វិវរណៈ 19

ចម្រៀងជោគជ័យ និងវិវាហ‌មង្គល‌ការរបស់កូនចៀម

1 បន្ទាប់ពីហេតុ‌ការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហា‌ជនច្រើនកុះ‌ករនៅលើមេឃថា៖ «ហាលេ‌លូយ៉ា! សូមលើកតម្កើងព្រះ‌ជា‌ម្ចាស់នៃយើង ព្រះ‌អង្គសង្គ្រោះយើង ព្រះ‌អង្គប្រកបដោយសិរី‌រុងរឿង និងឫទ្ធា‌នុភាព

2 ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះ‌អង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែន‌ដីទៅជាសៅ‌ហ្មង ដោយកាម‌គុណរបស់នាង ព្រះ‌អង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ព្រះ‌អង្គ»។

3 មហា‌ជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេ‌លូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់‌កល្បជាអង្វែងតរៀងទៅ»។

4 ពួកព្រឹទ្ធា‌ចារ្យទាំងម្ភៃបួនរូប និងសត្វមានជីវិតទាំងបួន ក៏នាំគ្នាក្រាបចុះ ហើយថ្វាយ‌បង្គំព្រះ‌ជា‌ម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។

5 មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើព្រះ‌ជា‌ម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះ‌អង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះ‌ជា‌ម្ចាស់នៃយើង!»។

6 ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដា‌ជនដ៏ច្រើនកុះ‌ករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរ‌លាន់យ៉ាងខ្លាំងថា៖ «ហាលេ‌លូយ៉ា! ដ្បិតព្រះ‌ជា‌អម្ចាស់ជាព្រះដ៏មានព្រះ‌ចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះ‌រាជ្យរបស់ព្រះ‌អង្គហើយ

7 យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីក‌រាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរី‌រុងរឿងព្រះ‌អង្គ ដ្បិតដល់ពេលរៀបវិវាហ‌មង្គល‌ការកូនចៀមហើយ ភរិយា ថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។

8 ព្រះ‌អង្គប្រទានឲ្យនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែង‌ចិញ្ចាច និងបរិសុទ្ធ។ សម្លៀក‌បំពាក់ដ៏រុងរឿងនោះគឺជាអំពើសុចរិតផ្សេងៗ ដែលប្រជា‌ជនដ៏‌វិសុទ្ធបានប្រព្រឹត្ត»។

9 ទេវតា*ពោលមកកាន់ខ្ញុំថា៖ «ចូរកត់‌ត្រាទុក អ្នកណាដែលព្រះ‌ជា‌ម្ចាស់បានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់‌លៀងមង្គល‌ការកូនចៀម អ្នកនោះពិតជាមានសុភមង្គល*ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌ម្ចាស់មែន»។

10 ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ បម្រុងនឹងថ្វាយ‌បង្គំលោក ប៉ុន្តែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយ‌បង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការ‌ងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការ‌ងារជាមួយបង‌ប្អូនលោក ដែលជឿលើសក្ខីភាពរបស់ព្រះ‌យេស៊ូដែរ។ ត្រូវថ្វាយ‌បង្គំព្រះ‌ជា‌ម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះ‌យេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះ‌បន្ទូលក្នុងនាមព្រះ‌ជា‌ម្ចាស់» ។

ជ័យ‌ជំនះរបស់ព្រះ‌គ្រិស្ដលើសត្វតិរច្ឆាន និងលើព្យាការីក្លែង‌ក្លាយ

11 បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះ‌អង្គដែលគង់នៅលើសេះនោះ មានព្រះ‌នាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ទ្រង់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។

12 ព្រះ‌អង្គមានព្រះ‌នេត្រដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើននៅលើព្រះ‌សិរសាផង។ នៅលើព្រះ‌កាយព្រះ‌អង្គមានសរសេរព្រះ‌នាមមួយ ក្រៅពីព្រះ‌អង្គ គ្មាននរណាស្គាល់ព្រះ‌នាមនោះឡើយ

13 ព្រះ‌អង្គមានសម្លៀក‌បំពាក់ទទឹកឈាមជោក។ ព្រះ‌អង្គមានព្រះ‌នាមថា «ព្រះ‌បន្ទូលរបស់ព្រះ‌ជា‌ម្ចាស់»។

14 កង‌ទ័ពនៅស្ថានសួគ៌នាំគ្នាជិះសេះ ស មកតាមព្រះ‌អង្គ ទាំងស្លៀកពាក់សំពត់ទេស‌ឯកពណ៌ស និងបរិសុទ្ធ*។

15 មានដាវមួយយ៉ាងមុតចេញពីព្រះ‌ឱស្ឋរបស់ព្រះ‌អង្គ មកប្រហារជាតិសាសន៍ទាំង‌ឡាយព្រះ‌អង្គនឹងកាន់ដំបងដែកដឹកនាំគេហើយព្រះ‌អង្គជាន់ទំពាំង‌បាយជូរនៅក្នុងធុង ឲ្យចេញជាស្រានៃព្រះ‌ពិរោធដ៏ខ្លាំងក្លារបស់ព្រះ‌ជា‌ម្ចាស់ដ៏មានព្រះ‌ចេស្ដាលើអ្វីៗទាំងអស់។

16 នៅលើព្រះ‌ភូសា និងលើភ្លៅរបស់ព្រះ‌អង្គ មានសរសេរព្រះ‌នាមថា «ព្រះ‌មហា‌ក្សត្រលើមហា‌ក្សត្រនានា និងព្រះ‌អម្ចាស់លើអម្ចាស់នានា»។

17 ខ្ញុំឃើញទេវតា*មួយរូបឈរនៅក្នុងព្រះ‌អាទិត្យ។ ទេវតានោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាស‌វេហាស៍ថា៖ «ចូរនាំគ្នាមក! ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់‌លៀងដ៏មហោ‌ឡារិករបស់ព្រះ‌ជា‌ម្ចាស់

18 ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេ‌ទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ គឺ ទាំងអ្នកជា ទាំងអ្នកងារ ទាំងអ្នកតូច ទាំងអ្នកធំ»។

19 ខ្ញុំឃើញសត្វតិរច្ឆាន និងពួកស្ដេចនានានៅលើផែន‌ដី ព្រមទាំងកង‌ទ័ពរបស់គេ ប្រមូលគ្នាមកច្បាំងនឹងព្រះ‌អង្គ ដែលគង់នៅលើសេះ និងកង‌ទ័ពរបស់ព្រះ‌អង្គ។

20 សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយព្យាការីក្លែង‌ក្លាយដែលបានសម្តែងទីសម្គាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺព្យាការីក្លែង‌ក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយ‌បង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងព្យាការីក្លែង‌ក្លាយទាំងរស់ ទៅក្នុងបឹងភ្លើងដែលមានស្ពាន់ធ័រកំពុងឆេះ។

21 រីឯអ្នកឯទៀតៗក៏បានស្លាប់ដោយដាវ ចេញមកពីព្រះ‌ឱស្ឋរបស់ព្រះ‌អង្គដែលគង់នៅលើសេះ ហើយសត្វស្លាបទាំងប៉ុន្មានក៏បានស៊ីសាច់ពួកគេឆ្អែតរៀងៗខ្លួន។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/19-dea308fe94f4cd6af7bc1663aa120e52.mp3?version_id=85—