លេវី‌វិន័យ 27

អំពីបំណន់ និងតង្វាយមួយភាគដប់

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: ប្រសិនបើមានគេបន់ព្រះ‌អម្ចាស់ដោយសន្យាថ្វាយនរណាម្នាក់ទៅព្រះ‌អង្គ គេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។

3 ត្រូវវាយតម្លៃមនុស្សដូចតទៅ: មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំទៅហុក‌សិបឆ្នាំ ត្រូវគិតជាប្រាក់ដប់‌ប្រាំតម្លឹង តាមទម្ងន់ដែលប្រើ‌ប្រាស់ក្នុងទី‌សក្ការៈ។

4 ប្រសិនបើជាស្ត្រី ត្រូវគិតជាប្រាក់ប្រាំ‌បួនតម្លឹង។

5 ចំពោះមនុស្សមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុសត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។

6 ក្មេងមានអាយុពីមួយខែទៅប្រាំឆ្នាំ ត្រូវគិតជាប្រាក់មួយតម្លឹងកន្លះសម្រាប់ក្មេងប្រុស ហើយប្រាំបួនជីសម្រាប់ក្មេងស្រី។

7 ចំពោះចាស់ៗមានអាយុពីហុក‌សិបឆ្នាំឡើងទៅ ត្រូវគិតបួនតម្លឹងកន្លះសម្រាប់មនុស្សប្រុស ហើយបីតម្លឹងសម្រាប់មនុស្សស្រី។

8 ប្រសិនបើអ្នកបន់នោះជាជនក្រីក្រពេក ពុំអាចបង់ប្រាក់តាមការវាយតម្លៃនេះ ត្រូវនាំអ្នកដែលខ្លួនសន្យាថ្វាយនោះ ទៅជួបបូជា‌ចារ្យ ហើយបូជា‌ចារ្យនឹងវាយតម្លៃគាត់ ដោយគិតតាមកម្រិតជីវ‌ភាពរបស់អ្នកបន់។

9 ប្រសិនបើគេបន់ដោយសន្យាយកសត្វមកថ្វាយព្រះ‌អម្ចាស់ត្រូវចាត់ទុកសត្វទាំងនោះជាសក្ការៈថ្វាយព្រះ‌អង្គ។

10 មិនត្រូវយកអ្វីមកដោះ‌ដូរសត្វដែលត្រូវថ្វាយព្រះ‌អង្គឡើយ គឺមិនត្រូវយកសត្វល្អ មកដូរយកសត្វអាក្រក់ ឬយកសត្វអាក្រក់មកដូរយកសត្វល្អទេ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ។

11 ប្រសិនបើគេបន់ដោយសន្យាថ្វាយសត្វមិនបរិសុទ្ធ គឺសត្វដែលមិនត្រូវថ្វាយព្រះ‌អម្ចាស់ត្រូវនាំសត្វនោះទៅជូនបូជា‌ចារ្យ

12 បូជា‌ចារ្យត្រូវពិនិត្យមើលគុណ‌ភាពរបស់សត្វនោះ រួចវាយតម្លៃ។

13 ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជា‌ចារ្យបានគិត។

14 ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះ‌អម្ចាស់បូជា‌ចារ្យត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬមិនល្អ រួចវាយតម្លៃ។

15 ប្រសិនបើម្ចាស់ផ្ទះចង់លោះផ្ទះរបស់ខ្លួន គាត់ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជា‌ចារ្យបានគិត ហើយផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់ខ្លួនវិញ។

16 ប្រសិនបើនរណាម្នាក់ចង់ញែកដី‌ធ្លីរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះ‌អម្ចាស់ត្រូវវាយតម្លៃដីដោយគិតតាមចំនួនស្រូវដែលសាបព្រោះ គឺស្រូវដប់‌ពីរថាំងគិតជាប្រាក់ដប់ប្រាំតម្លឹង។

17 ប្រសិនបើអ្នកនោះញែកដីរបស់ខ្លួនទុកជាសក្ការៈ នៅឆ្នាំមេត្តាករុណា ត្រូវវាយតម្លៃដីទៅតាមនោះដែរ។

18 ប្រសិនបើគេញែកដីរបស់ខ្លួនទុកជាសក្ការៈ ក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។

19 បើម្ចាស់ដីចង់លោះដីរបស់ខ្លួន គេត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដី ហើយដីនោះនឹងបានជាកម្មសិទ្ធិរបស់គេវិញ។

20 ប្រសិនបើគេមិនចង់លោះដីទេ តែលក់ទៅឲ្យអ្នកផ្សេង នោះគេមិនអាចលោះយកដីរបស់ខ្លួនមកវិញឡើយ។

21 នៅឆ្នាំមេត្តាករុណា ពេលអ្នកទិញត្រូវចាកចេញ ដីនោះនឹងទៅជាដីដ៏សក្ការៈរបស់ព្រះ‌អម្ចាស់ដែលគេថ្វាយផ្ដាច់ដល់ព្រះ‌អង្គ ហើយបានទៅជាកម្មសិទ្ធិរបស់បូជា‌ចារ្យ។

22 ប្រសិនបើនរណាម្នាក់ញែកដីមួយដុំថ្វាយជាសក្ការៈដល់ព្រះ‌អម្ចាស់ហើយដីនោះជាដីដែលគាត់ទិញ គឺមិនមែនជាកេរ‌អាករ

23 បូជា‌ចារ្យត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណា ម្ចាស់ដីត្រូវបង់ប្រាក់នៅថ្ងៃនោះតាមតម្លៃដែលបូជា‌ចារ្យបានគិត ហើយប្រាក់ថ្លៃដីត្រូវទុកជាសក្ការៈថ្វាយព្រះ‌អម្ចាស់។

24 លុះដល់ឆ្នាំមេត្តាករុណា ដីនោះនឹងបានទៅជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ។

25 ការវាយតម្លៃទាំងអស់ត្រូវគិតតាមទម្ងន់ដែលប្រើ‌ប្រាស់ក្នុងទី‌សក្ការៈ គឺឯក‌តានីមួយៗស្មើនឹងម្ភៃកេរ៉ា*។

26 មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងពីហ្វូងសត្វរបស់ខ្លួនថ្វាយព្រះ‌អម្ចាស់ឡើយ ដ្បិតកូនដំបូងរបស់សត្វ គឺទាំងកូនគោ ទាំងកូនចៀម ជាកម្មសិទ្ធិរបស់ព្រះ‌អម្ចាស់រួចស្រេចទៅហើយ។

27 ប្រសិនបើសត្វនោះជាសត្វមិនបរិសុទ្ធ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលបូជា‌ចារ្យបានគិត។

28 បើនរណាម្នាក់ថ្វាយរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់ដល់ព្រះ‌អម្ចាស់គេពុំអាចលក់ ឬក៏លោះយកតង្វាយនោះឡើយ ទោះបីតង្វាយនោះជាមនុស្ស ជាសត្វ ជាដី‌ធ្លីក៏ដោយ។ អ្វីៗដែលគេថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់នឹងបានទៅជាសក្ការៈថ្វាយព្រះ‌អង្គរហូត។

29 រីឯមនុស្សដែលគេថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់គ្មាននរណាមានសិទ្ធិលោះឡើយ គឺត្រូវតែប្រហារជីវិត។

30 តង្វាយមួយភាគដប់ទាំងអស់គឺភោគ‌ផលដែលកើតចេញពីដី ឬផ្លែឈើក្ដី ត្រូវទុកជាសក្ការៈថ្វាយព្រះ‌អម្ចាស់។

31 ប្រសិនបើនរណាម្នាក់ចង់លោះតង្វាយមួយភាគដប់មកវិញ ត្រូវបង់ប្រាក់ចំនួនមួយភាគប្រាំថែមពីលើ។

32 ចំពោះហ្វូងគោ និងហ្វូងចៀម ក៏ត្រូវថ្វាយសត្វមួយភាគដប់ទុកជាសក្ការៈដល់ព្រះ‌អម្ចាស់ដែរ។

33 ម្ចាស់មិនត្រូវរើសសត្វល្អ ឬមិនល្អ សម្រាប់ថ្វាយព្រះ‌អង្គទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញទេ»។

34 នេះហើយជាបទ‌បញ្ជា ដែលព្រះ‌អម្ចាស់ប្រទានមកលោកម៉ូសេនៅលើភ្នំស៊ីណៃ សម្រាប់ជន‌ជាតិអ៊ីស្រា‌អែល។