យ៉ូស្វេ 8

ជន‌ជាតិអ៊ីស្រា‌អែលវាយដណ្ដើមយកទីក្រុងអៃ

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរអ្នកនាំទ័ពទាំងអស់ឡើងទៅជាមួយ ហើយវាយយកក្រុងអៃចុះ។ មើល៍! យើងប្រគល់ស្ដេចក្រុងអៃ ប្រជា‌ជននៅក្នុងក្រុង និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។

2 ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្ដេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយ‌ភ័ណ្ឌបាន។ ចូររៀប‌ចំទ័ពវាយឆ្មក់ទីក្រុងពីខាងក្រោយ»។

3 លោកយ៉ូស្វេនាំកង‌ទ័ពទាំងមូលឆ្ពោះទៅក្រុងអៃជាប្រញាប់។ លោកជ្រើសរើសពលទាហានដ៏អង់‌អាចបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។

4 លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា!

5 រីឯខ្ញុំ និងអស់អ្នកដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាពួកគេចេញមកវាយយើងដូចពីលើកមុន យើងនឹងរត់នៅមុខពួកគេ។

6 ពួកគេមុខជាចេញមកដេញតាមយើងពីក្រោយ យើងទាក់‌ទាញពួកគេឲ្យចេញឆ្ងាយពីក្រុង។ ពួកគេនឹងគិតថា “ពួកវាបាក់ទ័ពរត់នៅមុខយើង ដូចពីលើកមុនដែរ”។ នៅពេលដែលយើងរត់នៅមុខពួកគេ

7 អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្ដើមយកទីក្រុងទៅ ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។

8 កាលអ្នករាល់គ្នាយកទីក្រុងបាន ត្រូវដុតចោល ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ប្រាប់ឲ្យអ្នករាល់គ្នាធ្វើ។ ដូច្នេះ ត្រូវធ្វើតាមបញ្ជាដែលខ្ញុំប្រាប់អ្នករាល់គ្នា!»។

9 លោកយ៉ូស្វេចាត់ពួកគេឲ្យចេញទៅ ពួកគេក៏ទៅបង្កប់ខ្លួននៅខាងលិចទីក្រុងអៃ គឺនៅចន្លោះក្រុងបេត‌អែល និងក្រុងអៃ។ យប់នោះ លោកយ៉ូស្វេសម្រាន្ដជាមួយប្រជា‌ជន។

10 លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយត្រួតពល។ បន្ទាប់មក លោកដើរជាមួយពួកព្រឹទ្ធា‌ចារ្យនៃជន‌ជាតិអ៊ីស្រា‌អែល នាំមុខប្រជា‌ជនឆ្ពោះទៅក្រុងអៃ។

11 ទ័ពទាំងប៉ុន្មានដែលនៅជាមួយលោកនាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។

12 លោកយ៉ូស្វេយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេត‌អែល និងក្រុងអៃ។

13 កាលប្រជា‌ជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុងរួចហើយ យប់នោះ លោកយ៉ូស្វេក៏ទៅស្នាក់នៅកណ្ដាលជ្រលងភ្នំ។

14 ព្រលឹមឡើង កាលស្ដេចក្រុងអៃឃើញកង‌ទ័ពរបស់លោកយ៉ូស្វេ ស្ដេចក៏ប្រញាប់‌ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជន‌ជាតិអ៊ីស្រា‌អែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។

15 លោកយ៉ូស្វេ និងកង‌ទ័ពអ៊ីស្រា‌អែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោ‌ស្ថាន។

16 ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូលដេញតាមទ័ពអ៊ីស្រា‌អែល។ ពួកគេនាំគ្នាដេញតាមលោកយ៉ូស្វេ ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។

17 នៅក្នុងក្រុងអៃ និងក្រុងបេត‌អែល គ្មានសេស‌សល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រា‌អែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។

18 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។

19 ពេលលោកលើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្ដើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។

20 កង‌ទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កង‌ទ័ពអ៊ីស្រា‌អែលដែលរត់ឆ្ពោះទៅវាលរហោ‌ស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។

21 លោកយ៉ូស្វេ និងកង‌ទ័ពអ៊ីស្រា‌អែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកង‌ទ័ពក្រុងអៃ។

22 ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រា‌អែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។

23 រីឯស្ដេចក្រុងអៃវិញ គេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។

24 ជន‌ជាតិអ៊ីស្រា‌អែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោ‌ស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជន‌ជាតិអ៊ីស្រា‌អែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។

25 អ្នកក្រុងអៃទាំងប្រុសទាំងស្រីដែលស្លាប់នៅថ្ងៃនោះ មានចំនួនទាំងអស់មួយម៉ឺនពីរពាន់នាក់។

26 លោកយ៉ូស្វេឥតទម្លាក់ដៃទាល់តែសោះ គឺលោកលើកលំពែងឡើង រហូតទាល់តែជន‌ជាតិអ៊ីស្រា‌អែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។

27 ជន‌ជាតិអ៊ីស្រា‌អែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយ‌ភ័ណ្ឌ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បង្គាប់មកលោកយ៉ូស្វេ។

28 លោកយ៉ូស្វេដុតបំផ្លាញក្រុងអៃឲ្យក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។

29 រីឯស្ដេចក្រុងអៃវិញ លោកយ៉ូស្វេបានយកទៅព្យួរ-កនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាក‌សពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិត‌ស្ថេររហូតមកដល់សព្វថ្ងៃ។

លោកយ៉ូស្វេសង់អាសនៈនៅលើភ្នំអេបាល

30 លោកយ៉ូស្វេសង់អាសនៈថ្វាយព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល នៅលើភ្នំអេបាល

31 ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានបង្គាប់ជន‌ជាតិអ៊ីស្រា‌អែល គឺដូចមានចែងក្នុងគម្ពីរវិន័យរបស់លោកម៉ូសេថា «អាសនៈត្រូវធ្វើពីថ្ម ដែលមិនទាន់មាននរណាយកដែកមកដាប់ពីលើ» ។ ជន‌ជាតិអ៊ីស្រា‌អែលយកសត្វមកធ្វើជាតង្វាយដុតទាំងមូល ថ្វាយព្រះ‌អម្ចាស់ព្រមទាំងថ្វាយយញ្ញ‌បូជាមេត្រី‌ភាពផង។

32 លោកយ៉ូស្វេចម្លងក្រឹត្យ‌វិន័យដែលលោកម៉ូសេបានចែងទុក ដោយចារលើថ្ម នៅមុខប្រជា‌ជនអ៊ីស្រា‌អែល។

33 ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូល ក្រុមព្រឹទ្ធា‌ចារ្យ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធ‌មេត្រី គឺនៅទល់មុខនឹងក្រុមបូជា‌ចារ្យលេវី ជាអ្នកសែងហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់។ ប្រជា‌ជនចំនួនពាក់កណ្ដាលឈរខាងភ្នំកេរី‌ស៊ីម ពាក់កណ្ដាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជន‌ជាតិអ៊ីស្រា‌អែល។

34 បន្ទាប់មក លោកយ៉ូស្វេអានព្រះ‌បន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យ‌វិន័យ គឺមានទាំងព្រះ‌ពរ ទាំងបណ្ដាសា ដែលមានចែងទុកក្នុងគម្ពីរវិន័យទាំងមូល។

35 លោកយ៉ូស្វេអានគ្រប់សេចក្ដីទាំងអស់ដែលលោកម៉ូសេបានចែងទុក ឥតខ្វះត្រង់ណាឡើយ លោកអាននៅមុខអង្គប្រជុំនៃជន‌ជាតិអ៊ីស្រា‌អែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។