សេផា‌នី 2

ចូរកែប្រែចិត្តគំនិត

1 ប្រជា‌ជាតិដែលមិនចេះខ្មាសអើយ

ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា

2 មុនពេលព្រះ‌អម្ចាស់ប្រកាសដាក់ទោស

មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់‌ខ្ចាយដូចចំបើង

ប៉ើងតាមខ្យល់

និងមុនពេលព្រះ‌អម្ចាស់ធ្វើទោសអ្នករាល់គ្នា

នៅថ្ងៃព្រះ‌អង្គទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង!

3 អ្នកទាំងអស់គ្នាជាមនុស្សទន់‌ទាប

នៅក្នុងស្រុកអើយ

អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះ‌អង្គ

ដូច្នេះ ចូរស្វែងរកព្រះ‌អម្ចាស់ទៅ។

ចូរស្វែងរកសេចក្ដីសុចរិត ហើយបន្ទាបខ្លួន

នោះអ្នករាល់គ្នាប្រហែលបានរួចជីវិត

នៅថ្ងៃព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធ។

ព្រះ‌បន្ទូលប្រឆាំងនឹងជាតិសាសន៍នានា ដែលនៅជុំ‌វិញស្រុកអ៊ីស្រា‌អែល

4 ក្រុងកាសានឹងត្រូវប្រជា‌ជនបោះបង់ចោល

ក្រុងអាស្កា‌ឡូននឹងក្លាយទៅជាទីស្មសាន

ក្រុងអាស‌ដូឌនឹងត្រូវគេកៀរប្រជា‌ជនចេញ

ទាំងកណ្ដាលថ្ងៃត្រង់

ក្រុងអេក្រូននឹងត្រូវគេដកទាំងឫស។

5 ប្រជា‌ជាតិកេរេ‌ធីមដែលរស់នៅតាមឆ្នេរសមុទ្រ

មុខជាត្រូវវេទនាពុំ‌ខាន

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលប្រឆាំងនឹង

អ្នករាល់គ្នាថា៖ «ទឹកដីកាណាន

ស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នក

លែងឲ្យមានប្រជា‌ជនរស់នៅទៀតហើយ។

6 ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជា

វាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វ

និងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។

7 កូនចៅយូដាដែលនៅសេស‌សល់នឹង

ប្រើទឹកដីនេះសម្រាប់ឃ្វាលហ្វូងសត្វរបស់ខ្លួន។

ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កា‌ឡូន

ធ្វើជាជម្រកស្នាក់អាស្រ័យនៅពេលយប់។

ព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេធ្វើដូច្នេះ

ដើម្បីជាប្រយោជន៍ដល់ពួកគេ នៅពេល

ព្រះ‌អង្គស្ដារស្រុករបស់ពួកគេឡើងវិញ។

8 «យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់

និងអ្នកស្រុកអាំម៉ូនជេរប្រមាថ

ត្មះ‌តិ‌ដៀលប្រជា‌រាស្ត្ររបស់យើង

ព្រមទាំងឈ្លាន‌ពានទឹកដីរបស់គេផង។

9 ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ

យើងប្រកាសយ៉ាងម៉ឺង‌ម៉ាត់ថា:

ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម

ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូ‌រ៉ាដែរ

គឺជាកន្លែងដែលមានបន្លាដុះពាស‌ពេញ

ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។

ប្រជា‌រាស្ត្ររបស់យើងដែលនៅសេស‌សល់

នឹងរឹបអូសយកទ្រព្យរបស់ពួកគេ

ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង»

– នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភព

ទាំងមូល ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល។

10 ហេតុ‌ការណ៍កើតមានដូច្នេះ បណ្ដាលមកពី

ពួកគេមានអំនួត ពួកគេត្មះ‌តិះ‌ដៀល

ប្រជា‌រាស្ត្ររបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល

ព្រមទាំងឈ្លាន‌ពានទឹកដីរបស់គេទៀតផង។

11 ព្រះ‌អម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាច

ដ្បិតព្រះ‌អង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មាន

ឲ្យអស់ពីផែនដី

ប្រជា‌ជាតិដែលរស់នៅតាមកោះទាំង‌ឡាយ

នឹងនាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌អង្គ

នៅតាមកន្លែងរបស់គេរៀងៗខ្លួន។

12 «ជន‌ជាតិអេត្យូ‌ពីអើយ

អ្នករាល់គ្នាក៏ដូច្នោះដែរ

យើងនឹងចាក់ទម្លុះអ្នករាល់គ្នា

ដោយដាវរបស់យើង»។

13 ព្រះ‌អម្ចាស់នឹងលើកព្រះ‌ហស្ដវាយប្រហារ

ស្រុកខាងជើង

ព្រះ‌អង្គនឹងកម្ទេចស្រុកអាស្ស៊ីរី

ព្រះ‌អង្គនឹងធ្វើឲ្យក្រុងនីនីវេ

ក្លាយទៅជាទីស្មសាន

ជាកន្លែងហួត‌ហែងដូចវាលរហោ‌ស្ថាន។

14 ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ

ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំ‌ប្រមា

ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។

សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។

ក្របទ្វារផ្ទះបាក់បែកអស់

ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។

15 មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ

ស្គាល់តែសេចក្ដីសុខ‌សាន្ត ហើយតែងគិតថា

គ្មាននរណាផ្ទឹមស្មើនឹងខ្លួន

បានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។

អស់អ្នកដែលដើរកាត់តាមនោះ

នាំគ្នាស្រឡាំង‌កាំង ហើយព្រឺសម្បុរ។