លេវី‌វិន័យ 25

ឆ្នាំសប្ប័ទ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃថា៖

2 «ចូរប្រាប់កូនចៅអ៊ីស្រា‌អែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាហើយ រៀងរាល់ប្រាំ‌ពីរឆ្នាំ ចូរទុកដីឲ្យនៅទំនេរមួយឆ្នាំ ដែលជាឆ្នាំសប្ប័ទថ្វាយព្រះ‌អម្ចាស់។

3 ក្នុងអំឡុងពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះនៅក្នុងស្រែចម្ការរបស់អ្នក ក្នុងអំឡុងពេលប្រាំមួយឆ្នាំ អ្នកអាចថែទាំចម្ការទំពាំង‌បាយជូរ និងបេះយកផ្លែបាន។

4 ប៉ុន្តែ ឆ្នាំទីប្រាំ‌ពីរជាឆ្នាំសប្ប័ទ ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ព្រោះជាឆ្នាំសប្ប័ទថ្វាយព្រះ‌អម្ចាស់។ អ្នកមិនត្រូវសាបព្រោះនៅក្នុងស្រែចម្ការ ហើយក៏មិនត្រូវថែទាំចម្ការទំពាំង‌បាយជូរដែរ។

5 អ្នកមិនត្រូវច្រូតយកផលពីគ្រាប់ដែលធ្លាក់ទៅលើដីកាលពីរដូវចម្រូតមុន ហើយក៏មិនត្រូវបេះផ្លែទំពាំង‌បាយជូរពីដើមដែលអ្នកទុកចោលនោះដែរ ព្រោះជាឆ្នាំដែលត្រូវទុកឲ្យដីនៅទំនេរទាំងស្រុង។

6 ទោះបីដីទំនេរនៅឆ្នាំសប្ប័ទនោះក៏ដោយ ក៏នៅតែផ្ដល់អាហារគ្រប់គ្រាន់ដល់អ្នក និងអ្នកបម្រើប្រុសស្រីរបស់អ្នក ព្រមទាំងកូនឈ្នួល និងមនុស្សដែលស្នាក់នៅជាបណ្ដោះ‌អាសន្នជាមួយអ្នក។

7 រីឯសត្វពាហនៈ និងសត្វព្រៃនៅក្នុងស្រុករបស់អ្នក ក៏ទទួលភោគ‌ផលពីដីជាចំណីដែរ»។

ឆ្នាំដែលត្រូវលោះកម្មសិទ្ធិ

8 «ចូររាប់ឆ្នាំសប្ប័ទប្រាំ‌ពីរដង គឺប្រាំ‌ពីរឆ្នាំប្រាំ‌ពីរដង សរុបទាំងអស់សែ‌សិប‌ប្រាំ‌បួនឆ្នាំ។

9 នៅខែទីប្រាំ‌ពីរ ថ្ងៃទីដប់ ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពងពាស‌ពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។

10 អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហា‌សិបនោះជាឆ្នាំដ៏‌វិសុទ្ធ ត្រូវប្រកាសសេរី‌ភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះត្រូវមានឈ្មោះថា “ឆ្នាំមេត្តាករុណា”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួប‌ជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។

11 ឆ្នាំទីហា‌សិប ជាឆ្នាំមេត្តាករុណានោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់ភោគ‌ផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដី កាលពីរដូវចម្រូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពាំង‌បាយជូរ ដែលអ្នករាល់គ្នាទុកចោលនោះដែរ។

12 អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំមេត្តាករុណាជាឆ្នាំសក្ការៈ។ អ្នករាល់គ្នានឹងបរិភោគអ្វីៗដែលដុះនៅក្នុងចម្ការ។

13 នៅឆ្នាំមេត្តាករុណា អ្នករាល់គ្នាអាចវិលទៅកាន់កាប់កម្មសិទ្ធិរបស់ខ្លួនវិញ។

14 ប្រសិនបើអ្នករាល់គ្នាលក់ ឬទិញអ្វី ពីជនរួមជាតិរបស់អ្នករាល់គ្នា មិនត្រូវកេងបន្លំគេឡើយ។

15 ពេលទិញដីពីជនរួមជាតិរបស់អ្នក ត្រូវគិតតម្លៃចាប់ពីឆ្នាំមេត្តាករុណាទៅ ហើយគេត្រូវលក់ឲ្យអ្នកដោយគិតតម្លៃតាមចំនួនឆ្នាំ ដែលអ្នកអាចច្រូតយកផលបាន រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។

16 ប្រសិនបើនៅសល់ច្រើនឆ្នាំមុននឹងដល់ឆ្នាំមេត្តាករុណា អ្នកអាចលក់ដីនោះថ្លៃ តែបើនៅសល់តិចឆ្នាំទេ នោះត្រូវបញ្ចុះតម្លៃ ដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។

17 មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា កេង‌ប្រវ័ញ្ចជនរួមជាតិរបស់ខ្លួនឡើយ ធ្វើដូច្នេះបានសេចក្ដីថា អ្នកគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។

18 ចូរប្រតិបត្តិតាមច្បាប់របស់យើង ចូរធ្វើតាមវិន័យរបស់យើង នោះអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខ‌សាន្តក្នុងស្រុក។

19 ដីនឹងផ្ដល់ភោគ‌ផល អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅយ៉ាងសុខ‌សាន្តក្នុងស្រុក។

20 ប្រសិនបើអ្នករាល់គ្នាពោលថា “នៅឆ្នាំទីប្រាំ‌ពីរ តើពួកយើងនឹងបានអ្វីបរិភោគ បើពួកយើងមិនសាបព្រោះ មិនច្រូតកាត់ដូច្នេះ!”។

21 នៅឆ្នាំទីប្រាំមួយ យើងនឹងឲ្យពរអ្នករាល់គ្នា គឺក្នុងឆ្នាំនោះ អ្នករាល់គ្នានឹងទទួលភោគ‌ផលគ្រប់គ្រាន់សម្រាប់បីឆ្នាំ។

22 អ្នករាល់គ្នាសាបព្រោះសាជាថ្មី នៅឆ្នាំទីប្រាំ‌បី តែអ្នករាល់គ្នាបរិភោគ‌ផលដែលប្រមូលបានពីមុន រហូតដល់ឆ្នាំទីប្រាំ‌បួន។ អ្នករាល់គ្នាត្រូវបរិភោគ‌ផលចាស់ រហូតទាល់តែបានទទួលភោគ‌ផលថ្មី។

23 អ្នករាល់គ្នាមិនអាចលក់ដីផ្ដាច់ឲ្យគេរហូតទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរ‌ទេស ដែលស្នាក់នៅជាបណ្ដោះ‌អាសន្នលើដីរបស់យើង។

24 នៅក្នុងស្រុកទាំងមូលដែលអ្នករាល់គ្នាចូលទៅចាប់យក ត្រូវបង្កើតឲ្យមានច្បាប់លោះដី។

25 ប្រសិនបើបង‌ប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់‌ញាតិដ៏ជិត‌ដិត ត្រូវមកលោះយកដីដែលបង‌ប្អូននោះលក់។

26 ប្រសិនបើអ្នកនោះគ្មានសាច់‌ញាតិមកលោះយកដីទេ ហើយប្រសិនបើគាត់ធូរ‌ធារអាចលោះដីនោះដោយខ្លួនឯងបាន

27 គាត់ត្រូវរាប់ចំនួនឆ្នាំ ចាប់ពីឆ្នាំដែលខ្លួនបានលក់ដីនោះ រហូតដល់ឆ្នាំមេត្តាករុណា រួចបង់ប្រាក់ទៅឲ្យអ្នកទិញតាមចំនួនឆ្នាំទាំងនោះ ហើយកាន់កាប់ទឹកដីរបស់ខ្លួនវិញ។

28 ប្រសិនបើគេគ្មានប្រាក់លោះដីនោះទេ ដីនោះត្រូវនៅជាកម្មសិទ្ធិរបស់អ្នកទិញ រហូតដល់ឆ្នាំមេត្តាករុណា។ នៅឆ្នាំមេត្តាករុណា អ្នកទិញត្រូវចាកចេញពីដីនោះ ហើយម្ចាស់ដីអាចវិលមកកាន់កាប់ដីរបស់ខ្លួនវិញ។

29 ប្រសិនបើនរណាម្នាក់លក់ផ្ទះរបស់ខ្លួននៅក្នុងក្រុងមួយដែលមានកំពែង គេមានសិទ្ធិលោះយកផ្ទះនោះមកវិញ ក្នុងអំឡុងមួយឆ្នាំក្រោយពេលលក់ គឺគេមានសិទ្ធិលោះក្នុងរយៈពេលមួយឆ្នាំ។

30 លុះផុតកំណត់ពេលមួយឆ្នាំហើយ ប្រសិនគេមិនលោះផ្ទះនៅក្នុងក្រុងទេ ផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់អ្នកទិញ និងពូជ‌ពង្សរហូត សូម្បីតែនៅឆ្នាំមេត្តាករុណាក៏ម្ចាស់ដើមមិនអាចយកវិញដែរ។

31 ចំណែកឯផ្ទះស្ថិតនៅតាមភូមិត្រូវគិតដូចដីឯទៀតៗដែរ គឺគេអាចលោះយកពេលណាក៏បាន ហើយទោះជាយ៉ាងណាក៏ដោយ អ្នកទិញត្រូវចាកចេញពីផ្ទះនោះនៅឆ្នាំមេត្តាករុណា។

32 ចំណែកក្រុងរបស់ពួកលេវីវិញ ពួកលេវីអាចលោះយកផ្ទះដែលគេមាននៅក្នុងក្រុងទាំងនោះ នៅពេលណាក៏បាន។

33 ទោះបីអ្នកទិញផ្ទះនោះជាពួកលេវីក្ដី នៅឆ្នាំមេត្តាករុណា ផ្ទះនោះនឹងទៅជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ ដ្បិតផ្ទះដែលស្ថិតនៅក្រុងរបស់ពួកលេវីជាកម្មសិទ្ធិរបស់ពួកគេ នៅក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល។

34 រីឯស្រែចម្ការដែលស្ថិតនៅជុំ‌វិញក្រុងរបស់ពួកលេវីមិនអាចលក់បានទេ ព្រោះជាកម្មសិទ្ធិរបស់ពួកគេ រហូតតទៅ»។

ច្បាប់អំពីការឲ្យប្រាក់អ្នកក្រខ្ចី

35 «ពេលបង‌ប្អូនណាម្នាក់របស់អ្នកធ្លាក់ខ្លួនក្រ និងខ្វះខាត ទោះបីអ្នកនោះជាជនបរ‌ទេស ឬជាអ្នកស្នាក់នៅបណ្ដោះ‌អាសន្នក្ដី អ្នកត្រូវតែជួយគេ ដើម្បីឲ្យគេអាចរស់នៅក្បែរអ្នកតទៅមុខទៀត។

36 កុំយកការប្រាក់ ឬចង់បានសគុណអ្វីពីគេឡើយ ធ្វើដូច្នេះ អ្នកគោរពកោតខ្លាចព្រះរបស់អ្នក ហើយទុកឲ្យបង‌ប្អូននោះរស់នៅជាមួយអ្នក។

37 បើអ្នកនោះខ្ចីប្រាក់ កុំគិតការប្រាក់ឲ្យសោះ ហើយបើអ្នកឲ្យអាហារទៅគេ កុំចង់បានសគុណអ្វីឡើយ។

38 យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ស្រុកកាណាននេះឲ្យអ្នករាល់គ្នា និងដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។

39 ពេលបង‌ប្អូនណាម្នាក់ធ្លាក់ខ្លួនក្រ ហើយមកសុំលក់ខ្លួនបម្រើអ្នក មិនត្រូវបង្ខំឲ្យគេធ្វើការដូចទាសករឡើយ។

40 ត្រូវឲ្យគេធ្វើការក្នុងឋានៈជាអ្នកបម្រើ ឬដូចអ្នកដែលស្នាក់នៅជាបណ្ដោះ‌អាសន្ន។ គេត្រូវនៅធ្វើការជាមួយអ្នក រហូតដល់ឆ្នាំមេត្តាករុណា។

41 ពេលនោះ គេ និងកូនចៅរបស់គេអាចចាកចេញពីផ្ទះអ្នក វិលត្រឡប់ទៅនៅក្នុងអំបូរ និងក្នុងទឹកដីដែលជាកេរ‌អាកររបស់គេវិញ

42 ដ្បិតអស់អ្នកដែលយើងបាននាំចេញពីស្រុកអេស៊ីប សុទ្ធតែជាអ្នកបម្រើរបស់យើង ហេតុនេះ មិនត្រូវលក់ពួកគេដូចលក់ទាសករឡើយ។

43 កុំជិះ‌ជាន់ធ្វើបាបពួកគេឲ្យសោះ ធ្វើដូច្នេះ ទើបអ្នកគោរពកោតខ្លាចព្រះរបស់អ្នក។

44 ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជា‌ជាតិនានា ដែលនៅជុំ‌វិញអ្នករាល់គ្នា។

45 អ្នករាល់គ្នាអាចទិញខ្ញុំបម្រើពីចំណោមកូនចៅរបស់ជនបរ‌ទេស ដែលរស់នៅក្នុងស្រុករបស់អ្នករាល់គ្នា ឬពីចំណោមពូជអំបូររបស់គេ ដែលកើតក្នុងស្រុកនេះ មកធ្វើជាកម្មសិទ្ធិរបស់អ្នក។

46 អ្នករាល់គ្នាអាចចែកខ្ញុំបម្រើទាំងនោះឲ្យកូនចៅរបស់អ្នករាល់គ្នា នៅជំនាន់ក្រោយ ទុកជាកេរ‌មត៌ក។ អ្នករាល់គ្នាអាចទុកពួកគេជាខ្ញុំបម្រើរហូតតទៅ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ជិះ‌ជាន់ធ្វើបាបជន‌ជាតិអ៊ីស្រា‌អែល ដែលជាបង‌ប្អូនរបស់ខ្លួនឡើយ។

47 ប្រសិនបើជនបរ‌ទេស ឬអ្នកដែលស្នាក់នៅក្នុងស្រុករបស់អ្នក ជាអ្នកមាន ហើយប្រសិនបើមានបង‌ប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ លក់ខ្លួនទៅឲ្យជនបរ‌ទេស ឬអ្នកដែលស្នាក់នៅបណ្ដោះ‌អាសន្ន ឬលក់ខ្លួនឲ្យពូជ‌ពង្សរបស់ជនបរ‌ទេសនោះ

48 បង‌ប្អូនរបស់អ្នកក្រមានសិទ្ធិលោះអ្នកក្រនោះយកមកវិញ ក្រោយពេលគាត់បានលក់ខ្លួន។

49 ឪពុកមារបស់គាត់ កូនរបស់ឪពុកមា ឬសាច់‌ញាតិជិត‌ដិតណាម្នាក់ អាចលោះគាត់យកមកវិញ ឬគាត់ត្រូវរកប្រាក់លោះខ្លួនឯងក៏បាន។

50 គាត់ត្រូវគិតចំនួនឆ្នាំជាមួយម្ចាស់ដែលទិញគាត់នោះ ដោយរាប់ចាប់ពីឆ្នាំដែលគាត់បានលក់ខ្លួនរហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ទៅឲ្យម្ចាស់តាមចំនួនឆ្នាំនោះ គិតដូចប្រាក់ឈ្នួលរបស់អ្នកបម្រើ។

51 ប្រសិនបើនៅសល់ច្រើនឆ្នាំ ត្រូវបង់ប្រាក់លោះខ្លួនទៅឲ្យម្ចាស់ គិតតាមចំនួនឆ្នាំដែលនៅសល់នោះ។

52 ប្រសិនបើនៅសល់តិចឆ្នាំ មុននឹងដល់ឆ្នាំមេត្តាករុណា ក៏ត្រូវគិតប្រាក់លោះខ្លួនបង់ទៅឲ្យម្ចាស់ តាមចំនួនឆ្នាំដែលនៅសល់នោះដែរ។

53 ត្រូវរាប់គាត់ទុកដូចជាអ្នកស៊ីឈ្នួលប្រចាំឆ្នាំ នៅក្នុងផ្ទះរបស់ម្ចាស់ គឺមិនត្រូវជិះ‌ជាន់ធ្វើបាបគាត់ឡើយ។

54 ប្រសិនបើក្នុងឆ្នាំដែលគាត់នៅបម្រើគេនោះ គាត់ពុំអាចលោះខ្លួនបានទេ នៅឆ្នាំមេត្តាករុណា គាត់ និងកូនចៅរបស់គាត់ អាចចាកចេញពីផ្ទះរបស់ម្ចាស់

55 ដ្បិតជន‌ជាតិអ៊ីស្រា‌អែលជាអ្នកបម្រើរបស់យើង យើងបាននាំពួកគេចាកចេញពីស្រុកអេស៊ីប ដើម្បីឲ្យពួកគេបម្រើយើង។ យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។