សាស្ដា 8

បញ្ហាជីវិតដែលដោះស្រាយមិនរួច

1 តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ព្រឹត្តិ‌ការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើឲ្យផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់‌បំប្រែទឹកមុខដ៏មួហ្មងរបស់គេផង។

2 ចូរប្រព្រឹត្តតាមពាក្យរបស់ស្ដេច ដោយយល់ពាក្យដែលយើងបានសច្ចាចំពោះព្រះ‌ជាម្ចាស់

3 កុំបោះបង់ចោលស្ដេចឲ្យសោះ ហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្ដេចមិនគាប់ព្រះ‌ហឫទ័យដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗបានទាំងអស់តាមព្រះ‌រាជបំណង។

4 ស្ដេចមានរាជ‌ឱង្ការយ៉ាងណាក្ដី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្ដេចថា “ហេតុអ្វីបានជាព្រះ‌ករុណាធ្វើដូច្នេះ” បានឡើយ។

5 អ្នកធ្វើតាមបទ‌បញ្ជា មិនដែលជួបនឹងទុក្ខទោសឡើយ។ ចិត្តរបស់មនុស្សមានប្រាជ្ញាតែងតែចេះសម្គាល់មើលកាលៈ‌ទេសៈ និងការវិនិច្ឆ័យ។

6 អ្វីៗទាំងអស់ដែលមនុស្សប្រព្រឹត្តនឹងត្រូវទទួលការវិនិច្ឆ័យ នៅពេលអំពើអាក្រក់របស់មនុស្សកើនដល់កម្រិត។

7 មនុស្សពុំអាចដឹងហេតុ‌ការណ៍ដែលនឹងកើតមាននៅអនាគត‌កាលបានឡើយ គ្មាននរណាម្នាក់ប្រាប់ឲ្យគេដឹងទេ។

8 មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។

9 ពេលខ្ញុំសង្កេតមើលកិច្ចការទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ខ្ញុំយល់ឃើញដូចតទៅនេះ: មានពេលខ្លះ មនុស្សត្រួត‌ត្រាលើមនុស្សដូចគ្នា ដែលធ្វើឲ្យគេរងទុក្ខវេទនា។

10 ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់។ អ្នកទាំងនោះធ្លាប់ចូលមកក្នុងទី‌សក្ការៈ ប៉ុន្តែ នៅក្នុងទីក្រុង អ្នកក្រុងមិននឹកចាំពីអំពើដែលអ្នកទាំងនោះបានប្រព្រឹត្តឡើយ។ ត្រង់នេះទៀតក៏ឥតបានការដែរ។

11 មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។

12 ទោះបីមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺន‌យូរយ៉ាងណាក្ដី ក៏ខ្ញុំយល់ឃើញថា មានតែអស់អ្នកកោតខ្លាចព្រះ‌ជាម្ចាស់ប៉ុណ្ណោះ ដែលបានសេចក្ដីសុខ ព្រោះគេគោរពព្រះ‌អង្គ។

13 មនុស្សអាក្រក់មិនដែលបានសេចក្ដីសុខទេ ហើយក៏គ្មានអាយុវែងដែរ គឺមិនយូរជាងស្រមោលឡើយ ព្រោះគេមិនគោរពព្រះ‌ជាម្ចាស់។

14 មានការឥតប្រយោជន៍មួយទៀត នៅលើផែនដី គឺមនុស្សសុចរិតទទួលផលវិបាកដែលបម្រុងទុកសម្រាប់មនុស្សទុច្ចរិត ហើយមនុស្សទុច្ចរិតទទួលរង្វាន់ដែលបម្រុងទុកសម្រាប់មនុស្សសុចរិត។ ដូចខ្ញុំបានពោលរួចមកហើយថា ត្រង់នេះក៏ឥតបានការដែរ។

15 ដូច្នេះ ខ្ញុំឲ្យតម្លៃទៅលើការសប្បាយ ដ្បិតនៅលើផែនដីនេះគ្មានអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការស៊ីផឹក និងសប្បាយរីក‌រាយឡើយ។ គេត្រូវតែធ្វើដូច្នេះ ថែមពីលើការ‌ងារដ៏នឿយ‌ហត់ ដែលគេបំពេញក្នុងពេលព្រះ‌ជាម្ចាស់ប្រទានឲ្យគេរស់នៅលើផែនដីនេះ។

16 ពេលខ្ញុំយកចិត្តទុកដាក់ស្វែងយល់អំពីប្រាជ្ញា ហើយសង្កេតមើលការខ្វល់ខ្វាយរបស់មនុស្សនៅលើផែនដី គឺគេខ្វល់ខ្វាយទាំងថ្ងៃទាំងយប់ ដេកពុំលក់

17 នោះខ្ញុំក៏យល់ឃើញថា ហេតុ‌ការណ៍ទាំងអស់សុទ្ធតែកើតមកពីព្រះ‌ជាម្ចាស់។ គ្មាននរណាម្នាក់អាចយល់ពីហេតុ‌ការណ៍ ដែលកើតមាននៅលើផែនដីនេះបានឡើយ ទោះបីមនុស្សខិត‌ខំស្វែងយល់យ៉ាងណាក្ដី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះ‌អាងថា ខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។