សុភាសិត 19

1 មនុស្សក្រីក្រតែរស់នៅដោយទៀង‌ត្រង់ ប្រសើរជាងមនុស្សល្ងង់និយាយភូត‌ភរ។

2 ខ្វះការចេះដឹងមិនប្រសើរទេ សម្រាប់មនុស្ស ហើយអ្នកដែលប្រញាប់ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយ រមែងមានកំហុស។

3 ភាពល្ងី‌ល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួន ហើយគេបែរជាខឹងនឹងព្រះ‌អម្ចាស់ទៅវិញ។

4 ទ្រព្យសម្បត្តិរមែងធ្វើឲ្យមានមិត្ត‌ភក្ដិច្រើន រីឯអ្នកក្រវិញ មិត្ត‌ភក្ដិតែងតែបោះ‌បង់ចោល។

5 សាក្សីក្លែង‌ក្លាយចៀសមិនផុតពីទណ្ឌ‌កម្មទេ រីឯមនុស្សកុហកភូត‌ភរក៏មិនរួចខ្លួនដែរ។

6 មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។

7 មនុស្សក្រីក្រគ្មានបង‌ប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្ត‌ភក្ដិក៏បោះ‌បង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។

8 អ្នកណាចេះគិតពិចារណា អ្នកនោះស្រឡាញ់ខ្លួនឯង អ្នកណារក្សាការយល់ដឹង អ្នកនោះមានសុភមង្គល។

9 សាក្សីក្លែង‌ក្លាយចៀសមិនផុតពីទណ្ឌ‌កម្មទេ រីឯមនុស្សកុហកភូត‌ភរ ក៏មិនរួចខ្លួនដែរ។

10 ជីវ‌ភាពខ្ពង់‌ខ្ពស់មិនស័ក្ដិ‌សមនឹងមនុស្សខ្លៅទេ ហើយលើសពីនេះ អ្នកបម្រើក៏មិនសមត្រួត‌ត្រាលើមេដឹកនាំដែរ។

11 មនុស្សមានសុភ‌និច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។

12 សេចក្ដីក្រោធរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។

13 កូនល្ងង់រមែងធ្វើឲ្យឪពុកហិន‌ហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។

14 ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភ‌និច្ឆ័យវិញ ជាអំណោយទានពីព្រះ‌អម្ចាស់។

15 ការខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សងោក‌ងុយ ហើយមនុស្សច្រអូសត្រូវអត់បាយ។

16 អ្នកប្រតិបត្តិតាមដំបូន្មានរមែងរក្សាជីវិតខ្លួន រីឯអ្នកធ្វេស‌ប្រហែសនឹងមារយាទរបស់ខ្លួនមុខជាត្រូវវិនាស។

17 អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យព្រះ‌អម្ចាស់ខ្ចី ព្រះ‌អង្គនឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។

18 ចូរប្រដៅកូនក្នុងពេលដែលអ្នកមានសង្ឃឹមថានឹងអាចកែវាបាន កុំខឹងរហូតដល់ធ្វើឲ្យវាស្លាប់នោះឡើយ។

19 មនុស្សកំរោលឃោរ‌ឃៅរមែងទទួលពិន័យ បើមិនដាក់ទោសជននោះទេ អ្នកនឹងបណ្ដោយឲ្យគេនៅតែមានកំរោលដដែល។

20 ចូរស្ដាប់ឱវាទ និងទទួលការប្រៀន‌ប្រដៅ នោះអ្នកនឹងមានប្រាជ្ញា។

21 មនុស្សគិត‌គូរគម្រោង‌ការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោង‌ការរបស់ព្រះ‌អម្ចាស់ប៉ុណ្ណោះ ដែលសម្រេចជារូបរាង។

22 ចិត្តស្មោះត្រង់ជាគុណសម្បត្តិរបស់មនុស្ស ហេតុនេះហើយបានជាមនុស្សក្រីក្រប្រសើរជាងមនុស្សកុហក។

23 ការគោរពកោតខ្លាចព្រះ‌អម្ចាស់នាំទៅរកជីវិត អ្នកធ្វើដូច្នេះនឹងបានសប្បាយ ហើយដេកលក់យ៉ាងស្កប់‌ស្កល់ឥតមានកង្វល់អ្វីឡើយ។

24 មនុស្សខ្ជិលច្រអូសលូកដៃក្នុងចាន តែពុំយកម្ហូបមកដាក់ក្នុងមាត់ទេ។

25 បើអ្នកវាយមនុស្សចំអកឡក‌ឡឺយ អ្នកនឹងធ្វើឲ្យមនុស្សភ្លើចេះកែគំនិត។ បើអ្នកស្ដីបន្ទោសមនុស្សឆ្លាត អ្នកនឹងធ្វើឲ្យគេយល់អំពីចំណេះ។

26 អ្នកណាធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន អ្នកនោះជាកូនដែលនាំឲ្យអាម៉ាស់មុខ និងអាប់យស។

27 កូនអើយ! បើអ្នកលែងស្ដាប់ការប្រៀន‌ប្រដៅ អ្នកមុខជាវង្វេងចេញឆ្ងាយពីចំណេះដឹង។

28 ជនពាលធ្វើជាសាក្សីតែងតែប្រមាថយុត្តិធម៌ ព្រោះមនុស្សអាក្រក់និយមពោលពាក្យទុច្ចរិត។

29 មនុស្សចំអកឡក‌ឡឺយត្រូវតែទទួលទោស រីឯមនុស្សល្ងង់ខ្លៅត្រូវរំពាត់ស៊ីខ្នង។