លូកា 2

កំណើតព្រះ‌យេស៊ូ

1 នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះ‌នាមអូគូស្ដ មានព្រះ‌រាជបញ្ជាឲ្យជំរឿនចំនួនប្រជា‌ជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល ។

2 ការជំរឿនប្រជា‌ជនលើកដំបូងនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេ‌នាសធ្វើជាទេសា‌ភិបាល នៅស្រុកស៊ីរី។

3 អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។

4 រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសា‌រ៉ែត ក្នុងស្រុកកាលី‌ឡេ ឆ្ពោះទៅភូមិបេថ្លេ‌ហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះ‌បាទដាវីឌ ព្រោះលោកជាព្រះ‌ញាតិវង្សនឹងព្រះ‌បាទដាវីឌ។

5 លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។

6 ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេ‌ហិម នាងម៉ារីគ្រប់ខែហើយ។

7 នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។

ទេវតាប្រកាសអំពីកំណើតព្រះ‌យេស៊ូប្រាប់ពួកគង្វាល

8 ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។

9 ពេលនោះ ទេវតា*របស់ព្រះ‌អម្ចាស់មកឈរនៅក្បែរពួកគេ សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់បានភ្លឺចិញ្ចែង‌ចិញ្ចាចនៅជុំ‌វិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។

10 ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹង‌ល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជា‌រាស្ត្រទាំងមូលមានអំណរដ៏លើស‌លប់។

11 យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះ‌បាទដាវីឌ ព្រះ‌សង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះ‌គ្រិស្ដជាអម្ចាស់។

12 នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។

13 រំពេចនោះ មានទេវតាច្រើនកុះ‌ករ ចុះពីស្ថានបរម‌សុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះ‌ជាម្ចាស់ថា៖

14 «សូមលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះ‌អង្គ បានប្រកបដោយសេចក្ដីសុខ‌សាន្ត នៅលើផែន‌ដី!»។

15 លុះពួកទេវតាត្រឡប់ទៅស្ថានបរម‌សុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេ‌ហិម មើលហេតុ‌ការណ៍ដែលកើតមាន ដូចព្រះ‌អម្ចាស់បានសម្តែងឲ្យយើងដឹងនោះមើល៍»។

16 ពួកគេប្រញាប់‌ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះ‌ឱរសផ្ទំក្នុងស្នូកសត្វ។

17 ពេលពួកគង្វាលឃើញព្រះ‌ឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះ‌ឱរសនេះ។

18 អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។

19 រីឯនាងម៉ារីវិញ នាងចងចាំហេតុ‌ការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះ‌រិះពិចារណាថែមទៀតផង។

20 បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ ព្រោះហេតុ‌ការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។

21 ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក*ថ្វាយព្រះ‌ឱរស គេថ្វាយព្រះ‌នាមថា «យេស៊ូ» ជាព្រះ‌នាមដែលទេវតា*បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។

ពិធីថ្វាយព្រះ‌ឱរសយេស៊ូនៅក្នុងព្រះ‌វិហារ

22 លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* តាមវិន័យ*លោកម៉ូសេ* បានចែងទុក អ្នកទាំងពីរក៏នាំព្រះ‌ឱរសទៅថ្វាយព្រះ‌អម្ចាស់ នៅក្រុងយេរូ‌សាឡឹម

23 ដ្បិតក្នុងក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់មានចែងទុកមកថា៖«កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះ‌អម្ចាស់»។

24 អ្នកទាំងពីរថ្វាយយញ្ញ‌បូជា ស្របតាមក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់ ដែលតម្រូវឲ្យថ្វាយ“លលកមួយគូ ឬព្រាបស្ទាវពីរ”។

25 នៅក្រុងយេរូ‌សាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះ‌ជាម្ចាស់ ព្រមទាំងទន្ទឹងរង់‌ចាំពេលព្រះ‌អង្គយាងមកសម្រាលទុក្ខប្រជា‌រាស្ដ្រអ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*សណ្ឋិតលើគាត់

26 ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះ‌គ្រិស្ដ* ដែលព្រះ‌អម្ចាស់ចាត់ឲ្យមកទេនោះ។

27 ព្រះ‌វិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះ‌វិហារ*។ ពេលមាតា‌បិតានាំព្រះ‌ឱរសយេស៊ូមកថ្វាយព្រះ‌ជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យ‌វិន័យ*

28 លោកស៊ីម្មានក៏យកព្រះ‌ឱរសមកបី រួចសរសើរតម្កើងព្រះ‌ជាម្ចាស់ថា៖

29 «បពិត្រព្រះដ៏ជាចៅហ្វាយ!

ឥឡូវនេះ ព្រះ‌អង្គបានសម្រេចតាម

ព្រះ‌បន្ទូលសន្យាហើយ។

ដូច្នេះ សូមឲ្យទូលបង្គំ

ជាអ្នកបម្រើរបស់ព្រះ‌អង្គ

លាចាកលោកនេះទៅ ដោយសុខ‌សាន្តផងចុះ

30 ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ

31 ដែលព្រះ‌អង្គបានប្រទានមកឲ្យ

ប្រជា‌ជាតិទាំងអស់

32 គឺជាពន្លឺដែលនាំឲ្យមនុស្ស

គ្រប់ជាតិសាសន៍ស្គាល់ព្រះ‌អង្គ

និងជាសិរី‌រុងរឿងរបស់អ៊ីស្រា‌អែល

ជាប្រជា‌រាស្ត្រព្រះ‌អង្គ»។

ពាក្យទំនាយរបស់លោកស៊ីម្មាន

33 មាតា‌បិតារបស់ព្រះ‌យេស៊ូងឿង‌ឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍អំពីព្រះ‌ឱរសណាស់។

34 លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះ‌ជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជន‌ជាតិអ៊ីស្រា‌អែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះ‌ជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។

35 បុត្រនេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ត របស់នាង»។

ពាក្យទំនាយរបស់ព្យាកា‌រិនីអាណ

36 មានព្យាកា‌រិនីម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូ‌អែល ក្នុងកុល‌សម្ព័ន្ធ*អេ‌ស៊ើរ។ គាត់រៀប‌ការបានប្រាំ‌ពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណ‌ភាពចោលទៅ

37 គាត់នៅមេ‌ម៉ាយរហូត ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែត‌សិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះ‌វិហារ*ទេ គាត់នៅគោរពបម្រើព្រះ‌អង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋាន*ផង។

38 ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះ‌ជាម្ចាស់ រួចតំណាលអំពីព្រះ‌ឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់‌ចាំព្រះ‌ជាម្ចាស់យាងមកលោះក្រុងយេរូ‌សាឡឹម។

ព្រះ‌ឱរសត្រឡប់ទៅភូមិណាសា‌រ៉ែតវិញ

39 កាលមាតា‌បិតារបស់ព្រះ‌យេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមក្រឹត្យ‌វិន័យ*របស់ព្រះ‌អម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសា‌រ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលី‌ឡេវិញ។

40 ព្រះ‌កុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំ‌មួនឡើង និងពោរ‌ពេញទៅដោយព្រះ‌ប្រាជ្ញាញាណ។ ព្រះ‌ជាម្ចាស់គាប់ព្រះ‌ហឫទ័យនឹងព្រះ‌កុមារនេះណាស់។

ព្រះ‌កុមារយេស៊ូនៅក្នុងព្រះ‌វិហារ

41 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* មាតា‌បិតារបស់ព្រះ‌យេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូ‌សាឡឹម។

42 លុះដល់ព្រះ‌យេស៊ូមានព្រះ‌ជន្មាយុដប់‌ពីរព្រះ‌វស្សា មាតា‌បិតាក៏នាំព្រះ‌អង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀម‌ទម្លាប់។

43 លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះ‌កុមារយេស៊ូគង់នៅក្រុងយេរូ‌សាឡឹមនៅឡើយ តែមាតា‌បិតាពុំបានដឹងទេ។

44 គាត់នឹកស្មានថា ព្រះ‌កុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះ‌កុមារក្នុងចំណោមញាតិមិត្តទាំងអស់

45 ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូ‌សាឡឹមវិញ ដើម្បីរកព្រះ‌អង្គនៅទីនោះទៀត។

46 បីថ្ងៃក្រោយមក មាតា‌បិតាឃើញព្រះ‌យេស៊ូក្នុងព្រះ‌វិហារ* ព្រះ‌អង្គគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ* កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។

47 អស់អ្នកដែលស្ដាប់ព្រះ‌កុមារ នឹកឆ្ងល់ពីព្រះ‌បន្ទូលឆ្លើយឆ្លងរបស់ព្រះ‌អង្គ ប្រកបដោយព្រះ‌ប្រាជ្ញាញាណ។

48 កាលមាតា‌បិតាបានឃើញព្រះ‌កុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុក‌ម្ដាយព្រួយចិត្តណាស់ ខំដើររកកូន»។

49 ព្រះ‌កុមារមានព្រះ‌បន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះ‌បិតារបស់កូនទេឬ?»។

50 ប៉ុន្តែ មាតា‌បិតាពុំបានយល់អត្ថ‌ន័យនៃព្រះ‌បន្ទូលរបស់ព្រះ‌កុមារឡើយ។

51 បន្ទាប់មក ព្រះ‌កុមារយេស៊ូយាងត្រឡប់ទៅភូមិណាសា‌រ៉ែតជាមួយមាតា‌បិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះ‌អង្គចងចាំហេតុ‌ការណ៍ទាំងអស់នោះទុកក្នុងចិត្ត។

52 ព្រះ‌យេស៊ូមានវ័យចម្រើនឡើង ហើយមានប្រាជ្ញាកាន់តែវាង‌វៃ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។

—https://d1b84921e69nmq.cloudfront.net/364/32k/LUK/2-c83fdee42543ff9f51e4fc994f7e945a.mp3?version_id=85—