យ៉ូស្វេ 5

1 កាលស្ដេចទាំងប៉ុន្មាននៃជន‌ជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្ដេចទាំងប៉ុន្មាននៃជន‌ជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថាព្រះ‌អម្ចាស់ធ្វើឲ្យទន្លេយ័រដាន់រីងស្ងួត នៅចំពោះមុខជន‌ជាតិអ៊ីស្រា‌អែលរហូតដល់គេឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹង នៅចំពោះមុខជន‌ជាតិអ៊ីស្រា‌អែល។

ជន‌ជាតិអ៊ីស្រា‌អែលទទួលពិធីកាត់ស្បែកនៅគីល‌កាល់

2 នៅគ្រានោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីកាត់ស្បែក*ឲ្យជន‌ជាតិអ៊ីស្រា‌អែលសាជាថ្មីម្ដងទៀត»។

3 លោកយ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីកាត់ស្បែកឲ្យជន‌ជាតិអ៊ីស្រា‌អែលនៅលើភ្នំហារ៉ា‌ឡុត ។

4 រីឯមូលហេតុដែលនាំឲ្យលោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យពួកគេនោះ មានដូចតទៅ: ប្រជា‌ជនទាំងមូលដែលបានចាកចេញពីស្រុកអេស៊ីប គឺប្រុសៗទាំងប៉ុន្មានដែលជាអ្នកចំបាំងបានស្លាប់តាមវាលរហោ‌ស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីប។

5 អ្នកទាំងនោះសុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្តែ ប្រជា‌ជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោ‌ស្ថានពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។

6 ជន‌ជាតិអ៊ីស្រា‌អែលធ្វើដំណើរនៅក្នុងវាលរហោ‌ស្ថានអស់រយៈពេលសែ‌សិបឆ្នាំ រហូតទាល់តែអ្នកចំបាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្ដាប់បង្គាប់ព្រះ‌អម្ចាស់ទេព្រះ‌អម្ចាស់ក៏មានព្រះ‌បន្ទូលទៅពួកគេយ៉ាងដាច់‌អហង្ការថា មិនឲ្យពួកគេឃើញស្រុកដែលព្រះ‌អង្គសន្យាជាមួយបុព្វបុរស ថានឹងប្រទានមកឲ្យយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ ។

7 ព្រះ‌អម្ចាស់បាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ លោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវ ពួកគេពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ។

8 កាលបានធ្វើពិធីកាត់ស្បែកឲ្យប្រជា‌ជាតិទាំងមូលហើយ ពួកគេក៏នៅក្នុងជំរំរហូតដល់ជាសះ‌ស្បើយទាំងអស់គ្នា។

9 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ថ្ងៃនេះ យើងដក សេចក្ដីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្ដីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីល‌កាល់” រហូតដល់សព្វថ្ងៃ។

បុណ្យចម្លងដំបូងបង្អស់នៅស្រុកកាណាន

10 ជន‌ជាតិអ៊ីស្រា‌អែលបោះជំរំនៅគីល‌កាល់ ហើយនាំគ្នាធ្វើពិធីបុណ្យចម្លង* នៅល្ងាចថ្ងៃទីដប់‌បួននៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។

11 ស្អែកឡើង គឺមួយថ្ងៃក្រោយបុណ្យចម្លង ពួកគេបរិភោគនំបុ័ងឥតមេ និងគ្រាប់ស្រូវលីង ដែលជាភោគ‌ផលរបស់ស្រុកនោះ។

12 ចាប់តាំងពីថ្ងៃពួកគេបរិភោគភោគ‌ផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាបរិភោគភោគ‌ផលនៃស្រុកកាណាន។

មេ‌ទ័ពរបស់ព្រះ‌អម្ចាស់

13 ពេលដែលលោកយ៉ូស្វេនៅជិតក្រុងយេរីខូ លោកងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខលោក ទាំងហូតដាវកាន់នៅដៃផង។ លោកយ៉ូស្វេដើរទៅជិតសួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។

14 បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេ‌ទ័ពរបស់ព្រះ‌អម្ចាស់ខ្ញុំទើបនឹងមកដល់»។ ពេលនោះ លោកយ៉ូស្វេក្រាបថ្វាយ‌បង្គំអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ?»។

15 មេ‌ទ័ពរបស់ព្រះ‌អម្ចាស់មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងលោកឈរជាកន្លែងដ៏‌វិសុទ្ធ»។ លោកយ៉ូស្វេក៏ធ្វើតាម។