សាស្ដា 1

អ្វីៗទាំងអស់សុទ្ធតែឥតបានការ

1 នេះជាពាក្យរបស់សាស្ដា ជាបុត្ររបស់ព្រះ‌បាទដាវីឌ និងជាព្រះ‌មហា‌ក្សត្រនៅក្រុងយេរូ‌សាឡឹម។

2 សាស្ដាបានថ្លែងថា: អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ។

3 មនុស្សខំប្រឹងធ្វើការយ៉ាងនឿយ‌ហត់នៅលើផែនដី តើបានប្រយោជន៍អ្វី?

4 មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិត‌ស្ថេរដដែល។

5 ព្រះ‌អាទិត្យរះឡើង រួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។

6 ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។

7 ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។

8 អ្វីៗទាំងអស់សុទ្ធតែច្រំ‌ដែលៗ រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើល តែមិនចេះស្កប់ ត្រចៀកត្រង‌ត្រាប់ស្ដាប់ តែមិនចេះធុញ‌ទ្រាន់។

9 ហេតុ‌ការណ៍ដែលធ្លាប់មានកាលពីមុន ក៏នឹងមាននៅពេលខាងមុខ ការអ្វីៗដែលគេធ្វើពីមុន គេនឹងធ្វើនៅពេលខាងមុខដែរ គឺនៅលើផែនដី គ្មានការអ្វីថ្មីសោះឡើយ។

10 ប្រសិនបើគេពោលអំពីហេតុ‌ការណ៍អ្វីមួយថា «នេះជាហេតុ‌ការណ៍ថ្មី» តោងដឹងថាហេតុ‌ការណ៍នោះធ្លាប់កើតមាន តាំងពីបុរាណកាលរួចស្រេចទៅហើយ។

11 គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុ‌ការណ៍ដែលនឹងកើតឡើងនៅអនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។

បទពិសោធរបស់សាស្ដា

12 ខ្ញុំសាស្ដា ខ្ញុំគ្រងរាជ្យលើស្រុកអ៊ីស្រា‌អែលនៅក្រុងយេរូ‌សាឡឹម។

13 ខ្ញុំខិត‌ខំស្វែងរក និងយកប្រាជ្ញាមករិះគិតពិចារណាអំពីអ្វីៗទាំងប៉ុន្មាន ដែលកើតមាននៅក្រោមមេឃនេះ។ ព្រះ‌ជាម្ចាស់តម្រូវឲ្យមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយ‌ហត់បំផុត។

14 ខ្ញុំបានឃើញថាស្នា‌ដៃទាំងប៉ុន្មាន ដែលមនុស្សធ្វើនៅលើផែនដី សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។

15 អ្វីៗដែលកោង ពុំអាចបត់ឲ្យត្រង់វិញបានឡើយ ហើយអ្វីៗដែលខ្វះក៏ពុំអាចរាប់បានដែរ។

16 ខ្ញុំរិះគិតថា: ខ្ញុំមានប្រាជ្ញាកាន់តែច្រើនឡើងៗ លើសស្ដេចឯទៀតៗ ដែលគ្រងរាជ្យនៅក្រុងយេរូ‌សាឡឹមមុនខ្ញុំ។ ខ្ញុំមានបទពិសោធជាច្រើនអំពីប្រាជ្ញា និងការចេះដឹង។

17 ខ្ញុំខិត‌ខំស្វែងយល់អំពីប្រាជ្ញា ព្រមទាំងស្វែងយល់អំពីភាពលេលា និងការវង្វេងស្មារតី។ ខ្ញុំយល់ឃើញថា សូម្បីតែត្រង់នេះក៏ដូចដេញចាប់ខ្យល់ដែរ

18 ដ្បិតមានប្រាជ្ញាច្រើន មានទុក្ខកង្វល់ក៏ច្រើន ហើយមានការចេះដឹងច្រើន មានទុក្ខព្រួយក៏ច្រើនដែរ។