សាការី 12

ការរំដោះក្រុងយេរូ‌សាឡឹម

1 សេចក្ដីប្រកាស

នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់

ថ្លែងអំពីស្រុកអ៊ីស្រា‌អែល។

ព្រះ‌អម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ

ហើយចាក់គ្រឹះផែនដី

ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក

ទ្រង់មានព្រះ‌បន្ទូលថា៖

2 «យើងធ្វើឲ្យក្រុងយេរូ‌សាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំ‌វិញ ព្រឺខ្លាច។ ពេលខ្មាំងឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម ជន‌ជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។

3 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូ‌សាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជា‌ជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។

4 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួល‌ច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ ប៉ុន្តែ យើងនឹងតាមថែ‌រក្សាកូនចៅយូដា ហើយធ្វើឲ្យសេះទាំងអស់របស់ជាតិសាសន៍នានាមើលអ្វីលែងឃើញ។

5 ពួកមេដឹកនាំរបស់ជន‌ជាតិយូដានឹងគិតគ្នាថា: ប្រជា‌ជននៅក្រុងយេរូ‌សាឡឹមមានកម្លាំង ព្រោះព្រះ‌អម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។

6 នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជន‌ជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោ‌សន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជា‌ជននៅក្រុងយេរូ‌សាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។

7 ព្រះ‌អម្ចាស់នឹងសង្គ្រោះអំបូរនានានៃជន‌ជាតិយូដាជាមុនសិន ដើម្បីកុំឲ្យរាជ‌វង្សរបស់ព្រះ‌បាទដាវីឌ និងប្រជា‌ជននៅក្រុងយេរូ‌សាឡឹមមើល‌ងាយជន‌ជាតិយូដាឯទៀតៗ។

8 នៅថ្ងៃនោះព្រះ‌អម្ចាស់នឹងការពារប្រជា‌ជន នៅក្រុងយេរូ‌សាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ព្រះ‌អង្គនឹងធ្វើឲ្យគេមានកម្លាំងដូចព្រះ‌បាទដាវីឌ ហើយពូជ‌ពង្សរបស់ព្រះ‌បាទដាវីឌនឹងប្រៀបដូចជាព្រះ ឬដូចជាទេវតារបស់ព្រះ‌អម្ចាស់នៅមុខពួកគេ។

ពួកគេកាន់ទុក្ខព្រះ‌អង្គដែលគេបានចាក់ទម្លុះ

9 នៅថ្ងៃនោះ យើងនឹងកម្ទេចប្រជា‌ជាតិទាំងប៉ុន្មាន ដែលមកវាយប្រហារក្រុងយេរូ‌សាឡឹម។

10 យើងនឹងចាក់បង្ហូរវិញ្ញាណមកលើរាជ‌វង្សរបស់ដាវីឌ និងប្រជា‌ជនក្រុងយេរូ‌សាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះអធិស្ឋាន។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។

11 នៅថ្ងៃនោះ ប្រជា‌ជននៅក្រុងយេរូ‌សាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខព្រះហាដាដ-‌រីម៉ូននៅវាលមេគី‌ដោ។

12 អ្នកស្រុកទាំងមូលនឹងកាន់ទុក្ខដាច់ឡែកពីគ្នា តាមអំបូររបស់គេរៀងៗខ្លួន គឺព្រះ‌ញាតិវង្សរបស់ព្រះ‌បាទដាវីឌ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកណាថាន ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។

13 អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ី‌ម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។

14 រីឯអំបូរឯទៀតៗក៏ដូច្នោះដែរ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។