លោកុ‌ប្បត្តិ 13

លោកឡុតបែកចេញពីលោកអាប់រ៉ាម

1 លោកអាប់រ៉ាមបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់លោក។ លោកឡុតក៏មកជាមួយដែរ។

2 លោកអាប់រ៉ាមមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។

3 លោកបានធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិបរហូតទៅដល់បេត‌អែល ជាកន្លែងដែលលោកធ្លាប់បោះជំរំកាលពីដំបូង នៅចន្លោះបេត‌អែល និងក្រុងអៃ

4 គឺនៅកន្លែងដែលលោកបានសង់អាសនៈមួយកាលពីមុន។ លោកក៏គោរពបម្រើព្រះ‌នាមព្រះ‌អម្ចាស់នៅទីនោះ។

5 លោកឡុតដែលមកជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។

6 ស្រុកនោះពុំមានលទ្ធ‌ភាពឲ្យលោកទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតលោកទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។

7 ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអាប់រ៉ាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជន‌ជាតិកាណាន និងជន‌ជាតិពេរិ‌ស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។

8 លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់លោកឡុតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំឲ្យមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបង‌ប្អូននឹងគ្នា។

9 មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្ដាំ ហើយបើក្មួយទៅខាងស្ដាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។

10 លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះ‌អម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះ‌អម្ចាស់គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។

11 លោកឡុតជ្រើស‌រើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។

12 លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណាន រីឯលោកឡុតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។

13 អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះ‌អម្ចាស់។

ព្រះ‌បន្ទូលសន្យារបស់ព្រះ‌អម្ចាស់

14 ក្រោយពេលលោកឡុតបែកចេញពីលោកអាប់រ៉ាមទៅព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ!

15 ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូលដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជ‌ពង្សរបស់អ្នករហូតតទៅ។

16 យើងនឹងធ្វើឲ្យពូជ‌ពង្សរបស់អ្នកកើនចំនួនច្រើនដូចធូលីដី គ្មាននរណាអាចរាប់ពូជ‌ពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។

17 ចូរក្រោកឡើង ដើរឲ្យសព្វទីកន្លែងក្នុងស្រុកនេះទៅ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។

18 លោកអាប់រ៉ាមរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ ជិតក្រុងហេ‌ប្រុន។ នៅទីនោះ លោកបានសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញ‌បូជាថ្វាយព្រះ‌អម្ចាស់។