ហូសេ 5

1 បូជា‌ចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ!

ពូជ‌ពង្សអ៊ីស្រា‌អែលអើយ ចូរផ្ចង់ចិត្ត!

ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់!

គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌

ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា

អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ

2 អ្នករាល់គ្នាជីករណ្ដៅដ៏ជ្រៅនៅគីទីម

យើងនឹងវាយប្រដៅអ្នកទាំងអស់គ្នាពុំ‌ខាន។

3 យើងស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់

យើងមើលអ៊ីស្រា‌អែលធ្លុះទាំងអស់។

អេប្រាអ៊ីមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យា‌ចារ

ដែលធ្វើឲ្យអ៊ីស្រា‌អែលទៅជាសៅហ្មង។

4 អំពើដែលពួកគេប្រព្រឹត្ត

រារាំងពួកគេមិនឲ្យវិលត្រឡប់មករក

ព្រះរបស់ខ្លួនវិញបានឡើយ

ដ្បិតពួកគេគិតតែពីប្រព្រឹត្តអំពើពេស្យា‌ចារ

ពួកគេពុំស្គាល់ព្រះ‌អម្ចាស់ទេ។

5 អំនួតរបស់អ៊ីស្រា‌អែលចោទប្រកាន់ខ្លួនឯង

អ៊ីស្រា‌អែល និងអេប្រាអ៊ីម ជំពប់ដួល

ព្រោះតែកំហុសរបស់ខ្លួន

ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។

6 ពួកគេនាំគ្នាស្វែងរកព្រះ‌អម្ចាស់

ដោយយកចៀម និងគោទៅជាមួយ

ដើម្បីថ្វាយយញ្ញ‌បូជា

តែពួកគេរកព្រះ‌អង្គពុំឃើញឡើយ

ព្រោះព្រះ‌អង្គបោះបង់ចោលពួកគេហើយ។

7 ពួកគេបានក្បត់ព្រះ‌អម្ចាស់

ដោយបង្កើតកូនឥតខាន់‌ស្លា។

ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា

មហន្ត‌រាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។

សង្គ្រាមផ្ទៃក្នុងរវាងអ៊ីស្រា‌អែល និងយូដា

8 ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ!

ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា!

ចូរស្រែកហ៊ោនៅបេតអាវេន!

បេន‌យ៉ាមីន ចូរប្រយ័ត្នខាងក្រោយខ្នងអ្នក!

9 នៅថ្ងៃព្រះ‌ជាម្ចាស់ដាក់ទោស

អេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។

យើងប្រាប់ដំណឹងដ៏ពិតឲ្យកុល‌សម្ព័ន្ធនានា

នៃជន‌ជាតិអ៊ីស្រា‌អែលដឹងជាមុន។

10 មេដឹកនាំរបស់ជន‌ជាតិយូដាប្រៀបបាននឹង

អស់អ្នកដែលបង្ខិតបង្គោលរបង

យើងនឹងជះកំហឹងរបស់យើងលើពួកគេ

ដូចទឹកហូរយ៉ាងខ្លាំង។

11 អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស

ហើយត្រូវគេជិះ‌ជាន់សង្កត់‌សង្កិន

ព្រោះអេប្រាអ៊ីមរត់ទៅពឹង‌ពាក់លើអ្វីៗ

ដែលឥតបានការ ។

12 រីឯយើងវិញ យើងប្រៀបបាននឹងអង្គែ

ដែលស៊ីពួកអេប្រាអ៊ីម

ហើយដូចដំបៅស៊ីរូងពួកយូដា។

13 អេប្រាអ៊ីមឃើញរោគរបស់ខ្លួន

យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ

ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី

គេចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅអធិរាជ

ប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នា

ឬព្យាបាលដំបៅអ្នករាល់គ្នា

ឲ្យជាសះបានឡើយ។

14 យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម

និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី

គឺយើងនេះហើយដែលហែកពួកគេ

រួចយើងចាកចេញទៅ

ទាំងពាំពួកគេយកទៅជាមួយ

ឥតមាននរណាអាចរំដោះពួកគេបានឡើយ។

15 យើងនឹងវិលទៅដំណាក់របស់យើងវិញ

រហូតទាល់តែពួកគេសារភាពថាខ្លួនខុស

ហើយស្វែងរកយើង។

នៅពេលមានអាសន្ន

ពួកគេនឹងវិលមករកយើងវិញជាមិនខាន។