1 ចូរហៅបងប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី”
ចូរហៅបងប្អូនស្រីរបស់អ្នករាល់គ្នាថា
“រូហាម៉ា” ។
ជនជាតិអ៊ីស្រាអែលប្រៀបបាននឹងភរិយាក្បត់ចិត្ត
2 ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ
ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ
ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ!
ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា
ចេញពីមុខរបស់ខ្លួន
ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី
ចេញពីដើមទ្រូងរបស់ខ្លួនទៅ!
3 បើមិនដូច្នោះទេ
យើងនឹងយកសម្លៀកបំពាក់ចេញពីនាង
ទុកឲ្យខ្លួននៅទទេ
ដូចថ្ងៃដែលនាងទើបនឹងកើត
យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។
យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង
យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
4 យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ
ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី
អំពើពេស្យាចារ។
5 ម្ដាយរបស់ពួកគេជាស្រីពេស្យា
ស្រីដែលពរផ្ទៃពួកគេ
បានប្រព្រឹត្តអំពើដ៏អាម៉ាស់
នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ
ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក
រោមចៀម និងក្រណាត់ទេសឯក
សម្រាប់បិទបាំងកាយ
ព្រមទាំងប្រេង និងស្រាផង។
6 ហេតុនេះហើយបានជាយើងយកបន្លា
មកស្រះផ្លូវរបស់នាង
យើងដាក់របងឃាំងនាង
ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។
7 នាងខំរត់តាមគូស្នេហ៍របស់នាង
តែតាមពួកគេមិនទាន់ទេ
នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។
នាងក៏ពោលថា:
បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ
ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
8 នាងពុំបានយល់ថា គឺយើងឯណេះទេ
ដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង
យើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរ
តែនាង បែរជាយករបស់ទាំងនោះសែន
ព្រះបាលទៅវិញ។
9 ហេតុនេះបានជាយើងនឹងវិលមកយក
ស្រូវរបស់យើងវិញ នៅរដូវចម្រូត
យើងនឹងយកស្រាថ្មីរបស់យើងវិញ
នៅរដូវបេះផ្លែទំពាំងបាយជូរ
យើងក៏នឹងយករោមចៀម
និងក្រណាត់ទេសឯក
សម្រាប់បិទបាំងកាយនាងទៅវិញដែរ។
10 ឥឡូវនេះ យើងបើកកេរខ្មាសនាង
នៅចំពោះមុខគូស្នេហ៍របស់នាង
គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
11 យើងធ្វើឲ្យនាងបាត់បង់
ការសប្បាយទាំងប៉ុន្មាន
ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី
បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន
ក៏លែងមានទៀតដែរ។
12 យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ
និងចម្ការឧទុម្ពររបស់នាង
ព្រោះនាងពោលថា ចម្ការទាំងនោះ
ជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។
យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ
ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
13 យើងដាក់ទោសនាង តាមចំនួនថ្ងៃ
ដែលនាងបានដុតគ្រឿងក្រអូបសែន
ព្រះបាលទាំងឡាយ
នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក
រត់តាមគូស្នេហ៍របស់នាង។
រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14 ហេតុនេះយើងនឹងទាក់ទាញចិត្តនាង
ដោយនាំនាងទៅវាលរហោស្ថាន
យើងនឹងនិយាយលួងលោមចិត្តនាង។
15 ពេលនោះ យើងនឹងប្រគល់ចម្ការ
ទំពាំងបាយជូរឲ្យនាងវិញ។
ជ្រលងភ្នំអាកោរ នឹងក្លាយទៅជាទ្វារ
នាំនាងទៅរកសេចក្ដីសង្ឃឹម។
នៅទីនោះ នាងនឹងឆ្លើយតបមកយើង
ដូចគ្រានាងនៅពីក្មេង
គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
16 នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”
គឺនាងលែងហៅយើងថា
“ព្រះម្ចាស់នាងខ្ញុំ!” ទៀតហើយ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
17 យើងនឹងឲ្យនាងលែងបញ្ចេញ
ឈ្មោះព្រះបាលទាំងនោះទៀត
គឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។
18 នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី
ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ
ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង
យើងនឹងកាច់បំបាក់ធ្នូ និងដាវ
មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ
គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
19 យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ជាដរាបតរៀងទៅ
យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ដោយសុចរិត និងយុត្តិធម៌
ដោយភក្ដីភាព និងអាណិតអាសូរ។
20 យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ដោយចិត្តស្មោះស្ម័គ្រ
ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។
21 នៅថ្ងៃនោះ យើងនឹងឆ្លើយតប
ពាក្យអង្វររបស់ពួកគេ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀង
យើងនឹងធ្វើឲ្យដីបង្កើតផល
តាមសេចក្ដីត្រូវការ។
22 ផែនដីនឹងធ្វើឲ្យមានស្រូវ
ព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេង
តាមសេចក្ដីត្រូវការរបស់វាលយេសរាល។
23 យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។
យើងនឹងស្រឡាញ់ឡូរូហាម៉ា
យើងនឹងហៅឡូអាំមីថា
“ប្រជារាស្ដ្ររបស់យើង”
ហើយគេនឹងពោលមកយើងថា
“ព្រះនៃទូលបង្គំ!”។