សាការី 4

និមិត្ត‌ហេតុអំពីជើងចង្កៀងមាស និងអូលីវពីរដើម

1 ទេវតាដែលសន្ទនាជាមួយខ្ញុំពីមុននោះវិលមកវិញ ហើយដាស់ខ្ញុំឲ្យភ្ញាក់ស្មារតី ដូចដាស់មនុស្សឲ្យក្រោកពីដំណេក។

2 ទេវតានោះពោលមកខ្ញុំថា៖ «តើលោកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងមួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំ‌ពីរ ហើយមានបំពង់បញ្ឆេះប្រាំ‌ពីរភ្ជាប់ទៅនឹងក្បាលចង្កៀងដែលនៅចុងខាងលើ។

3 នៅក្បែរជើងចង្កៀងនោះមានអូលីវពីរដើម មួយនៅខាងស្ដាំកន្លែងដាក់ប្រេង មួយទៀតនៅខាងឆ្វេង»។

4 ខ្ញុំពោលទៅកាន់ទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់ តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។

5 ទេវតាតបមកខ្ញុំវិញថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំប្របាទមិនដឹងទេ លោកម្ចាស់»។

6 ពេលនោះ ទេវតាក៏ពោលមកខ្ញុំទៀតថា៖

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកសូរ៉ូ‌បាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយព្រះ‌វិញ្ញាណរបស់យើងវិញ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល។

7 ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូ‌បាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលព្រះ‌វិហារ។ ប្រជា‌ជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំ ដូចតទៅ៖

9 «សូរ៉ូ‌បាបិលបានចាក់គ្រឹះព្រះ‌ដំណាក់នេះ រួចគាត់ក៏បង្ហើយការសាងសង់ដែរ។ ពេលហេតុ‌ការណ៍នេះសម្រេចជារូបរាង អ្នកនឹងទទួលស្គាល់ថាព្រះ‌អម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។

10 មិនត្រូវមាក់‌ងាយកិច្ចការតូច‌តាចនៅពេលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីក‌រាយដោយឃើញលោកសូរ៉ូ‌បាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។

«ចង្កៀងទាំងប្រាំ‌ពីរនេះជាព្រះ‌នេត្ររបស់ព្រះ‌អម្ចាស់ដែលទតមើលផែនដីទាំងមូល»។

11 ខ្ញុំសួរទេវតាថា៖ «ចុះអូលីវទាំងពីរដើមដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វីដែរ?»។

12 ខ្ញុំសួរទេវតាទៀតថា៖ «តើមែកអូលីវពីរនៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។

13 ទេវតាតបមកខ្ញុំថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។

14 ទេវតាពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលព្រះ‌អម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែង‌តាំងឲ្យនៅបម្រើព្រះ‌អង្គ»។