សាការី 13

ព្រះ‌បន្ទូលព្រមានព្យាការីក្លែង‌ក្លាយមួយចំនួន

1 នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្រះ‌ញាតិវង្សព្រះ‌បាទដាវីឌ និងប្រជា‌ជននៅក្រុងយេរូ‌សាឡឹម។

2 «នៅថ្ងៃនោះ យើងនឹងដកព្រះក្លែង‌ក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ព្យាការីក្លែង‌ក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល។

3 ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុក‌ម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះ‌នាមរបស់ព្រះ‌អម្ចាស់ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុក‌ម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។

4 នៅថ្ងៃនោះ ព្យាការីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្ត‌ហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។

5 ម្នាក់ៗបែរជាពោលថា “ខ្ញុំមិនមែនជាព្យាការីទេ ខ្ញុំជាអ្នកស្រែចម្ការ ខ្ញុំភ្ជួររាស់ដីតាំងពីក្មេងមក” ។

6 ប៉ុន្តែ គេនឹងតបទៅអ្នកនោះវិញថា “តើស្នាមនៅទ្រូងរបស់អ្នកជាអ្វី!” គាត់នឹងតបវិញថា “នេះជាស្នាមរបួសដែលគេឆូតសាច់ខ្ញុំ ក្នុងវិហាររបស់ព្រះនានាដែលស្រឡាញ់ខ្ញុំ”»។

ដាវប្រហារមេដឹកនាំ

7 «ដាវអើយ ចូរភ្ញាក់ឡើងប្រហារគង្វាលដែលយើងបានតែង‌តាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់‌ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។

8 ពេលនោះ នៅក្នុងស្រុកទាំងមូល ប្រជា‌ជនពីរភាគបីនឹងវិនាសបាត់បង់ តែមួយភាគបីនឹងនៅសេស‌សល់ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល។

9 យើងនឹងយកមួយភាគបីដែលនៅសេស‌សល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: អ្នកទាំងនេះជាប្រជា‌ជនរបស់យើង ហើយគេនឹងពោលថា:ព្រះ‌អម្ចាស់ជាព្រះរបស់ពួកយើង»។