វិវរណៈ 7

ប្រជា‌រាស្ដ្ររបស់ព្រះ‌ជា‌ម្ចាស់

1 ក្រោយមកទៀត ខ្ញុំឃើញទេវតា*បួនរូបឈរនៅទិសទាំងបួននៃផែន‌ដី។ ទេវតាទាំងនោះនាំគ្នាទប់ខ្យល់ទាំងបួនទិស កុំឲ្យបក់បោកមកលើផែន‌ដី មកលើសមុទ្រ ឬមកលើដើមឈើណាមួយឡើយ។

2 បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះ‌ជន្មគង់នៅផង។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងៗទៅកាន់ទេវតាទាំងបួន ដែលបានទទួលអំណាចធ្វើទុក្ខទោសផែន‌ដី និងសមុទ្រថា៖

3 «សូមកុំអាលធ្វើទុក្ខទោសផែន‌ដី សមុទ្រ ឬដើមឈើណាឡើយ ចាំយើងបោះត្រាសម្គាល់លើថ្ងាសពួកអ្នកបម្រើរបស់ព្រះ‌ជា‌ម្ចាស់នៃយើងហើយសិន»។

4 ពេលនោះ ខ្ញុំក៏ឮថាអស់អ្នកដែលត្រូវគេបោះត្រាសម្គាល់ មានចំនួនមួយសែនបួនម៉ឺនបួនពាន់នាក់ មកពីកុល‌សម្ព័ន្ធទាំងប៉ុន្មានរបស់ជន‌ជាតិអ៊ីស្រា‌អែល គឺ

5 មានត្រាសម្គាល់មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធយូដា មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធរូបេន មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធកាដ

6 មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធអេ‌ស៊ើរ មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធណែប‌ថាលី មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធម៉ាណា‌សេ

7 មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធអ៊ីសា‌ខារ

8 មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធសាប់យូឡូន មួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធយ៉ូសែប និងមួយម៉ឺនពីរពាន់នាក់ពីកុល‌សម្ព័ន្ធបេន‌យ៉ាមីន ដែលគេបានបោះត្រាសម្គាល់។

ប្រជា‌ជនដ៏ច្រើនកុះ‌ករនៅមុខបល្ល័ង្ក

9 ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហា‌ជនដ៏ច្រើនកុះ‌ករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុល‌សម្ព័ន្ធ គ្រប់ប្រជា‌ជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។

10 គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «មានតែព្រះ‌នៃយើងដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេ ដែលសង្គ្រោះយើង»។

11 ពេលនោះ ទេវតាទាំងប៉ុន្មានដែលឈរនៅជុំ‌វិញបល្ល័ង្ក ជុំ‌វិញពួកព្រឹទ្ធា‌ចារ្យ និងជុំ‌វិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងអោនមុខដល់ដីថ្វាយ‌បង្គំព្រះ‌ជា‌ម្ចាស់

12 ហើយពោលថា៖ «អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរី‌រុងរឿងព្រះ‌ប្រាជ្ញា‌ញាណ សូមអរព្រះ‌គុណ សូមលើកតម្កើងព្រះ‌កិត្តិនាម ឫទ្ធា‌នុភាព និងឥទ្ធិ‌ឫទ្ធិរបស់ព្រះនៃយើង អស់‌កល្បជាអង្វែងតរៀងទៅ! អាម៉ែន!»។

13 ព្រឹទ្ធា‌ចារ្យមួយរូបមានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះជានរណា ហើយគេមកពីណា?»។

14 ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឲ្យបានសស្អាត ក្នុងព្រះ‌លោហិតរបស់កូនចៀម។

15 ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ‌ជា‌ម្ចាស់ និងគោរពបម្រើព្រះ‌អង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះ‌វិហាររបស់ព្រះ‌អង្គ។ ព្រះ‌អង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេឲ្យជ្រកកោនក្នុងព្រះ‌ពន្លា*របស់ព្រះ‌អង្គ ។

16 ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះ‌អាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ

17 ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះ‌អង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះ‌ជា‌ម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ »។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/7-bc86739c61ee1c8e8bcf0fd503cf6609.mp3?version_id=85—