វិវរណៈ 15

ទេវតាប្រាំ‌ពីររូប និងគ្រោះកាចចុងក្រោយ

1 បន្ទាប់មក ខ្ញុំឃើញទីសម្គាល់មួយទៀតនៅលើមេឃ ជាទីសម្គាល់យ៉ាងធំគួរស្ញែងខ្លាច គឺមានទេវតា*ប្រាំ‌ពីររូបកាន់គ្រោះកាចប្រាំ‌ពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើឲ្យព្រះ‌ជា‌ម្ចាស់ឈប់ព្រះ‌ពិរោធ*។

2 បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និងឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់ព្រះ‌ជា‌ម្ចាស់

3 ហើយនាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះ‌ជា‌ម្ចាស់ និងចម្រៀងរបស់កូនចៀមថា៖

«ឱព្រះ‌ជា‌អម្ចាស់ដ៏មានព្រះ‌ចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គប្រសើរឧត្ដមគួរឲ្យកោតស្ញប់‌ស្ញែងពន់ពេកណាស់! ឱព្រះ‌មហា‌ក្សត្រនៃប្រជា‌ជាតិទាំង‌ឡាយអើយ មាគ៌ារបស់ព្រះ‌អង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

4 បពិត្រព្រះ‌អម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះ‌នាមព្រះ‌អង្គ! តើនរណាមិនលើកតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះ‌អង្គ! ដ្បិតមានតែព្រះ‌អង្គប៉ុណ្ណោះជាព្រះដ៏‌វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយ‌បង្គំព្រះ‌អង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះ‌អង្គវិនិច្ឆ័យដោយយុត្តិធម៌»។

5 ក្រោយមកទៀត ខ្ញុំមើលទៅឃើញព្រះ‌វិហារនៅស្ថានបរម‌សុខ ដែលមានព្រះ‌ពន្លានៃសក្ខីភាព បើកទ្វារចំហ។

6 ទេវតាទាំងប្រាំ‌ពីររូបដែលកាន់គ្រោះកាចទាំងប្រាំ‌ពីរ ក៏ចេញពីព្រះ‌វិហារមក មានសម្លៀក‌បំពាក់ធ្វើពីក្រណាត់ទេស‌ឯកសុទ្ធដ៏ភ្លឺផ្លេក ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។

7 សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន បានប្រគល់ពែងមាសប្រាំ‌ពីរជូនទេវតាទាំងប្រាំ‌ពីររូប។ ពែងទាំងនោះពេញទៅដោយព្រះ‌ពិរោធរបស់ព្រះ‌ជា‌ម្ចាស់ ដែលគង់នៅអស់‌កល្បជាអង្វែងតរៀងទៅ។

8 ព្រះ‌វិហារក៏ពោរ‌ពេញទៅដោយផ្សែង ដែលចេញពីសិរី‌រុងរឿងរបស់ព្រះ‌ជា‌ម្ចាស់ និងពីឫទ្ធា‌នុភាពរបស់ព្រះ‌អង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះ‌វិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំ‌ពីររបស់ទេវតាទាំងប្រាំ‌ពីរបានចប់សព្វគ្រប់ជាមុនសិន។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/15-ec6ed8d72f22a339f4c60046ef506746.mp3?version_id=85—