វិវរណៈ 14

កូនចៀម និងអស់អ្នកដែលព្រះ‌អង្គបានលោះ

1 ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះ‌អង្គ អ្នកទាំងនេះមានព្រះ‌នាមកូនចៀម និងព្រះ‌នាមព្រះ‌បិតារបស់ព្រះ‌អង្គចារនៅលើថ្ងាស។

2 ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរ‌លាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ត្រី។

3 អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកព្រឹទ្ធា‌ចារ្យ។ គ្មាននរណាម្នាក់អាចរៀនចម្រៀងនោះចេះឡើយ លើក‌លែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះ‌ជា‌ម្ចាស់បានលោះពីផែន‌ដីមក។

4 អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅ‌ហ្មងនឹងស្ត្រីៗ ឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះ‌អង្គដែរ។ ព្រះ‌អង្គបានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងថ្វាយព្រះ‌ជា‌ម្ចាស់ និងថ្វាយកូនចៀម

5 ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅ‌ហ្មងត្រង់ណាសោះឡើយ។

ប្រកាសអំពីការវិនិច្ឆ័យទោស

6 ខ្ញុំឃើញទេវតា*មួយរូបទៀត ហោះកណ្ដាលអាកាស‌វេហាស៍ ទេវតានោះនាំដំណឹង‌ល្អ*មួយដែលនៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុល‌សម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជា‌ជនដែលរស់នៅលើផែន‌ដី។

7 ទេវតាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះ‌ជា‌ម្ចាស់ និងលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ ដ្បិតដល់ពេលព្រះ‌អង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌អង្គដែលបានបង្កើតផ្ទៃមេឃ ផែន‌ដី សមុទ្រ ព្រមទាំងប្រភពទឹកទាំង‌ឡាយ!»។

8 មានទេវតាមួយរូបទៀតមកតាមក្រោយ ពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ី‌ឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាម‌គុណដ៏ថោកទាបបំផុត របស់វា!»។

9 មានទេវតាមួយរូបទៀត ជាទេវតាទីបី មកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយ‌បង្គំសត្វតិរច្ឆាននោះ និងក្រាបថ្វាយ‌បង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃ

10 អ្នកនោះនឹងត្រូវទទួលទណ្ឌ‌កម្មពីព្រះ‌ជា‌ម្ចាស់ ព្រះ‌អង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរង‌ទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាដ៏‌វិសុទ្ធ* និងនៅចំពោះព្រះ‌ភ័ក្ត្ររបស់កូនចៀម។

11 ផ្សែងភ្លើងដែលធ្វើឲ្យគេរង‌ទុក្ខទោស ហុយអស់‌កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយ‌បង្គំសត្វតិរច្ឆាន និងក្រាបថ្វាយ‌បង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាក‌ស្រាន្តឡើយ»។

12 ដូច្នេះ ប្រជា‌ជនដ៏‌វិសុទ្ធ* គឺអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះ‌ជា‌ម្ចាស់ និងកាន់តាមជំនឿរបស់ព្រះ‌យេស៊ូ ត្រូវមានចិត្តព្យាយាម។

13 ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅ: អស់អ្នកដែលស្លាប់រួមជាមួយព្រះ‌អម្ចាស់ពិតជាមានសុភមង្គល* ចាប់តាំងពីពេលនេះទៅហើយ! ព្រះ‌វិញ្ញាណមានព្រះ‌បន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយ‌ហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជា‌និច្ច»។

ការច្រូតកាត់ និងការបេះផ្លែទំពាំង‌បាយជូរ

14 ខ្ញុំមើលទៅឃើញពពក*សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស* អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។

15 មានទេវតាមួយរូបទៀតចេញពីព្រះ‌វិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែន‌ដីទុំ ល្មមច្រូត ហើយ»។

16 ពេលនោះ លោកដែលអង្គុយនៅលើពពក បោះកណ្ដៀវមកផែន‌ដី ផែន‌ដីក៏ច្រូតស្រេចរួចរាល់។

17 មានទេវតាមួយរូបទៀតចេញពីព្រះ‌វិហារនៅស្ថានបរម‌សុខ*មក លោកក៏មានកាំបិត មួយដ៏មុតដែរ។

18 ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវតាដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំង‌បាយជូរនៅលើផែន‌ដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។

19 ទេវតានោះបោះកាំបិតរបស់លោកមកលើផែន‌ដី ផ្លែទំពាំង‌បាយជូរនៅលើផែន‌ដីក៏កាត់រួចរាល់ជាស្រេច ហើយលោកបោះផ្លែទំពាំង‌បាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃព្រះ‌ពិរោធដ៏ខ្លាំងរបស់ព្រះ‌ជា‌ម្ចាស់។

20 បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ ។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/14-12713183d693c7e559520a38a04daf3a.mp3?version_id=85—