លោកុ‌ប្បត្តិ 49

លោកយ៉ាកុបឲ្យពរកូនៗទាំងដប់‌ពីរនាក់

1 លោកយ៉ាកុបហៅកូនៗឲ្យមកជុំគ្នា ហើយមានប្រសាសន៍ថា៖ «ចូរមកជួប‌ជុំគ្នា ពុកនឹងប្រាប់ឲ្យកូនៗដឹងអំពីហេតុ‌ការណ៍ ដែលត្រូវកើតមានដល់កូនៗក្នុងពេលអនាគត។

2 កូនចៅរបស់យ៉ាកុបអើយ

ចូរមកជួប‌ជុំគ្នា ហើយស្ដាប់!

ចូរស្ដាប់អ៊ីស្រា‌អែលជាឪពុក

3 រូបេនជាកូនច្បងរបស់ពុក

កូនជាផលនៃកម្លាំងរបស់ពុក

ហើយពុកបានបង្កើតកូនមកមុនគេ

ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។

កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។

4 កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង

តែកូនមិនអាចធ្វើជាមេគេបានទេ

ព្រោះកូនបានបង្អាប់កិត្តិយសពុក

ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។

5 ស៊ីម្មាន និងលេវីជាបង‌ប្អូននឹងគ្នា

គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ

6 ពុកមិនព្រមរួមចំណែកក្នុងការឃុប‌ឃិតរបស់គេទេ។

ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ

ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស

ហើយពេលចង់សប្បាយ

គេកាត់ជើងគោលេង។

7 ពុកដាក់បណ្ដាសាកំហឹងរបស់គេ

ព្រោះកំហឹងនេះកាចសាហាវណាស់

ហើយពេលគេក្ដៅក្រហាយ

គេគ្មានចិត្តត្រាប្រណីទាល់តែសោះ!

ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជ‌ពង្សយ៉ាកុប

ពុកនឹងកំចាត់‌កំចាយគេក្នុងស្រុកអ៊ីស្រា‌អែល។

8 យូដាអើយ បង‌ប្អូនកូននឹងលើកតម្កើងកូនឡើង

កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន

បង‌ប្អូនបង្កើតរបស់កូននឹងក្រាបថ្វាយ‌បង្គំកូន។

9 យូដាកូនអើយ កូនប្រៀបបាននឹងសត្វ

សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី

ពេលសិង្ហស្ទាវនេះក្រាបក្ដី ដេកក្ដី

វាមានឫទ្ធិដូចសិង្ហឈ្មោល និងសិង្ហញី

គ្មាននរណាហ៊ានដាស់ទេ។

10 ព្រះ‌ខ័ន‌រាជ្យនឹងមិនចាកចេញពីយូដាឡើយ

ពូជ‌ពង្សយូដានឹងគ្រងរាជ្យជា‌និច្ច

រហូតទាល់តែព្រះមហា‌ក្សត្រ

ដែលជាម្ចាស់នៃព្រះ‌ខ័ន‌រាជ្យនេះយាងមកដល់

ហើយប្រជា‌រាស្ត្រនានាត្រូវតែចុះចូលនឹងព្រះ‌អង្គ។

11 ព្រះ‌អង្គចងលារបស់ព្រះ‌អង្គជាប់នឹង

ដើមទំពាំង‌បាយជូរ

ហើយចងកូនលាជាប់នឹងមែកវា។

ព្រះ‌អង្គលាងព្រះ‌ពស្ដ្ររបស់ព្រះ‌អង្គ

ក្នុងស្រាទំពាំង‌បាយជូរ

ហើយលាងព្រះ‌ភូសារបស់ព្រះ‌អង្គ

ក្នុងទឹកទំពាំង‌បាយជូរ។

12 ព្រះ‌នេត្ររបស់ព្រះ‌អង្គក្រហម

ជាងស្រាទំពាំង‌បាយជូរ

ហើយព្រះ‌ទន្តរបស់ព្រះ‌អង្គ

សជាងទឹកដោះគោទៅទៀត។

13 សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ

ព្រមទាំងនាវាចតនៅតាមកំពង់‌ផែ

ព្រំ‌ប្រទល់របស់សាប់‌យូឡូន

លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។

14 អ៊ីសា‌ខារប្រៀបដូចជាសត្វលាដ៏មាំ

ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។

15 អ៊ីសា‌ខារយល់ឃើញថា

កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ

ហើយស្រុកនោះក៏ស្រួលរស់នៅផង

ដូច្នេះ អ៊ីសា‌ខារក៏អោនខ្លួនឲ្យគេដាក់កែប

ផ្ទុករបស់របរពីលើ

និងឲ្យគេប្រើដូចទាសករផង។

16 ដាន់គ្រប់‌គ្រងលើប្រជា‌ជនរបស់ខ្លួន

ក្នុងចំណោមកុល‌សម្ព័ន្ធអ៊ីស្រា‌អែល

17 ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ

ដូចពស់វែកនៅតាមផ្លូវលំ

ដែលចាំតែចឹកកែងជើងសេះ

បណ្ដាលឲ្យអ្នកជិះដាច់‌ផ្ងារធ្លាក់ចុះមកក្រោម។

18 ឱព្រះ‌អម្ចាស់អើយ

ទូលបង្គំសង្ឃឹមថាព្រះ‌អង្គនឹងសង្គ្រោះទូលបង្គំ!

19 កាដត្រូវកង‌ទ័ពមួយមកវាយសម្រុក

តែកាដនឹងវាយកង‌ទ័ពនោះពីក្រោយខ្នងវិញ។

20 អេ‌ស៊ើរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេស

កូននឹងធ្វើព្រះ‌ស្ងោយថ្វាយព្រះ‌មហា‌ក្សត្រ។

21 ណែប‌ថាលីប្រៀបបាននឹងសត្វក្ដាន់ញី

ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។

22 យ៉ូសែបប្រៀបបាននឹងពន្លក

លូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹក

មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។

23 ខ្មាំងសត្រូវនាំគ្នារករឿងយ៉ូសែប

គេបាញ់ព្រួញមកលើយ៉ូសែប

24 ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង

យ៉ូសែបនៅតែខ្លាំងពូកែជា‌និច្ច។

សូមឫទ្ធា‌នុភាពនៃព្រះរបស់យ៉ាកុប

ដែលគ្មាននរណាអាចយកជ័យ‌ជំនះបាន

សូមព្រះ‌អង្គដែលជាគង្វាល

និងជាថ្ម‌ដារបស់ជន‌ជាតិអ៊ីស្រា‌អែល

25 សូមព្រះរបស់ពុកជួយទំនុកបម្រុងកូន

សូមព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត

ប្រទានពរកូន

គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ

ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ

ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។

26 សូមឲ្យពរដែលពុកផ្ដល់ដល់កូននេះ

បានប្រសើរលើសពរដូនតារបស់ពុក

និងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិត‌ស្ថេរ

អស់‌កល្បជា‌និច្ចទៅទៀត។

សូមឲ្យពរទាំងនេះធ្លាក់មកលើយ៉ូសែប

គឺធ្លាក់មកលើសក់របស់យ៉ូសែប ដែលព្រះ‌អង្គ

បានញែកចេញពីចំណោមបង‌ប្អូនរបស់ខ្លួន

ដើម្បីឲ្យបម្រើព្រះ‌អង្គ។

27 បេន‌យ៉ាមីនប្រៀបបាននឹងចចកដ៏សាហាវ

ដែលសម្លាប់សត្វហែកស៊ីនៅពេលព្រឹក

និងយករំពាមកចែកគ្នានៅពេលល្ងាច»។

28 លោកទាំងនោះជាកុល‌សម្ព័ន្ធទាំងដប់‌ពីររបស់ជន‌ជាតិអ៊ីស្រា‌អែល។ លោកយ៉ាកុបបានផ្ដែផ្ដាំដូច្នេះ នៅពេលលោកឲ្យពរកូនទាំងដប់‌ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។

លោកយ៉ាកុបទទួលមរណ‌ភាព

29 បន្ទាប់មក លោកយ៉ាកុបផ្ដែផ្ដាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួប‌ជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងគុហា ដែលនៅក្នុងចម្ការរបស់លោកអេប្រូនជាជន‌ជាតិហេត

30 គឺនៅក្នុងចម្ការម៉ាក‌ពេឡា ជិតម៉ាម‌រ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជន‌ជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។

31 នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។

32 លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជន‌ជាតិហេត»។

33 លោកយ៉ាកុបបានផ្ដែផ្ដាំកូនៗចប់សព្វគ្រប់ហើយ លោកលើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួប‌ជុំជាមួយដូនតារបស់លោក។