សុភាសិត 13

1 កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេ។

2 មនុស្សម្នាក់ៗទទួលផលល្អដោយ‌សារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សក្បត់រមែងទទួលអំពើហិង្សា។

3 អ្នកណាចេះប្រយ័ត្នពាក្យសម្ដី អ្នកនោះការពារជីវិតរបស់ខ្លួន រីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាស។

4 សេចក្ដីប៉ង‌ប្រាថ្នារបស់មនុស្សខ្ជិល មិនដែលបានសម្រេចទេ រីឯមនុស្សឧស្សាហ៍ រមែងទទួលនូវអ្វីៗដែលខ្លួនចង់បាន។

5 មនុស្សសុចរិតតែងតែស្អប់ពាក្យកុហក រីឯមនុស្សអាក្រក់តែងតែនិយាយមួលបង្កាច់ និងបង្ខូចឈ្មោះគេ។

6 សេចក្ដីសុចរិតតែងតែការ‌ពារមនុស្សទៀង‌ត្រង់ រីឯអំពើបាបបណ្ដាលឲ្យមនុស្សអាក្រក់វិនាស។

7 អ្នកខ្លះតាំងខ្លួនជាអ្នកមានតែក្ររហាម រីឯអ្នកខ្លះទៀតដាក់ខ្លួនជាអ្នកក្រតែមានស្ដុក‌ស្ដម្ភ។

8 អ្នកមានតែងតែអាងលើទ្រព្យ ដើម្បីធានាជីវិតរបស់ខ្លួន រីឯអ្នកក្រីក្រវិញ គ្មាននរណាគំរាម‌កំហែងគេឡើយ។

9 មនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះ‌ត្រចង់ រីឯមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់។

10 ការវាយ‌ឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។

11 ទ្រព្យរកបានរហ័ស បាត់‌បង់ក៏រហ័សដែរ រីឯទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។

12 ការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្ត រីឯការសម្រេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។

13 អ្នកណាមើល‌ងាយព្រះ‌បន្ទូល អ្នកនោះរមែងមានទោស រីឯអ្នកដែលគោរពព្រះ‌បញ្ជាតែងតែទទួលរង្វាន់។

14 ការប្រៀន‌ប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិត ហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្ដីស្លាប់។

15 មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។

16 មនុស្សឆ្លាតរមែងគិតមុននឹងគូរ រីឯមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងី‌ល្ងើរបស់ខ្លួន។

17 អ្នកនាំសារដែលជាមនុស្សអាក្រក់ តែងតែធ្លាក់ខ្លួនអន្តរាយ រីឯទូតដ៏ស្មោះត្រង់តែងតែនាំសេចក្ដីសុខ។

18 អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើល‌ងាយ រីឯអ្នកដែលសុខចិត្តទទួលការស្ដីប្រដៅ តែងតែមានកិត្តិយស។

19 សេចក្ដីប៉ង‌ប្រាថ្នាដែលបានសម្រេច រមែងនាំឲ្យសប្បាយចិត្ត រីឯមនុស្សខ្លៅមិនចូលចិត្តលះ‌បង់គំនិតអាក្រក់របស់ខ្លួនចោលទេ។

20 នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេព‌គប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។

21 មនុស្សមានបាបតែងតែជួបនឹងទុក្ខវេទនា រីឯមនុស្សសុចរិតតែងតែទទួលសុភមង្គលទុកជារង្វាន់។

22 មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។

23 ស្រែចម្ការដែលជនក្រីក្រភ្ជួររាស់ តែងតែបង្កើតផលយ៉ាងបរិបូណ៌ ប៉ុន្តែ មានអ្នកខ្លះស្លាប់ ព្រោះតែខ្វះយុត្តិធម៌។

24 អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ រីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវា។

25 មនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាប រីឯមនុស្សអាក្រក់តែងតែអត់បាយ។