រ៉ូម 9

ព្រះ‌ជា‌ម្ចាស់បានជ្រើសរើសសាសន៍អ៊ីស្រា‌អែល

1 ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះ‌គ្រិស្ដ ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមន‌សិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានព្រះ‌វិញ្ញាណដ៏‌វិសុទ្ធបំភ្លឺថា

2 ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជា‌និច្ចផង

3 ដ្បិតខ្ញុំបន់ឲ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះ‌គ្រិស្ដ ព្រោះតែបង‌ប្អូន និងញាតិ‌សន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់

4 គឺសាសន៍អ៊ីស្រា‌អែល។ ព្រះ‌ជា‌ម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះ‌អង្គ ពួកគេមានសិរី‌រុងរឿង មានសម្ពន្ធ‌មេត្រី*នានា មានគម្ពីរ‌វិន័យ* ស្គាល់របៀបគោរពបម្រើព្រះ‌អង្គ ទទួលព្រះ‌បន្ទូលសន្យាផ្សេងៗ

5 មានបុព្វបុរស ហើយព្រះ‌គ្រិស្ដក៏កើតមកជាមនុស្សក្នុងពូជ‌ពង្សរបស់ពួកគេថែមទៀតផង ព្រះ‌អង្គជាព្រះ‌ជា‌ម្ចាស់ដ៏ខ្ពង់‌ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះ‌អង្គអស់‌កល្បជា‌និច្ច អាម៉ែន!

6 ក៏ប៉ុន្តែ មិនមែនមានន័យថា ព្រះ‌បន្ទូលរបស់ព្រះ‌ជា‌ម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជ‌ពង្សលោកអ៊ីស្រា‌អែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រា‌អែលពិតប្រាកដឡើយ

7 ហើយអស់អ្នកដែលកើតពីពូជ‌ពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា«មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថាជាពូជ‌ពង្សរបស់អ្នក»

8 ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់ព្រះ‌ជា‌ម្ចាស់ មានតែកូនចៅដែលកើតមកតាមព្រះ‌បន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជ‌ពង្សបាន

9 ដ្បិតព្រះ‌ជា‌ម្ចាស់មានព្រះ‌បន្ទូលសន្យាថា«ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ»។

10 មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។

11 ព្រះ‌ជា‌ម្ចាស់មានគម្រោង‌ការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្តនោះទេ គឺជ្រើសរើសតាមព្រះ‌ហឫទ័យរបស់ព្រះ‌អង្គដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោង‌ការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្តអំពើល្អ ឬអាក្រក់នៅឡើយផងនោះ

12 ព្រះអង្គក៏មានព្រះ‌បន្ទូលទៅនាងរេបិកាថា«កូនច្បងនឹងបម្រើកូនប្អូន»

13 ដូចមានចែងទុកមកថា«យើងស្រឡាញ់យ៉ាកុបជាងអេសាវ»។

14 ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះ‌ជា‌ម្ចាស់អយុត្ដិ‌ធម៌ឬ? ទេ មិនមែនទេ!

15 ដ្បិតព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់លោកម៉ូសេថា:«យើងនឹងមានចិត្តមេត្តា‌ករុណាដល់នរណា ដែលយើងមេត្តា‌ករុណា ហើយយើងក៏នឹងអាណិតអាសូរនរណា ដែលយើងអាណិតអាសូរដែរ»។

16 ដូច្នេះ មិនមែនស្រេចតាមតែបំណងចិត្ត ឬការខំប្រឹង‌ប្រែងរបស់មនុស្សឡើយ គឺស្រេចតាមតែព្រះ‌ជា‌ម្ចាស់ ដែលមានព្រះ‌ហឫទ័យមេត្តា‌ករុណានោះវិញ

17 ដ្បិតក្នុងគម្ពីរ ព្រះ‌ជា‌ម្ចាស់មានព្រះ‌បន្ទូលទៅកាន់ស្ដេចផារ៉ោនថា«យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធា‌នុភាពរបស់យើងតាមរយៈអ្នកនិងឲ្យកិត្តិនាមរបស់យើងបានឮខ្ចរ‌ខ្ចាយពាស‌ពេញលើផែន‌ដីទាំងមូល»។

18 ដូច្នេះ ព្រះ‌អង្គមេត្តា‌ករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះ‌ហឫទ័យរបស់ព្រះ‌អង្គ ព្រះ‌អង្គធ្វើឲ្យចិត្តនរណាទៅជារឹង‌រូសក៏បាន ស្រេចតែព្រះ‌ហឫទ័យរបស់ព្រះ‌អង្គដែរ។

ព្រះ‌ពិរោធ និងព្រះ‌ហឫទ័យអាណិតអាសូរ

19 ប្រហែលជាអ្នកសួរខ្ញុំថា «បើដូច្នេះ ម្ដេចក៏ព្រះ‌ជា‌ម្ចាស់នៅតែបន្ទោសមនុស្សទៀត? តើមាននរណាអាចប្រឆាំងនឹងព្រះ‌ហឫទ័យរបស់ព្រះ‌អង្គ?»។

20 ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះ‌ជា‌ម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ? ។

21 ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃ‌ថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។

22 រីឯព្រះ‌ជា‌ម្ចាស់វិញ ព្រះ‌អង្គសព្វព្រះ‌ហឫទ័យបង្ហាញព្រះ‌ពិរោធ និងសម្តែងឫទ្ធា‌នុភាពរបស់ព្រះ‌អង្គ។ ដូច្នេះ ព្រះ‌អង្គមានព្រះ‌ហឫទ័យអត់‌ធ្មត់យ៉ាងខ្លាំង ព្រះ‌អង្គស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះ‌ពិរោធ ហើយត្រូវវិនាសអន្តរាយ។

23 ព្រះ‌អង្គក៏ចង់បង្ហាញសិរី‌រុងរឿងដ៏ប្រសើរលើស‌លប់របស់ព្រះ‌អង្គ ចំពោះអស់អ្នកដែលព្រះ‌អង្គមេត្តា‌ករុណាដែរ ជាអ្នកដែលព្រះ‌អង្គបានតម្រូវទុកជាមុនឲ្យទទួលសិរី‌រុងរឿង

24 ពោលគឺយើងទាំងអស់គ្នាដែលព្រះ‌អង្គបានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមសាសន៍យូដាប៉ុណ្ណោះទេ គឺពីក្នុងចំណោមជាតិសាសន៍ដទៃថែមទៀតផង

25 ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី*ហូសេថា:

«អ្នកដែលមិនមែនជាប្រជា‌រាស្ត្ររបស់យើង

យើងនឹងហៅគេថាជាប្រជា‌រាស្ត្ររបស់យើង

រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់

យើងនឹងហៅគេថាជាជាតិសាសន៍

ដ៏ជាទីស្រឡាញ់របស់យើង

26 ហើយត្រង់ណាដែលមានពោលទៅ

អ្នកទាំងនោះថា “អ្នករាល់គ្នាមិនមែនជា

ប្រជា‌រាស្ដ្ររបស់យើងទេ!”

ត្រង់នោះគេនឹងមានឈ្មោះថាជាបុត្រ

របស់ព្រះ‌ជា‌ម្ចាស់ដ៏មានព្រះ‌ជន្មរស់»។

27 រីឯព្យាការីអេសាយវិញ លោកបានប្រកាសអំពីសាសន៍អ៊ីស្រា‌អែលថា:

ទោះបីសាសន៍អ៊ីស្រា‌អែលបានកើនចំនួនច្រើន

ដូចខ្សាច់នៅឆ្នេរសមុទ្រហើយក៏ដោយ

មានតែមួយចំនួនតូច សល់ពីស្លាប់ប៉ុណ្ណោះ

ដែលនឹងទទួលការសង្គ្រោះ

28 ដ្បិតព្រះ‌អម្ចាស់នឹងសម្រេចតាមព្រះ‌បន្ទូល

របស់ព្រះ‌អង្គគ្រប់ប្រការទាំងអស់

យ៉ាងឆាប់ៗនៅផែន‌ដីនេះ។

29 មួយវិញទៀត ព្យាការីអេសាយក៏បានថ្លែងទុកជាមុនមកថា:

ប្រសិនបើព្រះ‌អម្ចាស់នៃពិភពទាំងមូល

មិនបានទុកកូនចៅយើងមួយចំនួន

ឲ្យនៅសល់ទេ

នោះយើងនឹងវិនាសទៅដូចជាអ្នកក្រុងសូដុម

ហើយយើងក៏ប្រៀបបីដូចជាអ្នកក្រុង

កូម៉ូរ៉ាដែរ។

អ៊ីស្រា‌អែល និងដំណឹង‌ល្អ

30 ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះ‌ស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។

31 រីឯសាសន៍អ៊ីស្រា‌អែល គេខំប្រឹងធ្វើតាមក្រឹត្យ‌វិន័យ*ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមវិន័យនោះឡើយ។

32 ហេតុអ្វីបានជាដូច្នេះ? គឺមកពីពួកគេពឹងលើការប្រព្រឹត្តតាមវិន័យ មិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំឲ្យគេជំពប់»

33 ដូចមានចែងទុកមកថា:

យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន

ជាថ្មដែលនាំឲ្យគេជំពប់ដួល

ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ

អ្នកណាជឿលើថ្មនេះ

អ្នកនោះមុខជាមិនខកចិត្តឡើយ។

—https://d1b84921e69nmq.cloudfront.net/364/32k/ROM/9-5ccc1940b88719a6ad984628a89250e9.mp3?version_id=85—