លេវី‌វិន័យ 24

បទ‌បញ្ជាស្ដីអំពីជើងចង្កៀង និងការតម្កល់នំប៉័ង

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

2 «ចូរបង្គាប់កូនចៅអ៊ីស្រា‌អែល ឲ្យយកប្រេងអូលីវដ៏ល្អបំផុត មកសម្រាប់ដុត ដើម្បីឲ្យចង្កៀងនៅឆេះរហូត។

3 អើរ៉ុនត្រូវតម្កល់ចង្កៀងក្នុងពន្លាជួបព្រះ‌អម្ចាស់ខាងមុខវាំងនននៃបន្ទប់ដែលគេតម្កល់ហិបនៃសន្ធិ‌សញ្ញា ហើយទុកឲ្យចង្កៀងនោះឆេះរហូត តាំងពីល្ងាចទល់ព្រឹក នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ។

4 អើរ៉ុនត្រូវរៀបចង្កៀងទាំងអស់ នៅលើជើងចង្កៀង ដែលធ្វើពីមាសសុទ្ធ ដូច្នេះ ចង្កៀងឆេះនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ជា‌និច្ច។

5 ចូរយកម្សៅម៉ដ្ដដប់‌ពីរគីឡូក្រាមមកធ្វើនំចំនួនដប់‌ពីរ

6 រួចតម្កល់នំទាំងនោះជាពីរជួរ លើតុធ្វើពីមាសសុទ្ធ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ក្នុងមួយជួរៗមាននំប្រាំមួយ។

7 ចូរដាក់គ្រឿងក្រអូបដ៏ល្អបំផុតនៅលើជួរនីមួយៗ ហើយដុតគ្រឿងក្រអូបជំនួសនំប៉័ងទាំងនោះ ទុកជាទីរំឭក នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។

8 រៀងរាល់ថ្ងៃសប្ប័ទ* ជន‌ជាតិអ៊ីស្រា‌អែលត្រូវយកនំប៉័ងមកតម្កល់នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ជា‌និច្ច ស្របតាមសម្ពន្ធ‌មេត្រី ដែលនៅស្ថិត‌ស្ថេររហូតតទៅ។

9 នំប៉័ងទាំងនោះត្រូវបានទៅលើអើរ៉ុន និងកូនៗរបស់គាត់។ ពួកគេបរិភោគនំប៉័ងទាំងនោះនៅក្នុងកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏‌វិសុទ្ធបំផុតយកចេញពីតង្វាយដែលគេដុត នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ហើយបានជាចំណែករបស់ពួកគេរហូតតទៅ»។

ទោសសម្រាប់អ្នកប្រមាថព្រះ‌ជាម្ចាស់ និងឃាតក

10 មានស្ត្រីម្នាក់ជាជន‌ជាតិអ៊ីស្រា‌អែល មានប្ដីជន‌ជាតិអេស៊ីប ហើយបានកូនប្រុសមួយ។ កូនប្រុសនោះចេញទៅក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល ហើយឈ្លោះគ្នាជាមួយជន‌ជាតិអ៊ីស្រា‌អែល នៅក្នុងជំរំ។

11 កូនប្រុសរបស់ស្ត្រីនោះបានប្រមាថព្រះ‌នាមព្រះ‌ជាម្ចាស់ ព្រមទាំងដាក់បណ្ដាសាព្រះ‌អង្គទៀតផង។ គេក៏នាំអ្នកនោះមកជួបលោកម៉ូសេ។ ម្ដាយរបស់អ្នកនោះឈ្មោះនាងសឡូ‌មីត ជាកូនរបស់ឌីបរី ក្នុងកុល‌សម្ព័ន្ធដាន់។

12 គេបានឃុំអ្នកនោះទុក រហូតដល់បានទទួលបញ្ជាពីព្រះ‌អម្ចាស់។

13 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកម៉ូសេថា៖

14 «ចូរយកអ្នកប្រមាថយើងចេញពីជំរំ។ អស់អ្នកដែលដឹងឮ ត្រូវដាក់ដៃពីលើក្បាលអ្នកនោះ ហើយសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់វាទៅ។

15 ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលថា: អ្នកណាដាក់បណ្ដាសាព្រះរបស់ខ្លួន អ្នកនោះត្រូវទទួលទោស ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។

16 អ្នកណាប្រមាថព្រះ‌នាមព្រះ‌អម្ចាស់អ្នកនោះមានទោសដល់ស្លាប់។ សហគមន៍អ៊ីស្រា‌អែលទាំងមូលត្រូវយកដុំថ្មគប់សម្លាប់មនុស្សបែបនេះ ទោះបីគេជា‌ម្ចាស់ស្រុក ឬជាជនបរ‌ទេសក្ដី គេត្រូវតែស្លាប់ ព្រោះគេបានប្រមាថព្រះ‌នាមព្រះ‌អម្ចាស់។

17 អ្នកណាវាយមនុស្សម្នាក់រហូតដល់បាត់បង់ជីវិត អ្នកនោះនឹងមានទោសដល់ស្លាប់។

18 អ្នកណាវាយសត្វមួយរហូតដល់ងាប់ អ្នកនោះត្រូវយកសត្វរស់ប្រភេទដដែលនោះមកសងវិញ។

19 អ្នកណាធ្វើឲ្យជនរួមជាតិរបស់ខ្លួនមានរបួសត្រង់កន្លែងណាមួយ ត្រូវធ្វើឲ្យអ្នកនោះរបួសត្រង់កន្លែងនោះដែរ

20 គឺបើអ្នកនោះធ្វើឲ្យគេបាក់ដៃបាក់ជើង ត្រូវបំបាក់ដៃបំបាក់ជើងអ្នកនោះវិញ បើវាយភ្នែកគេម្ខាង ត្រូវវាយភ្នែកម្ខាងវិញ បើវាយគេបាក់ធ្មេញមួយ ត្រូវវាយអ្នកនោះឲ្យបាក់ធ្មេញមួយដែរ។ ត្រូវធ្វើឲ្យអ្នកនោះរបួសដូចគេបានធ្វើឲ្យអ្នកដទៃរបួស។

21 អ្នកណាវាយសម្លាប់សត្វមួយក្បាល ត្រូវឲ្យអ្នកនោះយកសត្វមួយក្បាលមកសងវិញ តែអ្នកណាវាយសម្លាប់មនុស្សម្នាក់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។

22 ត្រូវមានក្រឹត្យ‌វិន័យតែមួយ សម្រាប់ជនបរ‌ទេស និងម្ចាស់ស្រុក ដ្បិតយើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។

23 លោកម៉ូសេមានប្រសាសន៍ទៅកាន់ជន‌ជាតិអ៊ីស្រា‌អែល។ គេក៏នាំគ្នាយកអ្នកប្រមាថព្រះ‌ជាម្ចាស់ចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជន‌ជាតិអ៊ីស្រា‌អែលធ្វើតាមព្រះ‌បន្ទូល ដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ។