វិវរណៈ 22

1 ទេវតា*បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវ‌ចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះ‌ជា‌ម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។

2 នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់‌ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលប្រជា‌ជាតិនានាឲ្យបានជា។

3 ក្នុងក្រុងនោះ អ្វីៗទាំងអស់នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់ព្រះ‌ជា‌ម្ចាស់ និងបល្ល័ង្ករបស់កូនចៀម ស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ព្រះ‌អង្គនាំគ្នាគោរពថ្វាយ‌បង្គំព្រះ‌អង្គ

4 គេនឹងឃើញព្រះ‌ភ័ក្ត្រព្រះ‌អង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះ‌នាមព្រះ‌អង្គដែរ។

5 នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះ‌អាទិត្យទៀតដែរ ដ្បិតព្រះ‌ជា‌អម្ចាស់ទ្រង់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់‌កល្បជាអង្វែងតរៀងទៅ។

សេចក្ដីដាស់‌តឿនផ្សេងៗ

6 ទេវតាពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ ព្រះ‌ជា‌អម្ចាស់ដែលប្រទានព្រះ‌វិញ្ញាណដល់ពួកព្យាការី* ទ្រង់បានចាត់ទេវតារបស់ព្រះ‌អង្គ ឲ្យមកប្រាប់ពួកអ្នកបម្រើព្រះ‌អង្គដឹងអំពីហេតុ‌ការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។

7 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា: “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្តិតាមសេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ!”»។

8 ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុ‌ការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះនៅទៀបជើងទេវតា ដែលបានបង្ហាញឲ្យខ្ញុំឃើញនោះ បម្រុងនឹងថ្វាយ‌បង្គំលោក

9 ក៏ប៉ុន្តែ ទេវតាពោលមកខ្ញុំថា៖ «កុំថ្វាយ‌បង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការ‌ងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការ‌ងារជាមួយពួកព្យាការី ដែលជាបង‌ប្អូនរបស់លោក និងជាមួយអស់អ្នកប្រតិបត្តិតាមសេចក្ដីដែលមានចែងក្នុងសៀវភៅនេះដែរ។ ត្រូវថ្វាយ‌បង្គំព្រះ‌ជា‌ម្ចាស់វិញ!»។

10 ទេវតាពោលមកខ្ញុំទៀតថា៖ «សូមកុំលាក់ សេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះឲ្យសោះ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។

11 អ្នកណាទុច្ចរិត ឲ្យអ្នកនោះប្រព្រឹត្តអំពើទុច្ចរិតតទៅមុខទៀតទៅ! អ្នកណាសៅ‌ហ្មង ឲ្យអ្នកនោះបន្តភាពសៅ‌ហ្មងតទៅមុខទៀតទៅ! រីឯអ្នកសុចរិតវិញ ត្រូវប្រព្រឹត្តអំពើសុចរិតថែមទៀតចុះ! រីឯអ្នកវិសុទ្ធហើយ ត្រូវរក្សាខ្លួនឲ្យកាន់តែវិសុទ្ធថែមទៀតចុះ!។

12 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។

13 យើងជាអាល់ផា និងជាអូមេ‌កា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង និងជាចុងបង្អស់។

14 អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។

15 រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាស‌ចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ និងអស់អ្នកដែលចូលចិត្តកុហក និងអនុវត្តតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!

16 យើង យេស៊ូ យើងបានចាត់ទេវតា*របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះ ប្រាប់អ្នករាល់គ្នាអំពី ក្រុម‌ជំនុំនានា។ យើងជាពន្លកដែលដុះចេញពីពូជ‌ពង្សរបស់ព្រះ‌បាទដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។

17 ព្រះ‌វិញ្ញាណ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមព្រះ‌អង្គយាងមក!»។

សូមឲ្យអស់អ្នកដែលបានឮពោលឡើងដែរថា៖ «សូមព្រះ‌អង្គយាងមក!»។

អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!

18 ខ្ញុំសូមបញ្ជាក់ប្រាប់អស់អ្នកដែលបានឮព្រះ‌បន្ទូល ថ្លែងទុកក្នុងសៀវភៅនេះថា បើនរណាម្នាក់បន្ថែមអ្វីមួយពីលើ ព្រះ‌ជា‌ម្ចាស់នឹងយកគ្រោះកាច ដែលមានរៀបរាប់ក្នុងសៀវភៅនេះ មកដាក់លើអ្នកនោះថែមទៀតផង

19 ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីព្រះ‌បន្ទូល ដែលមានថ្លែងទុកក្នុងសៀវភៅនេះ ព្រះ‌ជា‌ម្ចាស់ក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនឲ្យគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងសៀវភៅនេះឡើយ។

20 ព្រះ‌អង្គដែលបានបញ្ជាក់សេចក្ដីទាំងនេះ ទ្រង់មានព្រះ‌បន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ែន! ព្រះ‌អម្ចាស់‌យេស៊ូអើយ សូមយាងមក! ។

21 សូមឲ្យបង‌ប្អូនទាំងអស់គ្នាបានប្រកបដោយព្រះ‌គុណរបស់ព្រះ‌អម្ចាស់‌យេស៊ូ!។៚

—https://d1b84921e69nmq.cloudfront.net/364/32k/REV/22-46509eda3bb69761002cf2a3a4b96f25.mp3?version_id=85—