លោកុ‌ប្បត្តិ 41

សុបិនរបស់ព្រះចៅផារ៉ោន

1 ពីរឆ្នាំក្រោយមក ព្រះចៅផារ៉ោនសុបិនដូចតទៅ គឺឃើញព្រះ‌អង្គឈរនៅមាត់ទន្លេនីល។

2 មានគោញីប្រាំ‌ពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។

3 បន្ទាប់មក មានគោញីប្រាំ‌ពីរក្បាលទៀត ស្គមៗសល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។

4 គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។

5 បន្ទាប់មក ស្ដេចផ្ទំលក់សាជាថ្មី ហើយទ្រង់សុបិនម្ដងទៀត។ ស្ដេចសុបិនឃើញស្រូវប្រាំ‌ពីរកួរធំៗល្អលូតចេញពីដើមតែមួយ

6 ហើយមានស្រូវប្រាំ‌ពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។

7 កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។

8 ព្រឹកឡើងព្រះចៅផារ៉ោនមានព្រះ‌ហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ស្ដេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយតំណាលអំពីសុបិនរបស់ស្ដេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះថ្វាយព្រះចៅផារ៉ោនបានឡើយ។

9 ពេលនោះ មហា‌តលិកដែលមាននាទីថ្វាយស្រា បានទូលព្រះចៅផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំសូមសារភាពកំហុសមួយ។

10 កាលព្រះ‌ករុណាខ្ញាល់នឹងអ្នកបម្រើរបស់ព្រះ‌អង្គ ហើយបញ្ជាឲ្យគេយកទូលបង្គំ ព្រមទាំងមហា‌តលិកដែលមាននាទីថ្វាយនំប៉័ង ទៅឃុំ‌ឃាំងក្នុងពន្ធ‌នាគាររបស់លោកមេបញ្ជាការកង‌រក្សាព្រះ‌អង្គ។

11 ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ដែលមានន័យប្លែកពីគ្នា។

12 ក្នុងពន្ធ‌នាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់លោកមេបញ្ជាការកង‌រក្សាព្រះ‌អង្គ ទូលបង្គំទាំងពីរបានតំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យទូលបង្គំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។

13 ក្រោយមក មានហេតុ‌ការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺព្រះ‌ករុណាប្រទានឲ្យទូលបង្គំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្ដេចឲ្យគេព្យួរ-ក មហា‌តលិកម្នាក់ទៀត»។

14 ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធ‌នាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀក‌បំពាក់ ចូលគាល់ព្រះចៅផារ៉ោន។

15 ព្រះចៅផារ៉ោនមានរាជ‌ឱង្ការមកកាន់លោកយ៉ូសែបថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេតំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។

16 លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «មិនមែនទូលបង្គំទេដែលចេះកាត់ស្រាយន័យ! មានតែព្រះ‌ជាម្ចាស់មួយព្រះ‌អង្គប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យថ្វាយព្រះ‌ករុណាបាន»។

17 ពេលនោះ ព្រះចៅផារ៉ោនមានរាជ‌ឱង្ការមកលោកយ៉ូសែបថា៖ «យើងបានយល់សុបិនថា យើងកំពុងតែឈរនៅមាត់ទន្លេ។

18 ពេលនោះ មានគោញីធាត់ៗល្អប្រាំ‌ពីរក្បាល ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។

19 បន្ទាប់មក មានគោញីប្រាំ‌ពីរក្បាលទៀត ស្គមៗ អាក្រក់មើល សល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយដែរ យើងមិនដែលឃើញគោណាអាក្រក់មើលបែបនេះ នៅស្រុកអេស៊ីបទាំងមូលឡើយ។

20 គោញីស្គមៗសល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗដែលឡើងមកមុននោះអស់ទៅ។

21 ទោះបីគោញីស្គមៗលេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។

22 បន្ទាប់មក យើងយល់សុបិនម្ដងទៀត ឃើញមានកួរស្រូវប្រាំ‌ពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ

23 ហើយមានកួរស្រូវប្រាំ‌ពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។

24 កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានតំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឲ្យយើងបានឡើយ»។

25 លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «សុបិនរបស់ព្រះ‌ករុណាមានអត្ថន័យដូចគ្នាទេ គឺព្រះ‌ជាម្ចាស់បានបង្ហាញឲ្យព្រះ‌ករុណាជ្រាបអំពីកិច្ចការ ដែលព្រះ‌អង្គបម្រុងនឹងធ្វើ។

26 គោញីធាត់ៗល្អទាំងប្រាំ‌ពីរក្បាលមានន័យថា ប្រាំ‌ពីរឆ្នាំ រីឯកួរស្រូវល្អៗក៏មានន័យថា ប្រាំ‌ពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។

27 គោញីប្រាំ‌ពីរក្បាលស្គម សល់តែស្បែក និងឆ្អឹង ដែលឡើងមកតាមក្រោយនោះ មានន័យថាប្រាំ‌ពីរឆ្នាំដែរ ហើយកួរស្រូវស្កកដែលស្លោកដោយចំហាយខ្យល់ពីទិសខាងកើតនោះ មានន័យថា មានកើតទុរ្ភិក្សប្រាំ‌ពីរឆ្នាំ។

28 បពិត្រព្រះចៅផារ៉ោន ទូលបង្គំទើបនឹងទូលព្រះ‌ករុណាស្រាប់ហើយ ថាព្រះ‌ជាម្ចាស់បានបង្ហាញឲ្យព្រះ‌ករុណាជ្រាបអំពីហេតុ‌ការណ៍ ដែលព្រះ‌អង្គបម្រុងនឹងធ្វើ

29 គឺក្នុងអំឡុងប្រាំ‌ពីរឆ្នាំ ស្រុកអេស៊ីបទាំងមូលនឹងមានភោគ‌ផលយ៉ាងសម្បូណ៌ហូរ‌ហៀរ។

30 ប្រាំ‌ពីរឆ្នាំបន្ទាប់មកទៀតនឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជា‌ជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគ‌ផលសម្បូណ៌ហូរ‌ហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិន‌បង្ហោចស្រុកអេស៊ីបអស់គ្មានសល់។

31 ប្រជា‌ជននឹងលែងនឹកឃើញអំពីគ្រាសម្បូណ៌ហូរ‌ហៀរ ក្នុងស្រុកទៀតហើយ ព្រោះតែអត់ឃ្លានខ្លាំងពេក។

32 ព្រះ‌ករុណាទ្រង់សុបិនដល់ទៅពីរដងដូច្នេះ បញ្ជាក់ថា ព្រះ‌ជាម្ចាស់បានគ្រោងនឹងធ្វើកិច្ចការនេះរួចស្រេចហើយ ហើយព្រះ‌អង្គនឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។

33 ឥឡូវនេះ សូមព្រះ‌ករុណារកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាស‌វៃ ហើយតែង‌តាំងគាត់ឲ្យគ្រប់‌គ្រងលើស្រុកអេស៊ីប។

34 សូមព្រះ‌ករុណាតែង‌តាំងមន្ត្រីផ្សេងៗឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំពីភោគ‌ផលទុក ក្នុងអំឡុងពេលប្រាំ‌ពីរឆ្នាំ ដែលសម្បូណ៌ហូរ‌ហៀរខាងមុខនេះ។

35 មន្ត្រីទាំងនោះត្រូវប្រមែ‌ប្រមូលស្បៀងអាហារ ក្នុងរយៈពេលប្រាំ‌ពីរឆ្នាំសម្បូណ៌ហូរ‌ហៀរ បង្ការទុកនៅក្នុងឃ្លាំងតាមក្រុងនានា ក្រោមព្រះ‌រាជបញ្ជារបស់ព្រះ‌ករុណាផ្ទាល់។

36 ស្បៀងនោះត្រូវរក្សាទុកសម្រាប់ស្រុកទេស ដើម្បីយកមកប្រើ‌ប្រាស់ក្នុងពេលទុរ្ភិក្សប្រាំ‌ពីរឆ្នាំ នៅស្រុកអេស៊ីប កុំឲ្យប្រជា‌ជនត្រូវស្លាប់ដោយអត់ឃ្លាន»។

ព្រះចៅផារ៉ោនតែង‌តាំងលោកយ៉ូសែបឲ្យគ្រប់‌គ្រងលើស្រុកអេស៊ីប

37 ព្រះចៅផារ៉ោនសព្វព្រះ‌ហឫទ័យនឹងពាក្យរបស់លោកយ៉ូសែប ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។

38 ព្រះចៅផារ៉ោនមានរាជ‌ឱង្ការទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់គង់ជាមួយ ដូចលោកនេះឡើយ»។

39 ព្រះចៅផារ៉ោនមានរាជ‌ឱង្ការមកកាន់លោកយ៉ូសែបថា៖ «ព្រះ‌ជាម្ចាស់បានបង្ហាញឲ្យលោកដឹងហេតុ‌ការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាង‌វៃដូចលោកទេ។

40 ដូច្នេះ យើងសុំតែង‌តាំងលោកឲ្យគ្រប់‌គ្រងលើស្រុកអេស៊ីប ហើយប្រជា‌រាស្ត្ររបស់យើងទាំងមូលនឹងស្ថិតនៅក្រោមបញ្ជារបស់លោក។ មានតែព្រះ‌រាជបល្ល័ង្កមួយប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឋានៈខ្ពស់ជាងលោក»។

41 ព្រះចៅផារ៉ោនមានរាជ‌ឱង្ការមកលោកយ៉ូសែបទៀតថា៖ «ឥឡូវនេះ យើងតែង‌តាំងលោកឲ្យគ្រប់‌គ្រងលើស្រុកអេស៊ីបទាំងមូល»។

42 ពេលនោះ ព្រះចៅផារ៉ោនដោះព្រះ‌ទម្រង់ពីព្រះ‌ហស្តព្រះ‌អង្គ ពាក់ឲ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកថែមទៀតផង

43 រួចឲ្យលោកឡើងជិះរាជ‌រថ ដែលនៅបន្ទាប់ពីព្រះ‌អង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយ‌បង្គំ!»។ ព្រះចៅផារ៉ោនបានតែង‌តាំងលោកយ៉ូសែបឲ្យគ្រប់‌គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។

44 ព្រះចៅផារ៉ោនមានរាជ‌ឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។

45 ព្រះចៅផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា “សាប់‌ណាត់‌ផានា” ហើយស្ដេចដណ្ដឹងនាងអាស‌ណាត់ ដែលត្រូវជាកូនស្រីរបស់លោកប៉ូទី‌ផេរ៉ា ជាបូជា‌ចារ្យនៅក្រុងអូន មកឲ្យលោកធ្វើជាភរិយា។ ពេលនោះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។

46 កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាម‌សិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាស‌ពេញស្រុកអេស៊ីបទាំងមូល។

47 ក្នុងរយៈពេលប្រាំ‌ពីរឆ្នាំដ៏សម្បូណ៌ហូរ‌ហៀរនោះ ដីស្រុកអេស៊ីបបានផ្ដល់ភោគ‌ផលយ៉ាងច្រើនបរិបូណ៌។

48 ក្នុងអំឡុងពេលប្រាំ‌ពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគ‌ផលតាមស្រែចម្ការជុំ‌វិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។

49 លោកយ៉ូសែបប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់ឡើយ។

50 នៅឆ្នាំមុនកើតទុរ្ភិក្ស លោកស្រីអាស‌ណាត់ជាកូនរបស់លោកប៉ូទី‌ផេរ៉ា បូជា‌ចារ្យនៅក្រុងអូន បានបង្កើតកូនប្រុសពីរជូនលោកយ៉ូសែប។

51 លោកយ៉ូសែបដាក់ឈ្មោះកូនបងថា “ម៉ា‌ណាសេ” ដ្បិតលោកពោលថា “ព្រះ‌ជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិ‌សន្ដានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។

52 លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះ‌ជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។

53 លុះស្រុកអេស៊ីបបានសម្បូណ៌ហូរ‌ហៀរគម្រប់ប្រាំ‌ពីរឆ្នាំហើយ

54 ទុរ្ភិក្សប្រាំ‌ពីរឆ្នាំក៏ចាប់ផ្ដើមកើតមាន ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូលមានអាហារបរិភោគគ្រប់គ្រាន់។

55 ក្រោយមក ប្រជា‌ជននៅស្រុកអេស៊ីបចាប់ផ្ដើមខ្វះខាត គេក៏នាំគ្នាទាម‌ទារសុំស្បៀងអាហារពីព្រះចៅផារ៉ោន ព្រះចៅផារ៉ោនមានរាជ‌ឱង្ការទៅកាន់ជន‌ជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមពាក្យលោកចុះ»។

56 ពេលនោះ ទុរ្ភិក្សបានរាល‌ដាលពាស‌ពេញស្រុកអេស៊ីបទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងប៉ុន្មាននៅតាមក្រុងនានា លក់ស្រូវឲ្យជន‌ជាតិអេស៊ីប ប៉ុន្តែ ទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗ ក្នុងស្រុកអេស៊ីប។

57 មនុស្ស‌ម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាល‌ដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។