និមិត្តហេតុអស្ចារ្យអំពីខ្សែរង្វាស់
1 ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។
2 ខ្ញុំសួរបុរសនោះថា លោកអញ្ជើញទៅណា។ លោកតបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។
3 ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានទេវតាមួយរូបទៀតមកជួប
4 ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។
5 រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏ទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» – នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអម្ចាស់ហៅអ្នកជាប់ជាឈ្លើយត្រឡប់មកវិញ
6 «យើងបានកំចាត់កំចាយអ្នករាល់គ្នា
ទៅតាមទិសទាំងបួន!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់
រត់ចាកចេញពីស្រុកខាងជើងមក!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7 ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅ
ក្នុងស្រុកបាប៊ីឡូនអើយ
ចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។
8 ព្រះអម្ចាស់នៃពិភពទាំងមូល
ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ
ប្រាប់ប្រជាជាតិនានា
ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា:
«អ្នកណាប៉ះពាល់អ្នករាល់គ្នា
ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
9 យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះ
ពួកគេនឹងក្លាយទៅជាឈ្លើយ
នៃពួកទាសកររបស់ខ្លួន»
ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
ព្រះអម្ចាស់នៃពិភពទាំងមូល
ពិតជាបានចាត់ខ្ញុំឲ្យមកមែន។
10 «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ
ចូរស្រែកហ៊ោដោយអំណរ!
ចូរសប្បាយរីករាយឡើង!
ដ្បិតយើងមករកអ្នកហើយ
យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11 «នៅថ្ងៃនោះ ប្រជាជាតិជាច្រើន
នឹងជំពាក់ចិត្តលើយើង ជាព្រះអម្ចាស់
ហើយធ្វើជាប្រជារាស្ត្ររបស់យើង
តែយើងនឹងស្ថិតនៅជាមួយអ្នក»។
ពេលនោះ អ្នកនឹងទទួលស្គាល់ថា
ព្រះអម្ចាស់នៃពិភពទាំងមូល
បានចាត់ខ្ញុំឲ្យមករកអ្នក។
12 ព្រះអម្ចាស់នឹងយកស្រុកយូដា
ធ្វើជាទឹកដីរបស់ព្រះអង្គផ្ទាល់
ក្នុងទឹកដីដ៏វិសុទ្ធ
ព្រះអង្គនឹងជ្រើសរើស
ក្រុងយេរូសាឡឹមដូចពីមុន។
13 សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ដ្បិតព្រះអង្គតើនឡើង ហើយយាងចេញពី
ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។