វិវរណៈ 5

ក្រាំងដែលមានបិទត្រាប្រាំ‌ពីរ និងកូនចៀមរបស់ព្រះ‌ជា‌ម្ចាស់

1 បន្ទាប់មក ខ្ញុំឃើញក្រាំងមួយនៅក្នុងព្រះ‌ហស្ដស្ដាំរបស់ព្រះ‌អង្គ ដែលគង់នៅលើបល្ល័ង្ក ក្រាំងនោះមានសរសេរអក្សរ ទាំងខាងក្នុង ទាំងខាងក្រៅ ព្រមទាំងមានបោះត្រាប្រាំ‌ពីរបិទភ្ជាប់ពីលើផង។

2 បន្ទាប់មកទៀត ខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូបប្រកាសយ៉ាងខ្លាំងថា៖ «តើនរណាមានឋានៈសមនឹងបកត្រាចេញ ហើយបើកក្រាំងនេះបាន?»។

3 ប៉ុន្តែ ទោះបីនៅស្ថានសួគ៌ក្ដី នៅលើផែន‌ដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះបានឡើយ។

4 ពេលនោះ ខ្ញុំស្រែកយំយ៉ាងខ្លាំង ព្រោះគ្មាននរណាម្នាក់មានឋានៈសមនឹងបើកក្រាំង ឬមើលក្រាំងនោះបានទេ។

5 ស្រាប់តែមានព្រឹទ្ធា‌ចារ្យមួយរូបមានប្រសាសន៍មកខ្ញុំថា៖ «កុំយំអី! មើលហ្ន៎ សិង្ហដែលកើតនៅក្នុងកុល‌សម្ព័ន្ធយូដា ជាពន្លកដុះចេញពីស្ដេចដាវីឌ ព្រះ‌អង្គមានជ័យ‌ជំនះអាចនឹងបកត្រាទាំងប្រាំ‌ពីរ ហើយបើកក្រាំងបាន»។

6 បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកព្រឹទ្ធា‌ចារ្យ។ កូនចៀម នោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើយញ្ញ‌បូជា*រួចហើយ មានស្នែងប្រាំ‌ពីរ និងភ្នែកប្រាំ‌ពីរ ជាព្រះ‌វិញ្ញាណទាំងប្រាំ‌ពីររបស់ព្រះ‌ជា‌ម្ចាស់ ដែលព្រះ‌អង្គចាត់ឲ្យយាងទៅពាស‌ពេញលើផែន‌ដី។

7 កូនចៀមនោះបានយាងមកទទួលយកក្រាំងពីព្រះ‌ហស្ដស្ដាំរបស់ព្រះ‌អង្គ ដែលគង់នៅលើបល្ល័ង្ក។

8 កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកព្រឹទ្ធា‌ចារ្យទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាសពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យអធិស្ឋាន*របស់ប្រជា‌ជនដ៏‌វិសុទ្ធ*។

9 គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា:

“ព្រះ‌អង្គសមនឹងទទួលក្រាំង

ហើយបកត្រាផង

ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញ‌បូជា

ព្រះ‌អង្គបានលោះមនុស្ស

ពីគ្រប់ពូជគ្រប់ភាសា

គ្រប់ប្រជា‌ជន និងពីគ្រប់ជាតិសាសន៍

យកមកថ្វាយព្រះ‌ជា‌ម្ចាស់

ដោយ‌សារព្រះ‌លោហិតរបស់ព្រះ‌អង្គ។

10 ព្រះ‌អង្គបានធ្វើឲ្យគេទៅជារាជា‌ណាចក្រ

និងជាក្រុមបូជា‌ចារ្យ*

បម្រើព្រះ‌ជា‌ម្ចាស់របស់យើង

ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែន‌ដី”។

11 ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងទេវតា*យ៉ាងច្រើននៅជុំ‌វិញបល្ល័ង្ក ជុំ‌វិញសត្វមានជីវិត និងជុំ‌វិញពួកព្រឹទ្ធា‌ចារ្យ។ ទេវតាទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេក‌អនន្ត

12 នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា: «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញ‌បូជា ទ្រង់សមនឹងទទួលឫទ្ធា‌នុភាព រាជសម្បត្តិ ព្រះ‌ប្រាជ្ញា‌ញាណ ឥទ្ធិ‌ឫទ្ធិ ព្រះ‌កិត្តិនាម សិរី‌រុងរឿង និងការសរសើរតម្កើង»។

13 ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាននៅស្ថានសួគ៌ នៅលើផែន‌ដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថា: «សូមព្រះ‌អង្គដែលគង់លើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះ‌កិត្តិនាម សិរី‌រុងរឿង និងព្រះ‌ចេស្ដា អស់‌កល្បជាអង្វែងតរៀងទៅ!»។

14 បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធា‌ចារ្យក៏នាំគ្នាក្រាបថ្វាយ‌បង្គំ។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/5-3edfaa5552b0cced19996ce316e6ed1a.mp3?version_id=85—