សាការី 6

និមិត្ត‌ហេតុអស្ចារ្យអំពីរទេះបួន

1 ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។

2 រទេះទីមួយទឹមដោយសេះសម្បុរក្រហម រទេះទីពីរទឹមដោយសេះសម្បុរខ្មៅ

3 រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។

4 ខ្ញុំក៏សួរទេវតាដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។

5 ទេវតាតបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលព្រះ‌អម្ចាស់នៃផែនដីទាំងមូលគង់នៅ»។

6 សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។

7 សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះ‌អម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។

8 ព្រះ‌អង្គហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំវិញ្ញាណរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។

ព្រះ‌បន្ទូលណែ‌នាំ និងព្រះ‌បន្ទូលសន្យា ស្ដីអំពីការសង់ព្រះ‌វិហារឡើងវិញ

9 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំ ដូចតទៅ៖

10 «ថ្ងៃនេះ ចូរទៅផ្ទះរបស់យ៉ូសៀសជាកូនរបស់សេផា‌នា ទទួលយកតង្វាយរបស់ប្រជា‌ជនដែលជាប់ជាឈ្លើយ ពីដៃរបស់ហែល‌ដាយ ថូប៊ី‌យ៉ា និងយេដា‌យ៉ា ដែលមកពីស្រុកបាប៊ី‌ឡូន។

11 ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមហាបូជា‌ចារ្យយេសួរ ជាកូនរបស់យូសា‌ដាក។

12 ចូរប្រាប់គាត់ថាព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលដូចតទៅ:

“បុរសម្នាក់ឈ្មោះពន្លក លោកនៅទីណា

អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។

លោកនឹងសង់ព្រះ‌វិហាររបស់ព្រះ‌អម្ចាស់។

13 គឺលោកនោះហើយដែលនឹងសង់ព្រះ‌វិហារ

របស់ព្រះ‌អម្ចាស់។

លោកនឹងពាក់គ្រឿងឥស្សរិយ‌យស

ដ៏ថ្កុំ‌ថ្កើងរុងរឿង

លោកអង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់លោក។

បូជា‌ចារ្យមួយរូបអង្គុយលើបល្ល័ង្កមួយទៀត

ហើយលោកទាំងពីរមានទំនាក់‌ទំនង

យ៉ាងជិត‌ស្និទ្ធជាមួយគ្នា។

14 មកុដទាំងនេះត្រូវទុកនៅក្នុងព្រះ‌វិហាររបស់ព្រះ‌អម្ចាស់ដើម្បីរំឭកដល់ហែល‌ដាយ ថូប៊ី‌យ៉ា និងយេដា‌យ៉ា ព្រមទាំងហេន ជាកូនរបស់សេផា‌នា។

15 អស់អ្នកដែលបែក‌ខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការ‌ងារសង់ព្រះ‌វិហាររបស់ព្រះ‌អម្ចាស់”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថាព្រះ‌អម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុ‌ការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមព្រះ‌សូរសៀងរបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តស្មោះ»។