យ៉ូហាន 18

គេចាប់ព្រះ‌យេស៊ូ

1 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលដូច្នោះរួចហើយ ព្រះ‌អង្គយាងទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសិស្ស*។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះ‌អង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។

2 រីឯយូដាសជាអ្នកក្បត់ព្រះ‌អង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះ‌យេស៊ូ និងពួកសិស្សធ្លាប់ជួប‌ជុំគ្នាជាញឹក‌ញាប់។

3 ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះ‌វិហារចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជា‌ចារ្យ* និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។

4 ព្រះ‌យេស៊ូឈ្វេងយល់ហេតុ‌ការណ៍ទាំងប៉ុន្មាន ដែលត្រូវកើតដល់ព្រះ‌អង្គ ព្រះ‌អង្គក៏យាងទៅមុខ មានព្រះ‌បន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។

5 គេទូលព្រះ‌អង្គថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណា‌សារ៉ែត»។ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះ‌អង្គក៏នៅជាមួយពួកគេដែរ។

6 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ” ដូច្នេះ គេថយក្រោយ ហើយដួលដាច់‌ផ្ងារទាំងអស់គ្នា។

7 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេទូលថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណា‌សារ៉ែត»។

8 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ»។

9 ព្រះ‌អង្គមានព្រះ‌បន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះ‌អង្គបានថ្លែងទុកមកថា «“អស់អ្នកដែលព្រះ‌អង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ” »។

10 លោកស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់លោកមហាបូជា‌ចារ្យ ដាច់ស្លឹកត្រចៀកស្ដាំ អ្នកបម្រើនោះឈ្មោះម៉ាល‌កុស។

11 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះ‌បិតាប្រទានមកខ្ញុំទេឬ?»។

ព្រះ‌យេស៊ូនៅមុខលោកមហាបូជា‌ចារ្យលោកពេត្រុសបដិសេធមិនទទួលស្គាល់ព្រះ‌យេស៊ូ

12 ពួកទាហាន និងមេបញ្ជា‌ការរបស់គេ ព្រមទាំងកងរក្សាព្រះ‌វិហារ*របស់ជន‌ជាតិយូដា នាំគ្នាចាប់ព្រះ‌យេស៊ូ ហើយចងព្រះ‌អង្គ។

13 គេនាំព្រះ‌អង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជា‌ចារ្យនៅឆ្នាំនោះ

14 គឺលោកកៃផាសនេះហើយ ដែលបានឲ្យយោបល់ទៅជន‌ជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជា‌រាស្ត្រ”។

15 លោកស៊ីម៉ូនពេត្រុសដើរតាមព្រះ‌យេស៊ូជាមួយសិស្ស*ម្នាក់ទៀត លោកមហាបូជា‌ចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះ‌យេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជា‌ចារ្យ*។

16 រីឯលោកពេត្រុសវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សិស្សដែលលោកមហាបូជា‌ចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ត្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកពេត្រុសចូលទៅខាងក្នុងដែរ។

17 ស្ត្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។

18 ពួកអ្នកបម្រើរបស់លោកមហាបូជា‌ចារ្យ និងកងរក្សាព្រះ‌វិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។

មហាបូជា‌ចារ្យសួរចម្លើយព្រះ‌យេស៊ូ

19 លោកមហាបូជា‌ចារ្យ*សួរព្រះ‌យេស៊ូអំពីពួកសិស្ស*របស់ព្រះ‌អង្គ និងអំពីសេចក្ដីដែលព្រះ‌អង្គបង្រៀន។

20 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ* និងនៅក្នុងព្រះ‌វិហារ* ជាកន្លែងដែលជន‌ជាតិយូដាទាំងអស់ជួប‌ជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។

21 ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។

22 ពេលឮព្រះ‌យេស៊ូមានព្រះ‌បន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះ‌វិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះ‌អង្គ ទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជា‌ចារ្យ!»។

23 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ?»។

24 ពេលនោះ លោកអាណបញ្ជូនព្រះ‌អង្គ ទាំងជាប់ចំណងទៅលោកកៃផាស ជាមហាបូជា‌ចារ្យ។

លោកពេត្រុសបដិសេធសាជាថ្មីថាមិនស្គាល់ព្រះ‌យេស៊ូ

25 លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។

26 មានអ្នកបម្រើរបស់មហាបូជា‌ចារ្យ*ម្នាក់ ត្រូវជាបង‌ប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។

27 លោកពេត្រុសប្រកែកសាជាថ្មីម្ដងទៀត។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង។

ព្រះ‌យេស៊ូនៅមុខលោកពីឡាត

28 បន្ទាប់មក គេបណ្ដើរព្រះ‌យេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសា‌ភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជន‌ជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់‌លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន ។

29 ដូច្នេះ លោកពីឡាតចេញមកជួបពួកគេ សួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»។

30 គេជម្រាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្តអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។

31 លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជន‌ជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។

32 គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះ‌យេស៊ូមានព្រះ‌បន្ទូលអំពីរបៀបព្រះ‌អង្គត្រូវសោយទិវង្គត។

33 លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះ‌យេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជន‌ជាតិយូដាមែនឬ?»។

34 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជម្រាបលោក?»។

35 លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជន‌ជាតិយូដាទេ! គឺជន‌ជាតិរបស់អ្នក និងពួកនាយកបូជា‌ចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។

36 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះទេ»។

37 លោកពីឡាតទូលសួរព្រះ‌អង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។

38 លោកពីឡាតទូលព្រះ‌អង្គថា៖ «អ្វីទៅសេចក្ដីពិតនោះ?»។

គេកាត់ទោសប្រហារជីវិតព្រះ‌យេស៊ូ

លោកពីឡាតមានប្រសាសន៍ដូច្នោះហើយ ក៏ចេញទៅជួបជន‌ជាតិយូដាជាថ្មីម្ដងទៀត ប្រាប់ថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះឡើយ។

39 តាមទំនៀម‌ទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង*។ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬទេ?»។

40 ពេលនោះ គេនាំគ្នាស្រែកឡើងសាជាថ្មីថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ា‌បាសវិញ»។ រីឯឈ្មោះបារ៉ា‌បាសនេះជាចោរព្រៃ។

—https://d1b84921e69nmq.cloudfront.net/364/32k/JHN/18-2bb447d6c1ca343c6699a847e68d71a9.mp3?version_id=85—