ហាកាយ 1

ពេលត្រូវសង់ព្រះ‌វិហារឡើងវិញ

1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារី‌យូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូ‌បាបិល ជាកូនរបស់លោកសាល‌ធាល និងជាទេសា‌ភិបាលនៃអាណា‌ខេត្តយូដា ព្រមទាំងលោកមហាបូជា‌ចារ្យយេសួរ ជាកូនរបស់លោកយ៉ូសា‌ដាក ដូចតទៅ:

2 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖ «ប្រជា‌ជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឡើងវិញទេ”»។

3 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកពួកគេតាមរយៈព្យាការីហាកាយ ដូចតទៅ៖

4 «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ

តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់‌តែង

ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។

5 ឥឡូវនេះព្រះ‌អម្ចាស់នៃពិភពទាំងមូល

មានព្រះ‌បន្ទូលថា៖

«ចូររិះគិតអំពីសភាព‌ការណ៍របស់អ្នករាល់គ្នា!

6 អ្នករាល់គ្នាសាបព្រោះច្រើន

តែច្រូតបានផលតិច

អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត

អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់

អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ

អ្នកធ្វើការទទួលប្រាក់ឈ្នួល

តែដូចជាទុកនៅក្នុងថង់កណ្ដាច»។

7 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖

«ចូររិះគិតអំពីសភាព‌ការណ៍របស់អ្នករាល់គ្នា!

8 ចូរនាំគ្នាឡើងទៅលើភ្នំ

យកឈើមកសង់ដំណាក់របស់យើង។

យើងពេញចិត្តនឹងដំណាក់នេះ

ហើយយើងនឹងបង្ហាញសិរី‌រុងរឿងរបស់យើង»

នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

9 «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន

តែអ្នករាល់គ្នាទទួលបានតិច។

អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ

តែយើងបានផ្លុំបំបាត់អស់ទៅ។

ហេតុអ្វីបានជាដូច្នេះ?

គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ

ហើយអ្នករាល់គ្នាគិតតែខ្នះ‌ខ្នែង

ពីរឿងផ្ទះសំបែងរបស់ខ្លួន

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់

នៃពិភពទាំងមូល។

10 ហេតុនេះហើយបានជាមេឃទប់មិនឲ្យ

មានភ្លៀងធ្លាក់

ដីក៏មិនផ្ដល់ភោគ‌ផលឲ្យអ្នករាល់គ្នាដែរ។

11 យើងនឹងធ្វើឲ្យកើតរាំងស្ងួត

គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ

លើចម្ការទំពាំង‌បាយជូរ លើចម្ការអូលីវ

លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។

ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ

ឥតបង្កើតបានផលអ្វីឡើយ»។

12 ព្យាការីហាកាយបាននាំយកព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូ‌បាបិល ជាកូនរបស់លោកសាល‌ធាល និងលោកមហាបូជា‌ចារ្យយេសួរ ជាកូនរបស់លោកយ៉ូសា‌ដាក ព្រមទាំងប្រជា‌ជនទាំងប៉ុន្មានដែលនៅសេស‌សល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេ មានព្រះ‌បន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះ‌អម្ចាស់។

13 លោកហាកាយ ដែលព្រះ‌អម្ចាស់ចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជា‌ជន តាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

14 ព្រះ‌អម្ចាស់ដាស់ស្មារតីលោកសូរ៉ូ‌បាបិល ជាកូនរបស់លោកសាល‌ធាល និងជាទេសា‌ភិបាលរបស់អាណា‌ខេត្តយូដា ព្រមទាំងលោកមហាបូជា‌ចារ្យយេសួរ ជាកូនរបស់លោកយ៉ូសា‌ដាក ហើយព្រះ‌អង្គក៏ដាស់ស្មារតីរបស់ប្រជា‌ជនដែលនៅសេស‌សល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ

15 នៅថ្ងៃទីម្ភៃបួន ខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារី‌យូស។