ហូសេ 12

ទោសរបស់កូនចៅលោកយ៉ាកុប

1 «អេប្រាអ៊ីមចេះតែនាំគ្នាបោក

បញ្ឆោតយើង

កូនចៅអ៊ីស្រា‌អែលចេះតែបោក‌ប្រាស់យើង»

តែយូដាស្ថិតនៅជាប់នឹងព្រះ‌ជាម្ចាស់នៅឡើយ

គេស្មោះត្រង់នឹងព្រះដ៏‌វិសុទ្ធ។

2 អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ

គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។

រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់

និងប្រព្រឹត្តអំពើឃោរ‌ឃៅកាន់តែច្រើនឡើងៗ។

អេប្រាអ៊ីមចងសម្ពន្ធ‌មិត្តជាមួយស្រុកអាស្ស៊ីរី

ហើយយកប្រេងទៅចងមិត្ត‌ភាពជាមួយ

ស្រុកអេស៊ីប។

3 ព្រះ‌អម្ចាស់ក៏មានសំណុំរឿងជាមួយយូដាដែរ

ព្រះ‌អង្គនឹងដាក់ទោសកូនចៅលោកយ៉ាកុប

ព្រោះតែមារយាទអាក្រក់របស់ពួកគេ

ព្រះ‌អង្គតបស្នងទៅពួកគេវិញ

តាមអំពើដែលខ្លួនប្រព្រឹត្ត។

4 ពេលនៅក្នុងផ្ទៃម្ដាយ

លោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួន

លុះដល់ពេលធំពេញវ័យ

គាត់បានបោក‌ចំបាប់ជាមួយព្រះ‌ជាម្ចាស់។

5 គាត់បានបោក‌ចំបាប់ជាមួយទេវតា

គាត់បានឈ្នះទេវតានោះ

រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។

គាត់បានជួបព្រះ‌ជាម្ចាស់នៅបេត‌អែល

គឺនៅទីនោះហើយដែលព្រះ‌អង្គ

មានព្រះ‌បន្ទូលមកកាន់គាត់ ។

6 ព្រះ‌អង្គជាព្រះនៃពិភពទាំងមូល

ព្រះ‌នាមរបស់ព្រះ‌អង្គ គឺព្រះ‌អម្ចាស់។

7 ចំពោះអ្នកវិញ ចូរវិលមករកព្រះរបស់អ្នក

ចូរកាន់ចិត្តសុចរិត និងយុត្តិធម៌

ចូរសង្ឃឹមទុកចិត្តលើព្រះ‌អង្គរហូតតទៅ។

8 ប្រជា‌ជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃ

ដូចកាណាន ដែរ

គេចូលចិត្តកេង‌ប្រវ័ញ្ចអ្នកផ្សេង។

9 អេប្រាអ៊ីមពោលថា:

“ខ្ញុំរកស៊ីមានបាន ខ្ញុំមានធន‌ធាន

ដោយ‌សារកម្លាំងញើសរបស់ខ្ញុំទាំងស្រុង

គឺខ្ញុំគ្មានធ្វើអ្វីខុសឡើយ”។

10 «ប៉ុន្តែ យើងជាព្រះ‌អម្ចាស់

យើងជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីបមក។

យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទម

សាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់ ។

11 យើងនឹងនិយាយទៅកាន់ពួកព្យាការី

យើងនឹងសម្តែងនិមិត្ត‌ហេតុដ៏អស្ចារ្យជាច្រើន

ហើយយើងក៏នឹងចោទជាប្រស្នា

តាមរយៈពួកព្យាការីដែរ»។

12 អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិត

ដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។

ពួកគេចេះតែយកគោមកធ្វើយញ្ញ‌បូជា

នៅគីលកាល

ហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជា

គំនរឥដ្ឋនៅរាត់‌រាយតាមចម្ការដែលគេភ្ជួរ។

13 លោកយ៉ាកុបភៀសខ្លួនទៅនៅស្រុកអើ‌រ៉ាម

លោកអ៊ីស្រា‌អែលបម្រើគេ

ព្រោះចង់បានប្រពន្ធ

គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។

14 ព្រះ‌អម្ចាស់បានប្រើព្យាការីមួយរូបឲ្យនាំ

ជន‌ជាតិអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប

ហើយព្រះ‌អង្គប្រើព្យាការីឲ្យមើលថែទាំ

ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ។

15 អេប្រាអ៊ីមបានធ្វើឲ្យព្រះ‌អម្ចាស់

ខកព្រះ‌ហឫទ័យយ៉ាងខ្លាំង

ព្រះ‌អម្ចាស់របស់គេនឹងដាក់ទោសគេ

ព្រោះគេបានបង្ហូរឈាម។

ព្រះ‌អង្គដាក់ទោសគេ

ព្រោះគេព្រហើនដាក់ព្រះ‌អង្គ។