វិវរណៈ 11

ក្រុងដ៏‌វិសុទ្ធ និងបន្ទាល់ពីររូប

1 បន្ទាប់មក ទេវតា*បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសម្រាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើង ទៅវាស់ព្រះ‌វិហារ*របស់ព្រះ‌ជា‌ម្ចាស់ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយ‌បង្គំព្រះ‌អង្គនៅទីនោះផង។

2 ក៏ប៉ុន្តែ ត្រូវទុកទី‌លានដែលនៅខាងក្រៅព្រះ‌វិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះ‌អង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏‌វិសុទ្ធអស់រយៈពេលសែ‌សិបពីរខែ។

3 យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះ‌បន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុក‌សិបថ្ងៃនោះ។

4 អ្នកទាំងពីរនេះគឺជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះ‌អម្ចាស់នៃផែន‌ដី។

5 ប្រសិនបើមាននរណាម្នាក់ចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។

6 អ្នកទាំងពីរមានអំណាចធ្វើឲ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះ‌បន្ទូល ហើយក៏មានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឲ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែន‌ដីពេលណាក៏បាន តាមតែគាត់ចង់។

7 ពេលអ្នកទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើងពីនរកអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។

8 សាក‌សពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្ត‌រូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងព្រះ‌អម្ចាស់របស់អ្នកទាំងពីរ។

9 មនុស្ស‌ម្នាពីចំណោមប្រជា‌ជននានា ពីចំណោមកុល‌សម្ព័ន្ធ ពីចំណោមភាសា និងពីចំណោមជាតិសាសន៍ទាំង‌ឡាយ នឹងឃើញសាក‌សពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតឲ្យយកសាក‌សពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។

10 មនុស្ស‌ម្នាដែលរស់នៅផែន‌ដីនឹងមានចិត្តត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះព្យាការី*ទាំងពីររូបបានធ្វើឲ្យមនុស្ស‌ម្នាដែលរស់នៅលើផែន‌ដីរង‌ទុក្ខលំបាកខ្លាំងណាស់។

11 បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិត មួយចេញពីព្រះ‌ជា‌ម្ចាស់ មកចូលក្នុងសាក‌សពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើង ធ្វើឲ្យអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។

12 អ្នកទាំងពីរបានឮសំឡេងមួយពីលើមេឃ បន្លឺយ៉ាងខ្លាំងមកកាន់គេថា “សូមឡើងមកនេះ!”។ អ្នកទាំងពីរក៏ឡើងទៅលើមេឃ ក្នុងពពក* រីឯពួកសត្រូវក៏បានឃើញដែរ។

13 ខណៈនោះ ស្រាប់តែមានរញ្ជួយផែន‌ដីយ៉ាងខ្លាំង ក្រុងរលំអស់មួយភាគដប់ មនុស្សប្រាំ‌ពីរពាន់នាក់បានបាត់បង់ជីវិតនៅពេលរញ្ជួយផែន‌ដី។ អ្នកសល់ពីស្លាប់ភ័យញ័ររន្ធត់ នាំគ្នាលើកតម្កើងសិរី‌រុងរឿងព្រះ‌ជា‌ម្ចាស់នៃស្ថានបរម‌សុខ*»។

14 ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។

សំឡេងត្រែទីប្រាំ‌ពីរ

15 ទេវតា*ទីប្រាំ‌ពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះ‌អម្ចាស់នៃយើង និងថ្វាយព្រះ‌គ្រិស្ដរបស់ព្រះ‌អង្គ ហើយទ្រង់នឹងគ្រងរាជ្យអស់‌កល្បជាអង្វែងតរៀងទៅ!»។

16 ពេលនោះ ព្រឹទ្ធា‌ចារ្យ*ទាំងម្ភៃបួនរូបដែលអង្គុយលើបល្ល័ង្កនៅខាងមុខព្រះ‌ជា‌ម្ចាស់ ក៏នាំគ្នាក្រាបអោនមុខដល់ដី ហើយថ្វាយ‌បង្គំព្រះ‌ជា‌ម្ចាស់

17 ទាំងពោលថា៖

«បពិត្រព្រះ‌ជា‌អម្ចាស់

ជាព្រះដ៏មានព្រះ‌ចេស្ដាលើអ្វីៗទាំងអស់

ព្រះ‌អង្គមានព្រះ‌ជន្មគង់នៅសព្វថ្ងៃនេះ

ហើយក៏មានព្រះ‌ជន្មគង់នៅ

តាំងពីដើមរៀងមកដែរ!

យើងខ្ញុំសូមអរព្រះ‌គុណព្រះ‌អង្គ

ព្រោះទ្រង់បានយកឫទ្ធា‌នុភាពដ៏ខ្លាំងក្លា

របស់ព្រះ‌អង្គ

មកតាំងព្រះ‌រាជ្យរបស់ព្រះ‌អង្គឡើង។

18 ជាតិសាសន៍នានាបាននាំគ្នាខឹង

ហើយពេលដែលព្រះ‌អង្គសម្តែងព្រះ‌ពិរោធ

ក៏មកដល់ដែរ

គឺជាពេលកំណត់ដែលព្រះ‌អង្គវិនិច្ឆ័យទោស

មនុស្សស្លាប់។

នៅពេលនោះ ព្រះ‌អង្គនឹងប្រទានរង្វាន់ដល់

ពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះ‌អង្គ

ដល់ប្រជា‌ជនដ៏‌វិសុទ្ធ*

និងដល់អស់អ្នកដែលគោរពកោតខ្លាច

ព្រះ‌នាមព្រះ‌អង្គ ទាំងអ្នកតូច ទាំងអ្នកធំ

ហើយក៏ជាពេលដែលព្រះ‌អង្គត្រូវបំផ្លាញ

អស់អ្នកដែលបានបំផ្លាញផែន‌ដីដែរ»។

19 ពេលនោះ ទ្វារព្រះ‌វិហារ*របស់ព្រះ‌ជា‌ម្ចាស់នៅស្ថានបរម‌សុខក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធ‌មេត្រី*របស់ព្រះ‌អង្គ ក៏លេចមកនៅក្នុងព្រះ‌វិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរ‌លាន់ មានរញ្ជួយផែន‌ដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។

—https://d1b84921e69nmq.cloudfront.net/364/32k/REV/11-c1a30b139b412a155e5e7408e15d826a.mp3?version_id=85—