លូកា 1

បុព្វ‌កថា

1 សូមជម្រាបមកឯក‌ឧត្ដមថេវ‌ភីល សូមជ្រាប! មនុស្សជាច្រើនខិត‌ខំយកចិត្តទុកដាក់ កត់‌ត្រាទុកនូវហេតុ‌ការណ៍ទាំងអំបាល‌ម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។

2 អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខ‌ងារបម្រើព្រះ‌បន្ទូល បានរៀបរាប់ហេតុ‌ការណ៍ទាំងនោះបន្តមកយើងខ្ញុំ។

3 ខ្ញុំបានពិនិត្យហេតុ‌ការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់‌ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់‌ត្រាទុក តាមលំដាប់‌លំដោយ ផ្ញើមកជូនលោក។

4 ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀន‌ប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។

ទេវតាជូនដំណឹងអំពីកំណើតរបស់យ៉ូហាន‌បាទីស្ដ

5 នៅគ្រាដែលព្រះ‌បាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជា‌ចារ្យ*មួយរូប ឈ្មោះសាការី ជាសមាជិកក្រុមបូជា‌ចារ្យអប៊ី‌យ៉ា ភរិយាលោកឈ្មោះអេលី‌សាបិត កើតក្នុងត្រកូលរបស់លោកមហាបូជា‌ចារ្យ*អើរ៉ុន

6 ស្វាមី‌ភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ ហើយគាត់គោរពតាមបទ‌បញ្ជា និងឱវាទរបស់ព្រះ‌អម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។

7 អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលី‌សាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។

8 ថ្ងៃមួយ លោកសាការីបំពេញមុខ‌ងារជាបូជា‌ចារ្យ តាមវេនក្រុមរបស់លោក។

9 គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀម‌ទម្លាប់របស់ក្រុមបូជា‌ចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទី‌សក្ការៈរបស់ព្រះ‌អម្ចាស់។

10 ពេលលោកដុតគ្រឿងក្រអូប ប្រជា‌ជនច្រើនកុះ‌ករនៅខាងក្រៅកំពុងអធិស្ឋាន*។

11 រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះ‌អម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។

12 ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។

13 ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះ‌អម្ចាស់យល់ព្រមតាមពាក្យទូល‌អង្វររបស់លោកហើយ។ នាងអេលី‌សាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន” ។

14 កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីក‌រាយ ហើយមនុស្សជាច្រើនអបអរ‌សាទរនឹងកំណើតកុមារនោះដែរ។

15 កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរ‌ពេញទៅដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* តាំងពីក្នុងផ្ទៃម្ដាយមក។

16 កូននោះនឹងនាំជន‌ជាតិអ៊ីស្រា‌អែលជាច្រើនមករកព្រះ‌អម្ចាស់ ជាព្រះរបស់គេវិញ។

17 កូននោះនឹងមកមុនព្រះ‌អង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធា‌នុភាព ដូចលោកអេលីយ៉ាបានទទួលដើម្បីបង្វែរចិត្តឪពុកទៅរកកូនព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជា‌រាស្ដ្រមួយជាស្រេច ទុកសម្រាប់ទទួលព្រះ‌អម្ចាស់»។

18 លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថាការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។

19 ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រី‌យ៉ែល ជាអ្នកបម្រើព្រះ‌ជាម្ចាស់ ព្រះ‌អង្គបានចាត់ខ្ញុំឲ្យនាំដំណឹង‌ល្អនេះមកប្រាប់លោក

20 ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុ‌ការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។

21 ក្នុងពេលជាមួយគ្នានោះ ប្រជា‌ជនទន្ទឹងរង់‌ចាំលោកសាការី ហើយងឿង‌ឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទី‌សក្ការៈយូរដូច្នេះ។

22 កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជា‌ជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទី‌សក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយ‌វិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។

23 លុះលោកសាការីបានបំពេញការ‌ងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។

24 ក្រោយមក នាងអេលី‌សាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖

25 «ឥឡូវនេះ ព្រះ‌អម្ចាស់បានប្រោស‌ប្រណីដល់រូបខ្ញុំ ព្រះ‌អង្គសព្វព្រះ‌ហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។

ទេវតាជូនដំណឹងអំពីកំណើតព្រះ‌យេស៊ូ

26 ប្រាំមួយខែក្រោយមក ព្រះ‌ជាម្ចាស់បានចាត់ទេវតាកាព្រី‌យ៉ែលឲ្យទៅភូមិណាសា‌រ៉ែត ក្នុងស្រុកកាលី‌ឡេ

27 ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះ‌បាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។

28 ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះ‌អម្ចាស់គាប់ព្រះ‌ហឫទ័យនឹងនាងហើយ ព្រះ‌អង្គគង់ជាមួយនាង»។

29 ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច?

30 ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះ‌ជាម្ចាស់គាប់ព្រះ‌ហឫទ័យនឹងនាងហើយ។

31 នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះ‌នាមថា“យេស៊ូ”។

32 បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះ‌នាមថា “ព្រះ‌បុត្រានៃព្រះដ៏ខ្ពង់‌ខ្ពស់បំផុត”។ ព្រះ‌ជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះ‌បាទដាវីឌ ជាព្រះ‌អយ្យ‌កោរបស់ព្រះ‌អង្គ

33 ទ្រង់នឹងគ្រងរាជ្យលើប្រជា‌រាស្ត្រអ៊ីស្រា‌អែល អស់‌កល្បជា‌និច្ច ហើយរាជ្យរបស់ព្រះ‌អង្គនឹងនៅស្ថិត‌ស្ថេរ ឥតមានទីបញ្ចប់ឡើយ»។

34 នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។

35 ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធា‌នុភាពរបស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះ‌នាមដល់បុត្រដ៏‌វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់”។

36 ម្យ៉ាងទៀត នាងអេលី‌សាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វី‌ដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ

37 ព្រោះគ្មានការអ្វីដែលព្រះ‌ជាម្ចាស់ធ្វើមិនកើតនោះឡើយ»។

38 នាងម៉ារីពោលទៅទេវតាថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។

នាងម៉ារីទៅសួរសុខទុក្ខនាងអេលី‌សាបិត

39 នៅគ្រានោះ នាងម៉ារីប្រញាប់‌ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។

40 នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលី‌សាបិត។

41 ពេលនាងអេលី‌សាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរ‌ពេញដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ

42 រួចបន្លឺសំឡេងឡើងថា៖ «ព្រះ‌ជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះ‌អង្គក៏ប្រទានពរដល់បុត្រនាងដែរ។

43 តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះ‌អម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?

44 កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ

45 នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះ‌បន្ទូល ដែលព្រះ‌អម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។

ទំនុក‌តម្កើងរបស់នាងម៉ារី

46 ពេលនោះ នាងម៉ារីថ្លែងឡើងថា៖

«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះ‌អម្ចាស់*

47 ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង

ព្រោះព្រះ‌ជាម្ចាស់ជាព្រះ‌សង្គ្រោះរបស់ខ្ញុំ

48 ព្រះ‌អង្គទតមើលមកខ្ញុំ

ដែលជាអ្នកបម្រើដ៏ទន់‌ទាបរបស់ព្រះ‌អង្គ

អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា

ខ្ញុំជាអ្នកមានសុភមង្គលពិតមែន

49 ព្រះដ៏មានឫទ្ធា‌នុភាពបានសម្តែង

ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។

ព្រះ‌នាមរបស់ព្រះ‌អង្គពិតជាវិសុទ្ធ*មែន!

50 ទ្រង់មានព្រះ‌ហឫទ័យមេត្តា‌ករុណា

ដល់អស់អ្នកដែលកោតខ្លាចព្រះ‌អង្គ

នៅគ្រប់ជំនាន់តរៀងទៅ

51 ទ្រង់បានសម្តែងឫទ្ធិ‌បារមី

កំចាត់មនុស្សដែលមានចិត្តឆ្មើង‌ឆ្មៃ

52 ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង

ហើយទ្រង់លើកតម្កើងមនុស្សទន់‌ទាបឡើង។

53 ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌

ដល់អស់អ្នកដែលស្រេកឃ្លាន

ហើយបណ្ដេញពួកអ្នកមាន

ឲ្យត្រឡប់ទៅវិញដោយដៃទទេ។

54 ព្រះ‌អង្គបានជួយប្រជា‌រាស្ត្រអ៊ីស្រា‌អែល

ជាអ្នកបម្រើរបស់ព្រះ‌អង្គ

ហើយតែងតែសម្តែងព្រះ‌ហឫទ័យមេត្តា‌ករុណា

55 ដល់លោកអប្រាហាំ និងពូជ‌ពង្សរបស់លោក

ជា‌និច្ចតរៀងទៅ

ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើង

ឥតភ្លេចសោះឡើយ»។

56 នាងម៉ារីបានស្នាក់នៅជាមួយនាងអេលី‌សាបិត អស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។

កំណើតលោកយ៉ូហាន‌បាទីស្ដ

57 លុះនាងអេលី‌សាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។

58 អ្នកជិតខាង និងញាតិ‌សន្ដាននាំគ្នាអបអរ‌សាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះ‌អម្ចាស់សម្តែងព្រះ‌ហឫទ័យមេត្តា‌ករុណាចំពោះគាត់យ៉ាងច្រើនអនេក។

59 ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក*ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី”ដូចឪពុកដែរ

60 តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន”វិញ»។

61 ពួកគេតបថា៖ «ក្នុងញាតិ‌សន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។

62 គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។

63 លោកសាការីសុំឲ្យគេយកក្ដារ‌ឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿង‌ឆ្ងល់គ្រប់គ្នា។

64 រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះ‌ជាម្ចាស់។

65 អ្នកជិតខាងកោតស្ញប់‌ស្ញែង គ្រប់ៗគ្នា ហើយព្រឹត្តិ‌ការណ៍នេះឮសុស‌សាយពេញតំបន់ភ្នំក្នុងស្រុកយូដា។

66 អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះ‌បារមី របស់ព្រះ‌អម្ចាស់តាមជួយថែ‌រក្សាកូននេះ។

ទំនុក‌តម្កើងរបស់លោកសាការី

67 ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរ‌ពេញដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះ‌នាមព្រះ‌អង្គថា៖

68 «សូមលើកតម្កើងព្រះ‌អម្ចាស់

ជាព្រះ‌នៃជន‌ជាតិអ៊ីស្រា‌អែល

ដ្បិតទ្រង់សព្វព្រះ‌ហឫទ័យយាងមក

រំដោះប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ។

69 ទ្រង់បានប្រទានព្រះ‌សង្គ្រោះ

ដ៏មានឫទ្ធិមួយព្រះ‌អង្គពីក្នុងចំណោម

ព្រះ‌ញាតិវង្សរបស់ព្រះ‌បាទដាវីឌ

ជាអ្នកបម្រើព្រះ‌អង្គមកឲ្យយើង។

70 ព្រះ‌ជាម្ចាស់ប្រទានព្រះ‌សង្គ្រោះនេះមកយើង

ស្របនឹងព្រះ‌បន្ទូលសន្យាថ្លែងតាមរយៈ

ព្យាការី*របស់ព្រះ‌អង្គនៅជំនាន់ដើម

71 គឺព្រះ‌អង្គសង្គ្រោះយើង

ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និង

រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។

72 ព្រះ‌អង្គសម្តែងព្រះ‌ហឫទ័យ

មេត្តា‌ករុណាដល់បុព្វបុរស*របស់យើង

ហើយគោរពតាមសម្ពន្ធ‌មេត្រី*

ដ៏‌វិសុទ្ធយ៉ាងស្មោះ‌ស្ម័គ្រ

73 គឺព្រះ‌អង្គបានសន្យាយ៉ាងម៉ឺង‌ម៉ាត់ដល់

លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា

74 ទ្រង់នឹងរំដោះយើង

ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ

ដើម្បីយើងអាចគោរពបម្រើព្រះ‌អង្គបាន

ដោយឥតភ័យខ្លាច

75 ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ*

និងសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់

ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។

76 ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី*

របស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

ព្រោះកូននឹងដើរមុខព្រះ‌អម្ចាស់

ដើម្បីរៀបចំផ្លូវថ្វាយព្រះ‌អង្គ។

77 កូននឹងធ្វើឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គដឹង

ថាព្រះ‌អង្គសង្គ្រោះគេ

ដោយលើក‌លែងទោសឲ្យគេរួចពីបាប។

78 ព្រះរបស់យើងមានព្រះ‌ហឫទ័យ

មេត្តា‌ករុណាដ៏លើស‌លប់

ព្រះ‌អង្គប្រទានថ្ងៃរះ ពីស្ថានលើមក

ដើម្បីរំដោះយើង

79 និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទី‌ងងឹត

ក្រោមអំណាចនៃសេចក្ដីស្លាប់

ព្រមទាំងតម្រង់ផ្លូវយើង

ឆ្ពោះទៅរកសេចក្ដីសុខ‌សាន្ត»។

80 កុមារយ៉ូហានមានវ័យចម្រើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោ‌ស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជា‌រាស្ត្រអ៊ីស្រា‌អែលឃើញ។

—https://d1b84921e69nmq.cloudfront.net/364/32k/LUK/1-c586ff2df0168b6ff8735e9d60faaa2f.mp3?version_id=85—