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើង

ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម

និងទឹកសន្សើមនៅពេលព្រឹក

ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ!

5 ហេតុនេះហើយបានជាយើងប្រើពួកព្យាការី

ឲ្យទៅវាយអ្នករាល់គ្នា។

យើងប្រហារអ្នករាល់គ្នា

ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។

ការវិនិច្ឆ័យរបស់យើង មកដល់ដូចផ្លេកបន្ទោរ

6 ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ

គឺមិនចង់បានយញ្ញ‌បូជាទេ

យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង

ជាជាងយកតង្វាយដុតមកឲ្យយើង។

7 ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ

សម្ពន្ធ‌មេត្រី* ដូចអដាំ

គឺអ្នករាល់គ្នាបានក្បត់យើង។

8 កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។

9 ក្រុមបូជា‌ចារ្យ*ប្រហារជីវិតមនុស្ស

នៅតាមផ្លូវទៅស៊ីគែម

ដូចពួកចោរលបចាំប្លន់មនុស្សដែរ

ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!

10 ក្នុងចំណោមប្រជា‌ជនអ៊ីស្រា‌អែល

យើងបានឃើញហេតុ‌ការណ៍ដ៏គួរស្អប់ខ្ពើម

គឺអំពើពេស្យា‌ចាររបស់អេប្រាអ៊ីម

បានធ្វើឲ្យអ៊ីស្រា‌អែលទៅជាសៅហ្មង។

11 យូដាអើយ អ្នកក៏ដូច្នោះដែរ

យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។

លុះដល់ពេលយើងត្រូវនាំប្រជា‌រាស្ត្រ

របស់យើងដែលជាប់ជាឈ្លើយមកវិញ