លោកុ‌ប្បត្តិ 48

លោកយ៉ាកុបឲ្យពរកូនរបស់លោកយ៉ូសែប

1 ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណា‌សេ និងអេប្រាអ៊ីមទៅជាមួយផង។

2 គេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបជាកូនមករកជួបលោក»។ លោកអ៊ីស្រា‌អែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។

3 លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះ‌ជាម្ចាស់ដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត ដែលយាងមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន បានប្រទានពរពុក។

4 ព្រះ‌អង្គមានព្រះ‌បន្ទូលមកពុកថា “យើងនឹងធ្វើឲ្យអ្នកមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជា‌ជាតិដ៏ច្រើន។ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជ‌ពង្សរបស់អ្នក ទុកជាកម្មសិទ្ធិរហូតតទៅ”។

5 ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណា‌សេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។

6 ចំពោះកូនឯទៀតៗដែលកូនបានបង្កើតមកតាមក្រោយ ទើបរាប់ថាជាកូនរបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះនឹងទទួលកេរ‌មត៌ក តាមរយៈអេប្រាអ៊ីម និងម៉ាណា‌សេ។

7 ពេលពុកត្រឡប់មកពីស្រុកប៉ាដាន់វិញ រ៉ាជែល ម្ដាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេ‌ហិម»។

8 លោកអ៊ីស្រា‌អែលសម្លឹងមើលកូនប្រុសរបស់លោកយ៉ូសែប ហើយសួរថា៖ «អ្នកទាំងពីរជានរណា?»។

9 លោកយ៉ូសែបឆ្លើយថា៖ «នេះជាកូនៗដែលព្រះ‌ជាម្ចាស់ប្រទានមកកូន នៅស្រុកនេះ»។ លោកអ៊ីស្រា‌អែលមានប្រសាសន៍ថា៖ «ចូរកូននាំវាចូលមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។

10 ពេលនោះ ភ្នែករបស់លោកអ៊ីស្រា‌អែលចុះអន់‌ថយ ព្រោះលោកចាស់ហើយ មើលអ្វីពុំឃើញទៀតទេ។ លោកយ៉ូសែបនាំកូនចូលទៅជិតឪពុក លោកអ៊ីស្រា‌អែលក៏ឱបថើបចៅ។

11 លោកអ៊ីស្រា‌អែលមានប្រសាសន៍ថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថានឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ ព្រះ‌ជាម្ចាស់បានប្រោសឲ្យពុកឃើញពូជ‌ពង្សរបស់កូនថែមទៀត!»។

12 លោកយ៉ូសែបបានយកកូនៗចេញពីភ្លៅឪពុក រួចលោកក្រាបចុះ អោនមុខដល់ដី ។

13 បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចូលមកជិតឪពុក លោកកាន់អេប្រាអ៊ីមនៅដៃស្ដាំ គឺឲ្យនៅខាងឆ្វេងលោកអ៊ីស្រា‌អែល និងកាន់ម៉ាណា‌សេនៅដៃឆ្វេង គឺនៅខាងស្ដាំលោកអ៊ីស្រា‌អែល។

14 លោកអ៊ីស្រា‌អែលបានខ្វែងដៃ គឺលោកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមជាប្អូន និងដាក់ដៃឆ្វេងលើក្បាលម៉ាណា‌សេជាកូនច្បង

15 រួចលោកឲ្យពរលោកយ៉ូសែបថា៖

«សូមព្រះ‌ជាម្ចាស់ដែលលោកអប្រាហាំ

និងលោកអ៊ីសាកធ្លាប់គោរពបម្រើ

សូមព្រះ‌ជាម្ចាស់ដែលថែ‌រក្សាពុក

តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ

16 សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុត

ពីគ្រោះថ្នាក់គ្រប់យ៉ាង

ប្រទានពរកូនប្រុសទាំងពីរ!

សូមឲ្យគេរំឭកឈ្មោះពុក

ឈ្មោះរបស់លោកអប្រាហាំជាជីតា

និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក

តាមរយៈកូនទាំងពីរ។

សូមឲ្យកូនទាំងពីរមានកូនចៅ

ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។

17 លោកយ៉ូសែបឃើញឪពុកដាក់ដៃស្ដាំលើក្បាលអេប្រាអ៊ីមដូច្នេះ លោកមិនពេញចិត្តទេ។ លោកទាញដៃឪពុកចេញពីក្បាលអេប្រាអ៊ីម យកទៅដាក់លើក្បាលរបស់ម៉ាណា‌សេ។

18 លោកយ៉ូសែបជម្រាបឪពុកថា៖ «មិនមែនដូច្នេះទេពុក កូនបងនៅខាងនេះ សូមដាក់ដៃស្ដាំលើក្បាលវាឯ‌ណេះវិញ»។

19 ប៉ុន្តែ ឪពុកលោកប្រកែកថា៖ «ពុកដឹងហើយកូន ពុកដឹងហើយថាម៉ាណា‌សេជាកូនច្បង វាក៏នឹងបានទៅជាប្រជា‌ជាតិមួយដ៏ធំដែរ។ ប៉ុន្តែ ប្អូនរបស់វានឹងបានទៅជាប្រជា‌ជាតិមួយធំជាងវាទៅទៀត។ ពូជ‌ពង្សរបស់អេប្រាអ៊ីមនឹងទៅបានជាប្រជា‌ជាតិដ៏ធំ»។

20 នៅថ្ងៃនោះ លោកអ៊ីស្រា‌អែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជន‌ជាតិអ៊ីស្រា‌អែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមព្រះ‌ជាម្ចាស់ប្រោសប្រទានឲ្យអ្នកបានចម្រុង‌ចម្រើន ដូចអេប្រាអ៊ីម និងម៉ាណា‌សេ!»។ លោកអ៊ីស្រា‌អែលហៅឈ្មោះអេប្រាអ៊ីមមុនម៉ាណា‌សេ។

21 លោកអ៊ីស្រា‌អែលមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «មើល៍ ពុកជិតលាចាកលោកនេះហើយ! ប៉ុន្តែ ព្រះ‌ជាម្ចាស់គង់នៅជាមួយកូនៗទាំងអស់គ្នា ព្រះ‌អង្គក៏នឹងនាំកូនៗវិលត្រឡប់ទៅស្រុករបស់ដូនតាកូនវិញដែរ។

22 ពុកឲ្យតំបន់ស៊ីគែមដល់កូន គឺមួយចំណែកលើសបង‌ប្អូនរបស់កូន ជាដីដែលពុកបានរឹបយកពីជន‌ជាតិអាម៉ូរី ដោយដាវ និងធ្នូរបស់ពុកផ្ទាល់»។