វិវរណៈ 13

សត្វតិរច្ឆានដែលចេញពីសមុទ្រ

1 បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និងក្បាលប្រាំ‌ពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំ‌ពីរ មានសរសេរឈ្មោះផ្សេងៗ ដែលប្រមាថព្រះ‌ជា‌ម្ចាស់។

2 សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិន ជើងវាដូចជើងខ្លា‌ឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់ឫទ្ធា‌នុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។

3 ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះ‌ស្បើយឡើងវិញ។ មនុស្ស‌ម្នានៅលើផែន‌ដីទាំងមូលកោតស្ញប់‌ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។

4 គេនាំគ្នាក្រាបថ្វាយ‌បង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយ‌បង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន? តើនរណាអាចច្បាំងតទល់នឹងសត្វនេះបាន?»។

5 សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថព្រះ‌ជា‌ម្ចាស់ទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្ម‌ភាព ក្នុងអំឡុងពេលសែ‌សិបពីរខែ។

6 វាបានហាមាត់ប្រមាថព្រះ‌ជា‌ម្ចាស់ គឺវាប្រមាថព្រះ‌នាមរបស់ព្រះ‌អង្គ ប្រមាថព្រះ‌ពន្លា*របស់ព្រះ‌អង្គ និងប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរម‌សុខ*។

7 វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជា‌ជនដ៏‌វិសុទ្ធ* ព្រមទាំងមានជ័យ‌ជំនះលើពួកគេទៀតផង។ វាបានទទួលអំណាចត្រួត‌ត្រាលើកុល‌សម្ព័ន្ធ*ទាំងអស់ ប្រជា‌រាស្ត្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់

8 ហើយមនុស្ស‌ម្នានៅលើផែន‌ដីនឹងនាំគ្នាក្រាបថ្វាយ‌បង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។

9 ចូរផ្ទៀងត្រចៀកស្ដាប់ឲ្យមែនទែន!។

10 បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជា‌ជនដ៏‌វិសុទ្ធ*ត្រូវមានចិត្តព្យាយាម និងមានជំនឿ។

សត្វតិរច្ឆានដែលចេញពីដី

11 បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀត ផុសចេញពីដី មានស្នែងពីរដូចស្នែងកូនចៀម ហើយមានសំឡេងដូចនាគ។

12 សត្វនោះបានយកអំណាចទាំងអស់របស់សត្វទីមួយមកប្រើ នៅចំពោះមុខសត្វទីមួយទាំងនាំផែន‌ដី និងមនុស្សដែលរស់នៅលើផែន‌ដីឲ្យក្រាបថ្វាយ‌បង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានជាសះ‌ស្បើយវិញនោះផង។

13 សត្វនោះបានសម្តែងទីសម្គាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែន‌ដី ឲ្យមនុស្សលោកឃើញ។

14 វាបាននាំមនុស្សដែលរស់នៅលើផែន‌ដីនេះឲ្យវង្វេង ដោយធ្វើទីសម្គាល់ផ្សេងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែន‌ដីឲ្យឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។

15 វាបានទទួលអំណាចធ្វើឲ្យរូបចម្លាក់សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយ‌បង្គំរូបចម្លាក់សត្វនោះ

16 វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យទទួលសញ្ញាសម្គាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។

17 ប្រសិនបើគ្មានសញ្ញាសម្គាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសម្គាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វីបានសោះឡើយ។

18 ត្រង់ហ្នឹងហើយដែលត្រូវមានប្រាជ្ញារិះគិត!។ អ្នកណាឆ្លាត ចូរយកលេខសម្គាល់របស់សត្វនោះទៅគិតមើលទៅ ដ្បិតលេខនេះជាលេខរបស់មនុស្ស គឺប្រាំមួយរយហុក‌សិបប្រាំមួយ។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/13-75396381c752ec8729c7cc455ae875d3.mp3?version_id=85—