ហូសេ 11

ការរមិល‌គុណរបស់ជន‌ជាតិអ៊ីស្រា‌អែល

1 «កាលអ៊ីស្រា‌អែលនៅពីក្មេង

យើងបានស្រឡាញ់អ៊ីស្រា‌អែល

យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប ។

2 យើង បានហៅគេមកយ៉ាងណា

គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។

ប្រជា‌ជនរបស់យើងនាំគ្នាធ្វើយញ្ញ‌បូជា

សែនព្រះបាលទាំង‌ឡាយ

ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា

ចំពោះរូបបដិមា។

3 យើងនេះហើយដែលបានកាន់ដៃ

និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ

តែគេមិនទទួលស្គាល់ថា យើងថែ‌រក្សាគេទេ។

4 យើងបានណែ‌នាំគេដោយចិត្តអាណិត‌អាសូរ

និងដោយចិត្តស្រឡាញ់។

យើងបានថ្នាក់‌ថ្នមគេ

ដូចឪពុកលើកកូនមកបីថើប

ហើយយើងអោនកាយបញ្ចុកចំណីដល់គេ។

5 ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ

ជន‌ជាតិអាស្ស៊ីរីនឹងគ្រប់‌គ្រងលើពួកគេ

ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក

យើងវិញទេ។

6 សង្គ្រាមនឹងបំផ្លិច‌បំផ្លាញក្រុងរបស់ពួកគេ

ព្រមទាំងរំលំកំពែងការពារក្រុង

ហើយកម្ទេចអ្វីៗទាំងអស់។

នេះហើយជាលទ្ធ‌ផលនៃនយោ‌បាយ

របស់អ៊ីស្រា‌អែល។

7 ប្រជា‌ជនរបស់យើងនៅតែរឹងចចេស

បោះបង់ចោលយើងរហូត

យើងហៅពួកគេឲ្យងើបមើលមកយើង

តែគ្មាននរណារវី‌រវល់តម្កើងយើងទេ ។

8 អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ

អ្នកយ៉ាងដូចម្ដេច?

អ៊ីស្រា‌អែលអើយ តើយើងអាចប្រគល់អ្នក

ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ?

តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច

ក្រុងអាដម៉ាឬ?

តើយើងគួរធ្វើឲ្យអ្នកបានដូច

ក្រុងសេបោឬ?

ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌ‌កម្មអ្នកទេ

យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។

9 យើងមិនអាចប្រព្រឹត្ត

តាមកំហឹងដ៏ខ្លាំង‌ក្លារបស់យើង

យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម

ព្រោះយើងជាព្រះ‌ជាម្ចាស់

មិនមែនជាមនុស្សទេ!

យើងជាព្រះដ៏‌វិសុទ្ធដែលស្ថិតនៅជាមួយអ្នក

យើងមិនមែនមក ដោយកំហឹងឡើយ។

10 ពួកគេនឹងដើរតាមព្រះ‌អម្ចាស់

ព្រះ‌អង្គនឹងបន្លឺព្រះ‌សូរសៀងដូចសត្វសិង្ហ

ពេលឮព្រះ‌អង្គបន្លឺព្រះ‌សូរសៀង

កូនចៅរបស់ព្រះ‌អង្គនឹងប្រញាប់រត់ចេញ

ពីស្រុកខាងលិចទាំងញ័ររន្ធត់។

11 ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីប

ដូចហ្វូងចាបទាំងញ័ររន្ធត់

ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាប

យើងនឹងនាំពួកគេមករស់នៅក្នុងលំ‌នៅ‌ដ្ឋាន

របស់ខ្លួនវិញ»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។