លេវី‌វិន័យ 21

ច្បាប់សម្រាប់បូជា‌ចារ្យ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ពួកបូជា‌ចារ្យដែលជាកូនចៅរបស់អើរ៉ុនដូចតទៅ: បូជា‌ចារ្យមិនត្រូវធ្វើឲ្យខ្លួនសៅ‌ហ្មង ដោយ‌សារប៉ះ‌ពាល់សាក‌សពនរណាម្នាក់ ក្នុងចំណោមប្រជា‌ជនរបស់ខ្លួនឡើយ

2 លើក‌លែងតែគ្រួសារជិត‌ដិតបំផុត ដូចជាម្ដាយឪពុក កូនប្រុសកូនស្រី និងបង‌ប្អូនប្រុស។

3 គាត់ក៏មានសិទ្ធិប៉ះ‌ពាល់សពរបស់បង‌ប្អូនស្រី ដែលនៅក្រមុំមិនទាន់មានគូ‌ស្រករដែរ ព្រោះនាងនៅក្រោមអាណា‌ព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅ‌ហ្មងដោយ‌សារប៉ះ‌ពាល់សាក‌សពរបស់នាង។

4 បូជា‌ចារ្យមានមុខ‌ងារជាមេដឹកនាំក្នុងចំណោមប្រជា‌ជនរបស់ខ្លួន ដូច្នេះ គាត់មិនត្រូវបន្ទាបបន្ថោកខ្លួនឯង ដោយបណ្ដោយឲ្យខ្លួនទៅជាសៅ‌ហ្មងឡើយ។

5 បូជា‌ចារ្យមិនត្រូវកោរសក់ មិនត្រូវកោរជាយពុកចង្កា ឬធ្វើពិធីឆូតសាច់របស់ខ្លួនឡើយ។

6 ពួកគេត្រូវតែវិសុទ្ធសម្រាប់ព្រះរបស់ខ្លួន ហើយមិនបន្ថោកព្រះ‌នាមព្រះរបស់ខ្លួនទេ ដ្បិតពួកគេមានមុខ‌ងារថ្វាយយញ្ញ‌បូជា និងអាហារដល់ព្រះ‌អម្ចាស់ជាព្រះរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវតែវិសុទ្ធ។

7 បូជា‌ចារ្យមិនត្រូវយកស្ត្រីពេស្យា ឬស្ត្រីខូចមកធ្វើជាភរិយាឡើយ ហើយក៏មិនត្រូវយកស្ត្រីប្ដីលែងដែរ ព្រោះបូជា‌ចារ្យត្រូវរក្សាខ្លួនឲ្យវិសុទ្ធ ថ្វាយព្រះរបស់ខ្លួន។

8 ចូរចាត់ទុកបូជា‌ចារ្យជាមនុស្សវិសុទ្ធ ព្រោះគេយកអាហារទៅថ្វាយព្រះរបស់អ្នក។ គេជាមនុស្សវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះ‌អម្ចាស់ជាព្រះដ៏‌វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។

9 ប្រសិនបើកូនស្រីរបស់បូជា‌ចារ្យបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យា‌ចារ នាងនោះបន្ថោកឪពុករបស់ខ្លួន ដូច្នេះ ត្រូវយកនាងទៅដុតទាំងរស់។

10 មហាបូជា‌ចារ្យដែលជាប្រមុខលើពួកបូជា‌ចារ្យ ហើយបានទទួលពិធីចាក់ប្រេងតែង‌តាំងសម្រាប់បំពេញមុខ‌ងារនេះ និងសម្រាប់ពាក់អាវសក្ការៈ មិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀក‌បំពាក់ខ្លួនឯងឡើយ។

11 មហាបូជា‌ចារ្យមិនត្រូវចូលទៅជិតសាក‌សព គឺសូម្បីតែសាក‌សពឪពុកម្ដាយរបស់គាត់ផ្ទាល់ក៏គាត់មិនត្រូវប៉ះ‌ពាល់ដែរ ព្រោះបណ្ដាលឲ្យខ្លួនទៅជាសៅ‌ហ្មង។

12 គាត់មិនត្រូវចេញពីទី‌សក្ការៈ ហើយបង្អាប់‌បង្អោនទី‌សក្ការៈព្រះរបស់ខ្លួនទេ ដ្បិតគាត់បានទទួលពិធីតែង‌តាំងដោយប្រេងនៃព្រះរបស់គាត់។ យើងជាព្រះ‌អម្ចាស់។

13 គាត់ត្រូវរៀប‌ការតែនឹងស្ត្រីព្រហ្មចារី

14 គឺមិនត្រូវរៀប‌ការជាមួយស្ត្រីមេ‌ម៉ាយ ស្ត្រីប្ដីលែង ស្ត្រីពេស្យា ឬស្ត្រីខូចខ្លួនឡើយ តែត្រូវរៀប‌ការជាមួយស្ត្រីព្រហ្មចារី ក្នុងអំបូររបស់គាត់។

15 ធ្វើដូច្នេះ គាត់មិនបង្ខូចពូជ‌ពង្សរបស់គាត់ នៅក្នុងចំណោមប្រជា‌ជនរបស់គាត់ឡើយ ដ្បិតយើងជាព្រះ‌អម្ចាស់យើងប្រោសគាត់ឲ្យវិសុទ្ធ»។

16 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖

17 «ចូរប្រាប់អើរ៉ុនដូចតទៅ: ក្នុងចំណោមពូជ‌ពង្សរបស់គាត់ នៅគ្រប់ជំនាន់ មិនត្រូវឲ្យនរណាម្នាក់ដែលមានរូបរាងកាយមិនធម្មតា នាំយកតង្វាយចូលទៅថ្វាយព្រះរបស់ខ្លួនឡើយ។

18 មនុស្សមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទី‌សក្ការៈទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា

19 មនុស្សកំបុតដៃ ឬកំបុតជើង

20 មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែង ខូចពង។

21 ក្នុងចំណោមពូជ‌ពង្សរបស់បូជា‌ចារ្យអើរ៉ុន អ្នកមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅថ្វាយតង្វាយដុតដល់ព្រះ‌អម្ចាស់ឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅថ្វាយព្រះរបស់ខ្លួនទេ។

22 គេអាចបរិភោគម្ហូបអាហាររបស់ព្រះ‌ជាម្ចាស់ ដែលជាអាហារដ៏‌វិសុទ្ធ និងអាហារដ៏‌វិសុទ្ធបំផុតនោះបាន

23 តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈជាដាច់ខាត ក្រែងលោគេបង្អាប់ទី‌សក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជាព្រះ‌អម្ចាស់ដែលបានធ្វើឲ្យទីនោះទៅជាវិសុទ្ធ»។

24 លោកម៉ូសេនាំយកព្រះ‌បន្ទូលនេះទៅជម្រាបលោកអើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជន‌ជាតិអ៊ីស្រា‌អែលទាំងមូល។